• ច័ន្ទ ២៩ មេសា ២០២៤ ០៥:១៨ ព្រឹក

រាជរដ្ឋាភិបាលបញ្ចេញថវិកាបន្ថែម១០០លានដុល្លារ ដើម្បីផ្តល់ហិរញ្ញប្បទាន លើកស្ទួយវិស័យ កសិកម្ម និងសហគ្រាសធុនតូច និងមធ្យម

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ បានប្រកាសបញ្ចេញថវិកាជាតិចំនួន ១០០លានដុល្លារបន្ថែមទៀត ទៅឲ្យធនាគាររដ្ឋចំនួន២ ដើម្បីជួយលើកស្ទួយវិស័យកសិកម្ម និងវិស័យសហគ្រាស ធុនតូច និងមធ្យម។ ថវិកា១០០លានដុល្លារនេះ ត្រូវផ្តល់ជូនដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចំនួន៥០លានដុល្លារ សម្រាប់ផ្តល់កម្ចីដល់វិស័យកសិកម្ម និងធនាគារសហគ្រាសធុនតូច និងធម្យ (SME Bank) សម្រាប់ផ្តល់កម្ចីសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ជាមួយនឹងអត្រាការប្រាក់ទាប។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវកញ្ចប់ថវិកាចំនួន ១០០ លានដុល្លារអាមេរិក សម្រាប់គាំទ្រការស្តារកំណើនសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា «ថវិកា១០០លានដុល្លារ នឹងត្រូវប្រើប្រាស់ ដើម្បីជួយលើកស្ទួយវិស័យកសិកម្ម និងវិស័យសហគ្រាស ធុនតូច និង មធ្យម ដែលជាវិស័យពីរដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចជាតិ ទាំងក្នុងការបង្កើតការងារ កែលម្អជីវភាពរស់នៅរបស់ប្រជាជន និងកំណើនសេដ្ឋកិច្ចជាតិ»។

ឯកឧត្តមបន្ដថា រដ្ឋាភិបាលកម្ពុជា ចាត់ទុកការលើកកម្ពស់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ពិសេសសហគ្រាស ដែលស្ថិតក្នុងវិស័យសំខាន់ៗមួយចំនួនដូចជា កសិកម្ម កសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ កម្មន្តសាល គ្រឿងបង្គុំ និងទេសចរណ៍ជាដើម ជាអាទិភាពគោលនយោបាយមួយដ៏សំខាន់។ សហគ្រាសធុនតូច និងមធ្យម មិនត្រឹមតែចូលរួម ដល់ការគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជា និងការបង្កើតការងារប៉ុណ្ណោះទេ ប៉ុន្តែក៏ដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនភាពធន់របស់សេដ្ឋកិច្ចជាតិទៅនឹងវិបត្តិផងដែរ។ ជាក់ស្តែង សហគ្រាសធុនតូច និង មធ្យមមានប្រមាណ៩៨% នៃអាជីវកម្មទាំងអស់នៅកម្ពុជា និងបានចូលរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបប្រមាណ ៥៨% ព្រមទាំងផ្តល់ការងារប្រមាណ ៧៣% នៃចំនួនកម្លាំងពលកម្មសរុបនៅកម្ពុជា។

ឯកឧត្តម បានបញ្ជាក់ទៀតថា ដើម្បីលើកស្ទួយសហគ្រាសធុនតូច និងមធ្យមជាពិសេស សហគ្រាសក្នុងវិស័យអាទិភាព រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការជាច្រើនដូចជា៖
១.ការដាក់ជាបន្ទុករបស់រដ្ឋនូវពន្ធនាំចូលឧបករណ៍, គ្រឿងម៉ាស៊ីន និង គ្រឿងចក្រ ជាដើម
២.ការបង្កើតឲ្យមានមូលនិធិអភិវឌ្ឍន៍ជំនាញ, មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព និង សហគ្រិនខ្មែរ
៣.ការបង្កើតធនាគារសហគ្រាសធុនតូច និង មធ្យមកម្ពុជា (SME Bank)
៤.ការអនុវត្តកម្មវិធីសហហិរញ្ញប្បទាន តាមរយៈធនាគារសហគ្រាសធុនតូច និង មធ្យមកម្ពុជា (SME Bank) និងកម្មវិធីហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ឥណទានក្នុងអត្រាការប្រាក់សម្បទាន សម្រាប់ វិស័យកសិកម្ម និង កសិ-ឧស្សាហកម្ម តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម (ARDB)
៥.ការបង្កើតសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ក្នុងការផ្តល់ការធានាឥណទាន ទៅសហគ្រាសដែលជួបនូវកង្វះខាតទ្រព្យបញ្ចាំ៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ