• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៥២ ព្រឹក

កម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅដល់ភ្ញៀវទេសចរចិនខណ:រំពឹងទុកថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ 7 លាននាក់នៅឆ្នាំ 2025

ភ្នំពេញ÷នៅព្រលប់ថ្ងៃទី 5 ខែមករាឆ្នាំ 2023 ក្រសួងទេសចរណ៍បានបញ្ជាក់ថា ប្រទេសចិនជាប្រទេសធំមានប្រជាជនច្រើនជាទីផ្សារទេសចរណ៍ដ៏ធំបំផុត នៅក្នុងតំបន់និងពិភពលោកនិងជាប្រទេសមួយដែលនៅមិនឆ្ងាយពីកម្ពុជានិងមានទំនាក់ទំនងសហប្រតិបត្តិការតភ្ជាប់ជើងហោះហើរនិងការដឹកជញ្ជូនល្អជាពិសេសគឺចំណងមិត្តភាពដ៏រឹងមាំជាយុទ្ធសាស្ត្រសហគមន៍ជោគវាសនារួមដែលបង្ហាញឲ្យឃើញកាន់តែច្បាស់ថាទីផ្សារទេសចរណ៍ចិនជាទីផ្សារអាទិភាពខ្ពស់បំផុតសម្រាប់អាស៊ានក៏ដូចជាកម្ពុជា។

មុនវិបត្តិជំងឺកូវីដ-19 នៅឆ្នាំ 2019 ភ្ញៀវទេសចរចិនបានចេញទៅក្រៅប្រទេសមានប្រមាណ 155 លាននាក់ស្មើនឹង 10% នៃភ្ញៀវទេសចរពិភពលោក( 1500 លាននាក់) នាំមកនូវចំណាយភ្ញៀវទេសចរប្រមាណ 258 ប៊ីលានដុល្លារស្មើនឹង 1 ភាគ 5នៃចំណាយទេសចរណ៍ពិភពលោក (1,3ទ្រីលានដុល្លារ)។   សម្រាប់តំបន់អាស៊ានក៏ទទួល បានភ្ញៀវទេសចរចិនចំនួន 32,2 លាននាក់ស្មើនឹង 22,5%នៃភ្ញៀវទេសចរពិភពលោកដែលក្នុងនោះទទួលបាន 11 លាននាក់,សិង្ហបុរីទទួលបាន 3,4 លាននាក់និងម៉ាឡេស៊ីទទួលបាន3,1លាននាក់។

ដោយឡែកភ្ញៀវទេសចរចិនមកកម្ពុជាឆ្នាំ 2018 មានជាង2,3 លាននាក់ស្មើនឹង 35,7% នៃទេសចរអន្តរជាតិសរុប( 6,6 លាននាក់)គិតជាចំណូលស្មើប្រមាណ 1800 លានដុល្លារអាមេរិកលើចំណូលទេសចរណ៍សរុបប្រមាណ5ប៊ីលានដុល្លាររបស់កម្ពុជាខណៈដែលឆ្នាំ 2019 កម្ពុជាក៏ទទួលបានវិនិយោគិនចិនលើវិស័យពាក់ព័ន្ធនឹងទេសចរណ៍ប្រមាណជាង50%ទុនវិនិយោគបរទេស(FDI)សរុបរបស់កម្ពុជា។ ប៉ុន្តែក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ- 19 ឆ្នាំ 2020-2022ស្ថានភាពនៃទីផ្សារភ្ញៀវទេសចរចិនមានការផ្លាស់ប្ដូរយ៉ាងរហ័សនិងបានធ្លាក់ចុះយ៉ាងគំហុកទៅកាន់គ្រប់គោលដៅទេសចរណ៍ក្នុងពិភពលោកទាំងមូលដោយសារការដាក់ចេញនូវរបាំនៃការធ្វើដំណើរចេញពីប្រទេសចិន។ សម្រាប់ឆ្នាំ 2023 ក្រោយវិបត្តិជំងឺឆ្លងកូវីដ-19 បានធូរ ស្រាលស្របតាមនិន្នាការថ្មីៗនិងការដែលរដ្ឋាភិបាលចិនបានការអនុញ្ញាតឲ្យមានសកម្មភាពទេសចរណ៍ចេញក្រៅប្រទេសនិងការបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញបានផ្ដល់នូវកាលានុវត្តភាពដល់បណ្ដាប្រទេសជាគោលដៅទេសចរណ៍នៅលើពិភពលោករួមទាំងកម្ពុជាក្នុងការស្វាគមន៍ទទួលភ្ញៀវទេសចរចិនឡើងវិញ។

កម្ពុជាមានសេចក្តីរីករាយទទួលស្វាគមន៍ភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាដោយឥតលក្ខខណ្ឌ ផ្នែកសុខាភិបាលហើយកម្ពុជាក៏បានត្រៀមរួចជាស្រេចក្នុងការទទួលភ្ញៀវទេសចរចិនក៏ដូចជាភ្ញៀវទេសចរអន្តរជាតិផ្សេងទៀតដែរ ដូចដែលបានគូសបញ្ជាក់និងយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះនិងផ្លូវតភ្ជាប់កាលពីថ្ងៃទី2ខែមករាកន្លងទៅនេះ។ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងអនុវត្តន៍យ៉ាងខ្ជាប់ខ្លួននៃការសម្រួលការធ្វើដំណើរដោយបានដកចេញរបាំងសុខាភិបាលតាំងពីក្នុងឆ្នាំ2022កន្លងមកនៅពេលដែលកម្ពុជាប្រកាសបើកប្រទេសឡើងវិញ។

សូមប្រកាសបញ្ជាក់ជូនថា កម្ពុជាជាគោលដៅទេសចរណ៍ដ៏កក់ក្តៅបំផុតដោយសារកម្ពុជាប្រទេសដែលបានទទួលនូវការវាយតម្លៃពីអង្គការសុខភាពពិភពលោកជាប្រទេសឈានមុខគេក្នុងការផ្ដល់វ៉ាក់សាំងជូនប្រជាពលរដ្ឋទាំងដូសមូលដ្ឋាននិងដូសជំរុញច្រើនជាងគេដែលបង្កើតបាននូវភាពស៉ាំសហគមន៍យ៉ាងល្អហើយបើកប្រទេសឡើងវិញបើកសកម្មភាពសេដ្ឋកិច្ច-សង្គមមុនគេក្នុងតំបន់ដោយបានប្រកាន់ខ្ជាប់នូវគោលការណ៍"រៀនរស់ជាមួយជំងឺកូវីដ-19តាមគន្លងប្រក្រតីភាពថ្មី"។ ចំពោះទីផ្សារទេសចរណ៍ចិនដោយអនុវត្តន៍តាមយុទ្ធសាស្ត្ររបស់អង្គការទេសចរណ៍ពិភពលោក(UNWTO) កម្ពុជាតែងតែបានយកចិត្តទុកដាក់ជំរុញយុទ្ធសាស្ត្រនិងផែនការសកម្មភាពជាច្រើនក្នុងការទាក់ទាញភ្ញៀវទេសចរចិន ក៏ដូចយុទ្ធសាស្ត្រសៀវភៅសChina-Readyសម្រាប់ឧស្សាហកម្មទេសចរណ៍កម្ពុជាក្នុងនោះមានបង្កើតក្រុមការងារមជ្ឈមណ្ឌលChina-Ready Center ការបណ្ដុះបណ្ដាលភាសានិងវប្បធម៌ចិនដល់មន្ត្រីនិងបុគ្គលិកពង្រឹងមគ្គុទេសក៏ទេសចរណ៍ភាសាចិន ទាក់ទាញអ្នកវិនិយោគចិនហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានានិងពង្រឹង គុណភាពសេវាកម្មទេសចរណ៍កម្ពុជាត្រៀមទទួលភ្ញៀវទេសចរចិនលើសេវាកម្មចំនួន 7( សណ្ឋាគារនិងសេវាកម្មស្នាក់នៅទេសចរណ៍,ភោជនីយដ្ឋាន,ការីទេសចរណ៍និងភ្នាក់ងារទេសចរណ៍,សេវាដឹកជញ្ជូនទេសចរណ៍, រមណីយដ្ឋាន,សេវាកម្សាន្តទេសចរណ៍និងផ្សារទំនើបនិងហាងលក់វត្ថុអនុស្សាវរីយ៍)និងលក្ខណ:វិនិច្ឆ័យចំនួន5 (បុគ្គលិកជួរមុខចេះចិននិងយល់ពីChina-Ready មានការផ្សព្វផ្សាយតាមអនឡាញជាភាសាចិន,មានឯកសារផលិតផលនិងផ្លាកសញ្ញាបកប្រែចិន,សេវាអតិថិជនឆ្លើយតបទីផ្សារចិននិងមានស្តង់ដារគុណភាពសេវាកម្ម)។

ស្របពេលជាមួយគ្នាដោយឆ្នាំ 2023 នេះក៏ជាខួបអនុស្សាវ រីយ៍លើកទី 65 នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិននិងជាឆ្នាំទស្សនាកម្ពុជា 2023(Vsit Cambodia Year2023) ក្រោមពាក្យស្លោក"គ្រប់ថ្ងៃគឺអច្ឆរិយភាព"Every Day Is A Wonder)។ សូមអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធបន្តជំរុញការបង្កើតព្រឹត្តិការណ៍ទេសចរណ៍វប្បធម៌កីឡានិងសកម្មភាពផ្សព្វផ្សាយទេសចរណ៍នានាទាំងនៅកម្ពុជានិងនៅចិនរួមជាមួយនឹងការផ្ដល់សេវាកម្មទេសចរណ៍ឲ្យបានកាន់តែល្អប្រសើរនិងបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅដល់ភ្ញៀវទេសចរចិន។

ជាមួយគ្នានេះក្រសួងទេសចរណ៍នឹងដាក់ចេញយុទ្ធនាការមេត្រីភាពទេសចរណ៍ចិន"កម្ពុជា-ចិនមិត្តល្អ"ដើម្បីទទួលភ្ញៀវទេសចរចិននៅឆ្នាំ2023ផងដែរ។ សក្តានុពលយ៉ាងធំវិនិយោគិននិងភ្ញៀវទេសចរចិនមកកម្ពុជានឹងរួមចំណែកដល់ការរីកចម្រើនវិស័យទេសចរណ៍និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។ជាមួយការត្រឡប់មកវិញនៃភ្ញៀវទេសចរចិនកម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ 7 លាននាក់នៅឆ្នាំ 2025 ដូចការគ្រោងទុកក្នុងផែនទីចង្អុលផ្លូវស្តីពីផែនការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-19។ក្រសួងទេសចរណ៍ស្ថាប័នពាក់ព័ន្ធផ្នែកឯកជនក្នុងវិស័យទេចរណ៍រីករាយនិងសូមស្វាគមន៍និងបានត្រៀមខ្លួនរួចរាល់ជាស្រេចទទួលវិនិយោគិននិងភ្ញៀវទេសចរចិនជាមួយនឹងបដិសណ្ឋារកិច្ចរួសរាយរាក់ទាក់ដ៏កក់ក្តៅបំផុត៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ