• ព្រហស្បតិ៍ ០៦ សីហា ២០២៦ ០៣:៥២ ព្រឹក

ក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាស្តីពី “បច្ចុប្បន្នភាពទីផ្សារការងារកម្ពុជា ឆ្នាំ២០២៦” នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ Fairfield by Marriott ភ្នំពេញ ដើម្បីផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវសំខាន់ៗចំនួន ៣ របស់ក្រសួង ផ្តល់ព័ត៌មានបច្ចុប្បន្ន និងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦ ព្រមទាំងបង្កើតវេទិកាពិភាក្សាពីវឌ្ឍនភាព បញ្ហាប្រឈម និងប្រមូលធាតុចូលក្នុងការរៀបចំ និងតម្រង់ទិសគោលនយោបាយជាតិ។

ថ្លែងទៅកាន់អ្នកចូលរួមប្រមាណ ១៥០រូប ជាតំណាងក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ សមាគមនិយោជក និងវិស័យឯកជន គ្រឹះស្ថាន TVET គ្រឹះស្ថានឧត្តមសិក្សា ស្ថាប័នស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ការផ្សព្វផ្សាយ របាយការណ៍បច្ចុប្បន្នភាពទីផ្សារការងារកម្ពុជា ឆ្នាំ២០២៦, គោលនយោបាយសង្ខេបស្តីពីផលប៉ះពាល់នៃការចាកចេញរបស់កម្ពុជាពីឋានៈក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ទៅលើការងារ និងសេដ្ឋកិច្ចសង្គម, និងឯកសារទស្សនវិស័យមុខរបរនិងការងារ ឆមាសទី២ ឆ្នាំ២០២៦ គឺពិតជាមានសារៈសំខាន់ និងចំពេលវេលា ដែលអាចធ្វើឱ្យអ្នកធ្វើគោលនយោបាយ និងសាធារណជនបានយល់ដឹងពីរចនាសម្ព័ន្ធនៃសេដ្ឋកិច្ច និងទីផ្សារការងារ ក៏ដូចជាវិស័យសំខាន់ៗដែលស្រូបយកកម្លាំងពលកម្ម និងព្យាករណ៍តម្រូវការការងារនាពេលអនាគត។

កម្មវិធីនេះក៏ជួយកសាងប្រព័ន្ធស្រាវជ្រាវទីផ្សារការងារដែលមានគុណភាព និងអាចយកលទ្ធផលទៅប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងវិធានការរបស់រាជរដ្ឋាភិបាល និងក៏ជាការបន្តស្មារតីនៃសន្និសីទថ្នាក់ជាតិ ស្តីពីសេដ្ឋកិច្ចការងារប្រចាំឆ្នាំ ដើម្បីបង្កើតជាវេទិកាសម្រាប់បង្ហាញស្ថានភាពសេដ្ឋកិច្ច ការងារ មុខរបរ តម្រូវការជំនាញ និងផលប៉ះពាល់ដែលអាចកើតមានពីការចាកចេញរបស់កម្ពុជា ពីឋានៈក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ហើយចង់បោះជំហានទៅមុខមួយកម្រិតទៀត គឺពីការប្រមូល និងផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ ទៅរកការប្រើប្រាស់លទ្ធផលស្រាវជ្រាវជាមូលដ្ឋានសម្រាប់ការសម្រេចចិត្ត និងការឆ្លើយតបគោលនយោបាយឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ឯកឧត្តមគូសបញ្ជាក់ថា របាយការណ៍នេះ នឹងផ្ដល់ជាធាតុចូលដល់សាកលវិទ្យាល័យ គ្រឹះស្ថានអប់រំ គ្រឹះស្ថានបណ្តុះបណ្តាល ធ្វើការផ្សព្វផ្សាយតម្រង់ទិស ព្រមទាំងជាព័ត៌មានដ៏ចាំបាច់សម្រាប់ឪពុកម្តាយ អាណាព្យាបាល និងសិស្សធ្វើការសម្រេចចិត្តក្នុងការជ្រើសរើសវិថីអប់រំ និងជំនាញដោយផ្អែកលើស្ថានភាពជាក់ស្តែង និងក្តីស្រមៃរបស់ខ្លួន។

បន្ថែមពីនេះ សាធារណជន និងអ្នកធ្វើគោលនយោបាយកាន់តែយល់ច្បាស់បន្ថែមទៀតពីសារៈសំខាន់នៃការវិនិយោគលើមូលធនមនុស្ស និងការអភិវឌ្ឍជំនាញ ដើម្បីធ្វើយ៉ាងណាឱ្យកម្លាំងពលកម្មកម្ពុជាកាន់តែឆ្លើយតបទៅនឹងតម្រូវការវិនិយោគ កាន់តែមានភាពធន់នឹងការប្រែប្រួលនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច ឧស្សាហកម្ម និងវិបត្តិដែលពិបាកព្យាករណ៍ជាមុនបាន។

ឯកឧត្តមរដ្ឋមន្រ្តីសង្កត់ធ្ងន់ថា ក្រសួងបន្តជំរុញការសិក្សា និងការវិភាគទីផ្សារការងារ ដើម្បីកំណត់ទិសដៅអភិវឌ្ឍជំនាញ កែលម្អការផ្គូផ្គងរវាងការបណ្តុះបណ្តាល និងតម្រូវការទីផ្សារ និងពង្រឹងភាពប្រកួតប្រជែងកម្លាំងពលកម្មក្នុងរយៈពេលវែង។ ក្រសួងក៏បានកសាងមូលដ្ឋានគ្រឹះសំខាន់ៗជាច្រើនសម្រាប់ពង្រឹងការងារស្រាវជ្រាវ និងប្រព័ន្ធព័ត៌មានទីផ្សារការងារ។ ជាមួយនឹងការប្តេជ្ញាចិត្តនេះ ឯកឧត្តមបានគាំទ្រយ៉ាងពេញទំហឹងដល់ការបន្ត និងការពង្រីកកម្មវិធីនេះឱ្យក្លាយជាយន្តការសំខាន់មួយក្នុងការកសាងទីផ្សារការងារកម្ពុជា ដែលមានផលិតភាពខ្ពស់ បរិយាបន្ន ភាពធន់ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគត៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ