• ច័ន្ទ ២៩ មេសា ២០២៤ ១០:៣០ ព្រឹក

ឆ្នាំ 2023 នេះបុណ្យទន្លេត្រូវបានសម្រេចធ្វើឡើងវិញនៅដើមខែមីនា

កំពង់ធំ÷រាជរដ្ឋាភិបាលបានសម្រេចរៀបចំពិធីបុណ្យទន្លេឡើងវិញបន្ទាប់ពីផ្អាកអស់រយៈពេល 2 ឆ្នាំដោយសារវិបត្តិជំងឺកូវីដ-19 ដោយបានជ្រើសរើសយកទីតាំងជាប់ដងស្ទឹងសែនក្នុងទីរួមខេត្តកំពង់ធំដែលនឹងត្រូវប្រព្រឹត្តទៅនាដើមខែមីនាឆ្នាំ 2023 ខាងមុខក្រោមអធិបតីភាពសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។

គួរជម្រាបថាពិធីបុណ្យទន្លេត្រូវបានរៀបចំចំនួន 6 លើកមកហើយក្នុងនោះនៅឆ្នាំ 2015 ធ្វើនៅខេត្តក្រចេះ,ឆ្នាំ 2016 ធ្វើនៅខេត្តស្ទឹងត្រែង,ឆ្នាំ 2017 ធ្វើនៅខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំ,ឆ្នាំ 2018 ធ្វើនៅខេត្តកណ្ដាល,ឆ្នាំ 2019 ធ្វើនៅខេត្តកំពង់ឆ្នាំង និងឆ្នាំ 2020 ធ្វើនៅខេត្តបាត់ដំបង។ ប៉ុន្តែដោយសារការរីករាលដាលជំងឺកូវីដ-19 រាជរដ្ឋាភិបាល ក៏បានផ្អាកការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ នេះអស់រយ:ពេល2ឆ្នាំគឺនៅឆ្នាំ2021និងឆ្នាំ 2022។

ក្រសួងទេសចរណ៍និងរដ្ឋបាលខេត្តកំពង់ធំថ្មីៗនេះបានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី 7 នេះក្រោមអធិបតីភាពលោកថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍និងលោកងួនរតនៈអភិបាលខេត្តកំពង់ធំព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជការមកពីក្រសួងស្ថាប័នពាក់ព័ន្ធនៅសាលាខេត្តកំពង់ធំ។

លោករដ្ឋមន្ត្រី ថោង ខុនបានឲ្យដឹងថាជាមួយនឹងការគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-19 បានល្អប្រសើរឡើងវិញរាជរដ្ឋាភិបាលបានសម្រេចរៀបចំពិធីបុណ្យទន្លេជាលើកទី 7 នៅខេត្តកំពង់ធំចាប់ពីថ្ងៃទី 8-10ខែមីនាឆ្នាំ 2023 ខាងមុខហើយក៏អាចបន្តដល់ថ្ងៃទី 11 និងទី12ថែមទៀតព្រោះចំថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។លោករដ្ឋមន្ត្រីបានបន្តថាការរៀបចំបុណ្យទន្លេនៅខេត្តកំពង់ធំនេះដែរគឺដោយសារមានស្ទឹងសែនហូរឆ្លងកាត់ចុះទៅបឹងទន្លេសាបពិសេសខេត្តកំពង់ធំនេះគឺស្ថិតនៅពាក់កណ្តាលផ្លូវធ្វើដំណើរពីរាជធានីភ្នំពេញនិងខេត្តកំពង់ចាមឆ្លងកាត់ទៅខេត្តសៀមរាបនិងខេត្តព្រះវិហារដែលជាគោលដៅទេសចរណ៍សំខាន់ៗ។

លោក ថោង ខុនបានផ្ដល់អនុសាសន៍ណែនាំឲ្យថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងទេសចរណ៍រដ្ឋបាលខេត្តកំពង់ធំនិងមកអន្តរក្រសួងស្ថាប័នពាក់ព័ន្ធត្រូវសហការគ្នារៀបចំឲ្យមានគណៈកម្មការនិងអនុគណៈកម្មការតាមផ្នែកដូចជាកម្មវិធីសិល្បៈ,កីឡា,ការរៀបចំតុបតែងកែលម្អសោភ័ណភាពខ្លឹមសារនៃការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍បុណ្យ,ការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យទេសចរណ៍,ផ្សព្វផ្សាយដល់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ក្នុងខេត្តដើម្បីទាក់ទាញការចូលរួមឲ្យបានផុសផុល។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៀតថាត្រូវរៀបចំឲ្យមានការតាំងពិព័រណ៍ផលិតផលក្នុងស្រុកទាំងឡាយដែលបានពីការផលិតរបស់ប្រជាពលរដ្ឋក្នុងស្រុក។ចំពោះពិព័រណ៍ផលិតផលក្នុងស្រុកនេះដែរលោកចង់ជំរុញឲ្យមានផលិតផលសិប្បកម្ម,កសិកម្មយកមកតាំងលក់ក្នុងព្រឹត្តិការណ៍នេះឲ្យបានច្រើនបំផុតដើម្បីជំរុញការនាំចេញនៅនឹងកន្លែង។លោកបានបន្ថែមថាក្រៅពីនេះក៏ត្រូវបង្ហាញអំពីសក្តានុពលវប្បធម៌តំបន់ប្រវត្តិសាស្ត្រដើម្បីបង្ហាញដល់ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរបានយល់ថាកម្ពុជាមានប្រវត្តិសាស្ត្រមានវប្បធម៌យូរលង់មកហើយ"កម្ពុជាជាព្រះរាជាណាចក្រវប្បធម៌ ព្រះរាជាណាចក្រទឹក"។

លោក ជុក ជំនោរ ប្រធាននាយកដ្ឋានជំរុញផលិតផលទេសចរណ៍នៃក្រសួងទេសចរណ៍បានបញ្ជាក់ក្នុងបទបង្ហាញថាបុណ្យទន្លេនៅខេត្តកំពង់ធំនេះគឺមានលក្ខណៈពិសេសប្លែកពីបុណ្យទន្លេមុនៗត្រង់ថាពិធីបុណ្យនេះចាប់ផ្ដើមពីថ្ងៃពុធទី 8 ខែមីនាហើយនឹងត្រូវបើកជាផ្លូវការក្រោមអធិបតីភាពសម្ដេចតេជោនាយករដ្ឋមន្ត្រីនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនាថ្ងៃព្រហស្បតិ៍ទី 9 បន្តដល់ថ្ងៃសុក្រទី 10 ដែលជាថ្ងៃទី 3 ។ប៉ុន្តែកម្មវិធីកម្សាន្តអាចនៅបន្តរហូតដល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យទៀត(ថ្ងៃទី 11- 12)ដែលធ្វើឲ្យការលេងកម្សាន្តមានរយ:ពេលយូរជាងបុណ្យមុនៗ។

លោកបានបន្តទៀតថាខេត្តកំពង់ធំក៏មានគោលដៅទេសចរណ៍ជាច្រើនពិសេសតំបន់បេតិកភណ្ឌប្រាសាទសំបូរព្រៃគុកឬអាចភ្ជាប់គោលដៅទេសចរណ៍ទៅដល់ខេត្តព្រះវិហារនិងប្រាសាទព្រះវិហារទៀតដែរនិងគោលដៅផ្សេងទៀតដូចជាតំបន់អេកូទេសចរណ៍,កសិទេសចរណ៍,រមណីយដ្ឋានទេសចរណ៍ជាតិដើមដែលសុទ្ធតែជាសក្តានុពលសម្រាប់បម្រើដល់វិស័យទេសចរណ៍។

ទន្ទឹមនឹងនោះអភិបាលខេត្តលោកងួនរតនៈក៏បានប្តេជ្ញាសហការរៀបចំពិធីបុណ្យទន្លេនេះឲ្យបានល្អដោយហេតុថាលោកក៏ធ្លាប់មានបទពិសោធន៍សហការរៀបចំពិធីបុណ្យទន្លេនៅខេត្តបាត់ដំបងរួចហើយកាលពីឆ្នាំ 2020កាលលោកនៅជាអភិបាលខេត្តបាត់ដំបងមុនផ្លាស់មកខេត្តកំពង់ធំនេះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ