• ច័ន្ទ ២៩ មេសា ២០២៤ ១២:៤៩ ល្ងាច

សម្ពោធដាក់ដំណើរការជាផ្លូវការអគារមជ្ឈមណ្ឌលជាតិ បណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC)

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធី សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការអគារមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (National Incubation Center of Cambodia - NICC) ដែលមានទីតាំងនៅក្នុងបរិវេណសាកលវិទ្យាល័យ ភូមិភ្នំពេញ និងមានការចូលរួមពីសំណាក់ លោក Chang Won Sam ប្រធាន KOICA នៃសាធារណរដ្ឋកូរ៉េ លោក Park Jung-Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកស្រី Choi Moonjung នាយកទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ប្រចាំនៅកម្ពុជា លោក Wangi AHN នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលផលិតភាពកូរ៉េ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ  ភ្ញៀវកិតិ្តយសជាតិ អន្តរជាតិ និងតំណាងដៃគូអភិវឌ្ឍ សិស្សនិស្សិត សរុបចំនួន ៥០០នាក់ កាលពីព្រឹកថ្ងៃទី១៤  ខែមីនា ឆ្នាំ២០២៤កន្លងទៅនេះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានគាំទ្រ និងកសាង “មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា” នេះឡើង សំដៅលើកកម្ពស់ការងារស្រាវជ្រាវ ការងារបង្រៀន និងរៀន និងការបង្កើតបំណិនរកប្រាក់ចំណូលរបស់និស្សិតសម្រាប់ទ្រទ្រង់ការសិក្សា ដែលនឹងនាំទៅបង្កើតបាននូវភាពច្នៃប្រឌិតថ្មីៗ សហគ្រិនភាព និងការបណ្តុះភាពក្លាហានដល់និស្សិតក្នុងការបង្កើត ក្តីស្រមៃរបស់ខ្លួន និងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព និងចីរភាព។
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបន្តថា ការចាប់ដៃគូរវាងសាកលវិទ្យាល័យ និងវិស័យឯកជន នឹងផ្តល់ប្រយោជន៍ជាអតិបរិមា  ដល់អ្នកផលិត និងអ្នកប្រើប្រាស់ ជាពិសេសការគាំទ្រដល់មូលនិធិស្រាវជ្រាវ ដើម្បីបង្កើតថ្នាល នវានុវត្តន៍ និងកាលានុវត្តន៍ភាពដល់វិស័យឯកជន សំដៅធានាបានឧត្តមភាពប្រកួតប្រជែង និងការពង្រឹងគុណភាពឧត្ដមសិក្សានៅកម្ពុជា លើកកម្ពស់ការផ្តល់សេវាអប់រំនៅកម្រិតឧត្តមសិក្សាឱ្យកាន់តែសម្បូរបែប ការផ្សារភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្តជាក់ស្តែង ឆ្ពោះទៅការបង្កើតបាននូវនវានុវត្តន៍ ការប្រកួតប្រជែង សេដ្ឋកិច្ច និងកាលានុវត្តភាព សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

លោក ប្រធាន KOICA បានលើកឡើងថា មជ្ឈមណ្ឌលជាតិបណ្ដុះធុរកិច្ចថ្មីនៅកម្ពុជាដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ គឺជាការឆ្លើយតបនឹងមុំទីមួយនៃយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលដៅ លើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្សដែលផ្អែកលើបច្ចេកវិទ្យាឌីជីថល សម្របសម្រួលការចាប់ផ្តើមអាជីវកម្ម Startup ការបង្កើតការងារនៅក្នុងប្រទេសកម្ពុជា (មុំទីបីនៃយុទ្ធសាស្ត្របញ្ចកោណ) និង រៀបចំសម្រាប់ការផ្លាស់ប្តូរទៅកាន់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ស្របនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ២០២៥ និង រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា (មុំទីប្រាំនៃយុទ្ធសាស្ត្របញ្ចកោណ)។ 

ដើម្បីឱ្យមជ្ឈមណ្ឌលជាតិបណ្ដុះធុរកិច្ចថ្មីនៅកម្ពុជា (NICC) អាចបំពេញភារកិច្ចដែលបានកំណត់ដោយជោគជ័យ ឯកឧត្តម ប្រធាន KOICA បាន ស្នើឱ្យបន្តខិតខំប្រឹងប្រែង ដើម្បីចែករំលែកបច្ចេកវិទ្យា និងបង្កើតបណ្ដាញទំនាក់ទំនង ដើម្បីជំរុញធ្វើឱ្យប្រព័ន្ធអេកូឡូស៊ី ចាប់ផ្តើមដំណើរការរលូន និងមិនអាចខ្វះបានឡើយការចូលរួមគាំទ្រ និងការណែនាំពីក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ 

ក្រសួងអប់រំ យុវជន និងកីឡា នឹងចូលរួមសហការរាល់សកម្មភាពក្នុងបុព្វហេតុអភិវឌ្ឍសង្គមជាតិ និងកោតសរសើរចំពោះគំនិតផ្តួចផ្តើមការអភិវឌ្ឍគម្រោងមួយនេះ ដោយសហការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងគោលដៅបម្រើផលប្រយោជន៍ដល់យុវជន និស្សិត និងសង្គមជាតិប្រទេសទាំងពី ដោយស្តែងឱ្យឃើញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការផ្ទេរ និងចាប់យកបច្ចេកវិទ្យាឌីជីថលថ្មីៗ សម្រាប់បម្រើធុរកិច្ចក្នុងយុគសម័យសង្គមឌីជីថល ឆ្លើយតបទៅនឹងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល បរិវត្តកម្មឌីជីថល និងចក្ខុវិស័យអភិវឌ្ឍជាតិកម្ពុជា ហើយអគារមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៅកម្ពុជានេះ នឹងក្លាយជាសក្ខីភាពបន្ថែមថ្មីមួយទៀតនៃចំណងមិត្តភាពដ៏រឹងមាំ រវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ