• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៣៦ ល្ងាច

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅ 67ម៉ឺនតោនមានទឹកប្រាក់ជាង 1 ពាន់លានដុល្លារ ខណៈធ្លាក់ចុះ 34,65 %ព្រោះបញ្ហាប្រែប្រួលអាកាសធាតុ

ភ្នំពេញ÷កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តរជាតិមានចំនួន 67 ម៉ឺនតោនគិតជាទឹកប្រាក់មានចំនួន 1077 លានដុល្លារថយចុះ 34,65% ក្នុងឆ្នាំ 2022 ដោយសារតែបញ្ហាប្រែប្រួលអាកាសធាតុ។នេះបើយោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា។

របាយការណ៍ដដែលបញ្ជាក់ថាគ្រាប់ស្វាយចន្ទីរបស់កម្ពុជាស្ទើរ 100% បាននាំចេញទៅកាន់ប្រទេសវៀតណាមមានចំនួន 66 ម៉ឺនតោនថយចុះ 37%។គ្រាប់ស្វាយចន្ទីស្ងួតមានតម្លៃចន្លោះពី 5500រៀលទៅ 7200 រៀលអាស្រ័យតាមគុណភាពគ្រាប់។

បើតាមការបញ្ជាក់ពីប្រធានសមាគមស្វាយចន្ទីកម្ពុជាលោក អួន ស៊ីឡុត បានថ្លែងបញ្ជាក់ថា÷"រយៈពេល 2 ឆ្នាំចុងក្រោយនេះដោយសារតែបញ្ហានៃការប្រែប្រួលអាកាសធាតុបានធ្វើឲ្យប្រជាកសិករប្រកបរបរដាំស្វាយចន្ទីនេះមានការខាតបង់ប្រមូលផលបានតិចចំណែកផលដែលទទួលបានវិញមានគុណភាពទាបនិងលក់ចេញបានតម្លៃថោកបូកផ្សំជាមួយការឡើងថ្លៃនៃជីថ្នាំកសិកម្មនិងប្រេងឥន្ធន:"។

លោកប្រធានសមាគមបានបន្តថាបញ្ហាទាំងនេះហើយដែលធ្វើឲ្យប្រជាកសិករសម្រេចកាប់ដើមស្វាយចន្ទីចោលប្រមាណ 10 ម៉ឺនហិកតាក្នុងរយៈពេល 2 ឆ្នាំចុងក្រោយនេះដែលធ្លាក់ចុះពី 80 ម៉ឺនហិកតាមកនៅត្រឹមតែ70ម៉ឺនហិកតាប៉ុណ្ណោះនៅចុងឆ្នាំ 2022។ ទន្ទឹមនឹងនេះសមាគមស្វាយយចន្ទីកម្ពុជារំពឹងថា÷

"ទោះបីជាកសិករកាប់ស្វាយចន្ទីអស់ 10 ម៉ឺនហិកតាសល់តែ 70 ម៉ឺនហិកតាក្តី ក្នុងករណីអាកាសធាតុអំណោយផល យើងនៅតែរំពឹងថា កម្ពុជាអាចផលិតគ្រាប់ស្វាយចន្ទីឆៅ ចន្លោះ 80 ម៉ឺនតោន ទៅ 1លានតោន ក្នុងឆ្នាំ 2023"។

គួរបញ្ជាក់ថា បច្ចុប្បន្នស្វាយចន្ទី បានកំពុងតែចេញក្តឹប ហើយការចេញក្តឹបក្នុងឆ្នាំនេះ លឿនជាងឆ្នាំមុនៗ ហើយការចេញក្តឹបលឿននេះក៏អាចបញ្ជាសផុតពីសន្សើមប្រៃ នាពាក់កណ្ដាល ខែកុម្ភៈ ដូច្នេះ ជាហេតុធ្វើឲ្យការប្រមូលផលស្វាយចន្ទី នឹងអាចចាប់ផ្ដើមនាចុងខែមករា ឆ្នាំ 2023 នេះ។ការដាំដុះភាគច្រើន ក្នុងខេត្តចំនួន 10 មានដូចជា ខេត្តកំពង់ធំ,ក្រចេះ,កំពង់ចាម,ព្រះវិហារ និងត្បូងឃ្មុំជាដើម៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ