• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៣៦ ព្រឹក

សម្ដេចនាយករដ្ឋមន្រ្ដីប្រកាសថា នឹងមិនបិទប្រទេសដូចឆ្នាំមុនទៀតទេ

ភ្នំពេញ ៖ ខណៈដែលស្ថានភាពជំងឺកូវីដ ១៩ ប្រភេទបំម្លែងថ្មីកំពុងតែមានការឆ្លងរាលដាលខ្លាំងនៅកម្ពុជា ជាពិសេសក្នុងរាជធានីភ្នំពេញ ដែលបានបង្កក្ដីបារម្ភ និងពាក្យចចាមអារាមមួយចំនួនថា រាជរដ្ឋាភិបាលអាចនឹងបិទខ្ទប់រាជធានីភ្នំពេញ ឬបិទប្រទេសដូចឆ្នាំមុននោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានប្រកាសមិនមានភាពចាំបាច់ណាដែលត្រូវបិទរាជធានីភ្នំពេញ ឬបិទប្រទេសដូចកាលឆ្នាំ២០២១នោះឡើយ ដោយសារអត្រាស្រោចវ៉ាក់សាំងមានកម្រិតខ្ពស់។

ថ្លែងក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ បានបញ្ជាក់ថា (ដាក់វីដេអូសម្ដេច) “ខ្ញុំសូមបញ្ជាក់អ្នកដែលនិយាយខ្សឹបខ្សៀវថានឹងមានបិទទីក្រុង បិទប្រទេសឡើងវីញ គឺមិនមានទេ។ ក្នុងតំណែងជានាយករដ្ឋមន្ត្រី ដែលមានសិទ្ធិអំណាចពេញលេញ ក្នុងការបញ្ជាបិទ ឬបើក គឺខ្ញុំមិនអនុវត្តនូវវិធានការបិទខ្ទប់នោះទេ សូមបញ្ជាក់កុំឲ្យមានការជ្រួលច្របល់ទៅទិញឥវ៉ាន់ទុក»។

ជាមួយគ្នានេះ សម្តេចតេជោបានណែនាំឲ្យដល់បងប្អូនប្រជាពលរដ្ឋ កុំមានការព្រួយបារម្ភថា រាជរដ្ឋាភិបាលចង់បិទប្រទេសឡើងវិញ ដែលនាំឲ្យភ័យបារម្ភរត់ទិញស្បៀងអាហារ ឬសម្ភារៈប្រើប្រាស់ទុក បង្កើតឲ្យមានការឡើងថ្លៃទំនិញខុសប្រក្រតី។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការសម្រេចមិនសម្រេចបិទទីក្រុង ឬប្រទេសនេះ ដោយសារការចាក់វ៉ាក់សាំងមានអត្រាខ្ពស់ ដែលមិនធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព រួមទាំងការអនុវត្តវិធានការសុខាភិបាល ៣ការពារ ៣កុំ។
ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបន្តចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ៣ការពារ ៣កុំ និងអញ្ជើញទៅចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញឲ្យបានគ្រប់ៗគ្នា ហើយចំពោះកូនៗដែលដល់អាយុចាក់វ៉ាក់សាំង សូមនាំកូនៗទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ