• ព្រហស្បតិ៍ ០៦ សីហា ២០២៦ ០៣:៤៧ ព្រឹក

⚠️ ប្រុងប្រយ័ត្ន! ព្យុះទី១៤ "គូជីរ៉ា" និងព្យុះទី១៣ "ដុលហ្វីន" អាចបង្កឱ្យមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់នៅតំបន់មួយចំនួន ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខែសីហា

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ដល់សាធារណជនឱ្យបានជ្រាបថា សម្ពាធទាបដែលកើតមាននៅលើសមុទ្រចិនខាងត្បូង បានវិវត្តទៅជាព្យុះទី១៤ ឈ្មោះ គូជីរ៉ា (Kujira) T2614 រួមជាមួយនិងព្យុះសង្ឃរាទី១៣ ឈ្មោះ ដុលហ្វីន (Dolphin) T2613​ គឺកំពុងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអង់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជា ពុំស្ថិតនៅក្នុងផ្លូវដើរនៃព្យុះទាំងពីរនេះទេ។

ស្ថានភាពធាតុបែបនេះនឹងធ្វើឳ្យធាតុអាកាសនៅកម្ពុជាចាប់ពី ថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ៖

១. តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ៥០%។

២. តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវ៉ាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ៦០%។

៣. តំបន់មាត់សមុទ្រ៖ រួមមាន ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ៧០%។ រលកសមុទ្រ បោកបក់ខ្លាំង ដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ ម៉ែត្រ។

យោងលើការព្យាករស្ថានភាពធាតុអាកាសខាងលើ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់សាធារណជន មេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ពិសេសបងប្អូនដែលធ្វើដំណើរតាមផ្លូវគោកនិងផ្លូវទឹក។ ក្រសួងនឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀតក្នុងករណីមានការប្រែប្រួល៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ