• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៥២ ព្រឹក

ក្រសួងកសិកម្ម,ក្រសួងបរិស្ថានរួមគ្នាការពារនិងទប់ស្កាត់ភ្លើងឆេះព្រៃ

ភ្នំពេញ÷ជារៀងរាល់ឆ្នាំ ធាតុអាកាសទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជានៅរដូវប្រាំង មានសភាពក្តៅហួតហែង ស្ងួតខ្លាំង ជាកត្តាងាយបង្កនៅភ្លើងឆេះព្រៃ។ក្រៅពីបាតុភូធម្មជាតិ ដែលអាចបង្កឲ្យមានភ្លើងឆេះព្រៃ ប្រការដែលគួរឲ្យព្រួយបារម្ភបំផុតនោះគឺភ្លើងឆេះព្រៃដែលបង្កឡើងដោយសារសកម្មភាពរបស់មនុស្សផ្ទាល់។

កត្តាចម្បងដែលបង្កឲ្យមានភ្លើងឆេះព្រៃញឹកញាប់បំផុតនារដូវប្រាំងមានជាអាទិ៍ការកាប់ឆ្ការដុតរានព្រៃដើម្បីដាំដំណាំកសិកម្មផ្សេងៗការធ្វើកសិកម្មពនេចរ,ការទន្ទ្រានដីព្រៃ ដើម្បីតាំងលំនៅឋានខុសច្បាប់,ការទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់,ការដុតព្រៃដើម្បីចាប់សត្វ,ការបន្សល់ដើមភ្លើងនៅក្នុងព្រៃដោយការធ្វេសប្រហែសរបស់មនុស្ស។ល។

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថានបានកត់សម្គាល់ឃើញថា ភ្លើងឆេះព្រៃជារៀងរាល់ឆ្នាំ បានបង្កឲ្យមានបញ្ហាដល់ការបាត់បង់ធនធានព្រៃឈើ,ព្រៃលិចទឹកនិងធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិ ដែលអាចបង្កឲ្យមានការខូចខាតផ្នែកសេដ្ឋកិច្ចធនធានធម្មជាតិនិងបរិស្ថាន។

ដោយសង្កេតឃើញបញ្ហាប្រឈមទាំងនេះ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងក្រសួងបរិស្ថាន សូមធ្វើការណែនាំដល់អង្គភាពជំនាញរដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ មន្ទីរបរិស្ថាន រួមទាំងសហគមន៍ព្រៃឈើសហគមន៍តំបន់ការពារធម្មជាតិសហគមន៍នេសាទសហគមន៍ កសិកម្ម និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តវិធានការដូចខាងក្រោម÷

1-អប់រំផ្សព្វផ្សាយណែនាំដល់ប្រជាសហគមន៍ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ភ្លើងសម្រាប់ជាមធ្យោបាយដើម្បីចម្អិនអាហារការយកឃ្មុំ,ការដុតស្មៅព្រៃ,ការដុតស្ទាក់ចាប់សត្វនិងការប្រមូលផលអនុផលព្រៃឈើជាដើម។

2-ទប់ស្កាត់ការកាប់ឆ្ការទន្ទ្រានឈូសឆាយដុតព្រៃឈើនិងព្រៃលិចទឹកដើម្បីពង្រីកផ្ទៃដាំដំណាំកសិកម្មឬក្នុងគោលបំណងផ្សេងៗទៀតដែលជាសកម្មភាពល្មើសច្បាប់និងបង្កឲ្យមានភ្លើងឆេះព្រៃឈើ,ព្រៃលិចទឹកនិងរាលដាលរហូតដល់ភូមិកររបស់ប្រជាពលរដ្ឋ,តំបន់រដ្ឋបាលសាធារណៈហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានានៅក្នុងឬជុំវិញសហគមន៍ព្រៃឈើ,សហគមន៍នេសាទ,សហគមន៍តំបន់ការពារធម្មជាតិ,តំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះ។

3-ក្នុងករណីចាំបាច់ដែលត្រូវប្រើភ្លើងជាមធ្យោបាយក្នុងការដុតកាកសំណល់ព្រៃឈើក្រោមគោលបំណងដាំដំណាំកសិកម្មនិងសកម្មភាពស្របច្បាប់ផ្សេងទៀតត្រូវជូនដំណឹងដល់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទមន្ទីរបរិស្ថានរាជធានីខេត្តសាមីដែលជាសមត្ថកិច្ចដើម្បីណែនាំអនុវត្តន៍វិធានការបច្ចេកទេសសមស្របដែលអាចធានាសុវត្ថិភាពចំពោះភ្លើងព្រៃ។

4-ការរុករកផលអនុផលព្រៃឈើជាប្រពៃណីនិងសកម្មភាពផ្សេងទៀតដែលចាំបាច់ត្រូវប្រើភ្លើងជាមធ្យោបាយ(ដុតរណ្ដៅជ័រ)មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងមន្ទីរបរិស្ថានត្រូវធ្វើការណែនាំអ្នកពាក់ព័ន្ធឱ្យពន្លត់ភ្លើងឲ្យអស់ជាចាំបាច់មុនពេលចាកចេញពីដើមឈើ ឡោះជ័រឬទីតាំងដែលប្រើភ្លើងនោះ។

5-ត្រូវរៀបចំផ្លូវភ្លើងព្រៃដើម្បីការពារការឆេះរាលដាលពីកន្លែងមួយទៅកន្លែងមួយទៀតនិងចូលរួមចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនិងក្នុងករណីមានភ្លើងឆេះព្រៃជាយថាហេតុ។

6-ក្នុងករណីកើតមានភ្លើងឆេះព្រៃត្រូវប្រញាប់ចាត់វិធានការទប់ស្កាត់ជាបន្ទាន់តាមរយៈការប្រកាសអាសន្នហើយគណៈបញ្ជាការឯកភាពរាជធានី-ខេត្តត្រូវដឹកនាំបញ្ជាផ្ទាល់ក្នុងការប្រើប្រាស់កម្លាំងសរុបរួមមានប្រជាពលរដ្ឋ,សហគមន៍,ព្រះសង្ឃ,មន្ត្រីរាជការ,កងកម្លាំងប្រដាប់អាវុធ។ល។ដែលឈរជើងនៅក្នុងមូលដ្ឋាននោះដើម្បីរួមគ្នាទប់ស្កាត់និងពន្លត់ភ្លើងព្រៃឲ្យមានប្រសិទ្ធភាព។

7-ក្រោមការដឹកនាំរបស់ប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់រាជធានី-ខេត្តមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ,

មន្ទីរបរិស្ថានត្រូវចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនណាដែលបានកាប់រុករានដុតព្រៃនិងកាន់កាប់ដីព្រៃឈើដែលឆេះដោយអនាធិបតេយ្យដែលផ្ទុយនឹងច្បាប់និងបទបញ្ជានានារបស់រាជរដ្ឋាភិបាល។

8-ផ្លូវសហការជាមួយអាជ្ញាធរដែនដីក្នុងការហាមឃាត់ការចូលប្រើប្រាស់ដីព្រៃឈើនិងព្រៃលិចទឹកដែលបានឆេះរួចដើម្បីទុកលទ្ធភាពឲ្យរុក្ខជាតិដុះឡើងវិញតាមលក្ខណៈធម្មជាតិឬដាំស្ដារព្រៃឈើឡើងវិញ។

អនុលោមតាមច្បាប់ស្ដីពីព្រៃឈើនិងច្បាប់ស្ដីពីជលផលប្រជាពលរដ្ឋកងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរដែនដីគ្រប់ថ្នាក់ត្រូវមានករណីយកិច្ចទទួលខុសត្រូវថែរក្សាការពារព្រៃឈើបង្ការនិងយុទ្ធសាស្ត្រនឹងភ្លើងឆេះព្រៃចូលរួមថែរក្សាជម្រកមច្ឆជាតិការពារបង្ការនិងប្រយុទ្ធនឹងភ្លើងឆេះព្រៃលិចទឹកនៅតាមមូលដ្ឋានរៀងៗខ្លួន។ជនណាដែលបានប្រព្រឹត្តឬបង្កឲ្យមានភ្លើងឆេះព្រៃឬភ្លើងឆេះព្រៃលិចទឹកដោយចេតនាត្រូវផ្តន្ទាទោសក្រោម÷បទល្មើសព្រៃឈើថ្នាក់ទី 1 ឬបទល្មើសជលផលថ្នាក់ទី1ដែលត្រូវជាប់ពន្ធនាគារពី5ឆ្នាំទៅ10ឆ្នាំឬពី3ឆ្នាំទៅ5ឆ្នាំ។

ដោយឡែកតាមមាត្រា 62 នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិបានចែងថាការបង្កឲ្យមានភ្លើងឆេះព្រៃដោយចេតនាជាបទល្មើសធនធានធម្មជាតិថ្នាក់ទី 4 ដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី 5 ឆ្នាំដល់ 10 ឆ្នាំនិងផាកពិន័យជាប្រាក់ពី 15 លានរៀលដល់ 150 លានរៀល។

ទទួលបានសេចក្តជូនដំណឹងនេះ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងក្រសួងបរិស្ថាន មានជំនឿនិងទំនុកចិត្ត ចំពោះគ្រប់ស្ថាប័នមានសមត្ថកិច្ច រដ្ឋបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធមន្ត្រីរាជការ,កងកម្លាំងប្រដាប់អាវុធ,សហគមន៍,សិក្សានុសិស្ស,ព្រះសង្ឃនិងប្រជាពលរដ្ឋទាំងអស់បានយល់ច្បាស់ពីករណីកិច្ចក្នុងការការពារទប់ស្កាត់និងប្រយុទ្ធនឹងភ្លើងឆេះព្រៃដោយរួមសហការយ៉ាងជិតស្និទ្ធជាមួយអង្គភាពជំនាញពាក់ព័ន្ធ ក្រោមឱវាទក្រសួង និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ-មន្ទីរបរិស្ថានរាជធានី-ខេត្តអនុវត្តន៍តាមខ្លឹមសារសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ