• ច័ន្ទ ២៩ មេសា ២០២៤ ០២:០៩ ព្រឹក

រាជរដ្ឋាភិបាល ដាក់ចេញជាកម្មវិធីកែទម្រង់មានលក្ខណៈជាប្រព័ន្ធលើគ្រប់វិស័យ ដែលមានចំនួន ៤ សំខាន់ៗ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាកម្មវិធីកែទម្រង់រយៈពេលវែងជាច្រើនលើគ្រប់វិស័យ ពិសេសកម្មវិធីកែទម្រង់ពាក់ព័ន្ធនឹងការបង្កើនគុណភាពអភិបាលកិច្ច ឬការកែទម្រង់លើរចនាសម្ព័ន្ធ ឬអាចហៅម្យ៉ាងទៀតថា ការកែទម្រង់ដែលមានលក្ខណៈជាប្រព័ន្ធ ដែលមានចំនួន ៤ សំខាន់ៗ។ការលើកឡើងឲ្យដឹងបែបនេះរបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងពិធីប្រកាសដាក់ឱ្យប្រើជាផ្លូវការចក្ខុវិស័យនិងយុទ្ធសាស្រ្ត ស្តីពី សុខដុមនីយកម្មការកែទម្រង់ ៣ បូក ១ របស់រាជរដ្ឋាភិបាល រាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ការកែទម្រង់ដែលមានលក្ខណៈជាប្រព័ន្ធ ដែលមាន ចំនួន ៤ សំខាន់ៗ គឺ ១.កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ; ២.កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ; ៣.កម្មវិធីជាតិកែទម្រង់រដ្ឋបាល   សាធារណៈ និង ៤.កម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌។  កម្មវិធីកែទម្រង់នីមួយៗខាងលើនេះ មានរចនាសម្ព័ន្ធដឹកនាំ, យន្តការអនុវត្ត និងផែនការសកម្មភាពយ៉ាងលម្អិត រហូតទទួលបានការសាទរ និងការគាំទ្រពីដៃគូអភិវឌ្ឍន៍នានា រួមមានទាំងការផ្ដល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុជាបន្តបន្ទាប់ ក្នុងភាពជាដៃគូ, កិច្ចសហប្រតិបត្តិការ និងការគោរពភាពជាម្ចាស់របស់កម្ពុជា។

លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្មវិធីកែទម្រង់ទាំង ៤ នេះ បានវិវត្តរីកចម្រើនទៅមុខ ដោយស្រង់បាននូវបទពិសោធន៍ជាមេរៀនល្អៗយ៉ាងច្រើន និងជាមូលដ្ឋានគន្លឹះនៃការកែទម្រង់កម្មវិធីរបស់ខ្លួន សម្រាប់ដំណាក់-កាលបន្តបន្ទាប់ទៀត ។ ក្នុងន័យនេះ, កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានចាប់ផ្ដើមកម្មវិធីជាតិ ១០ ឆ្នាំ លើកទី ១ (២០១០-២០១៩) របស់ខ្លួន មុននឹងបោះជំហានមកដល់កម្មវិធីជាតិ ១០ ឆ្នាំលើកទី ២ (២០២១-២០៣០)  ដែលទើបត្រូវបាន ចាប់ផ្ដើមកាលពីពេលថ្មីៗ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបន្ថែមទៀតថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានចាប់ផ្ដើមជាផ្លូវការ នៅក្នុងឆ្នាំ ២០០៤ និងត្រូវបានកំណត់ថា ត្រូវអនុវត្តរហូតដល់ឆ្នាំ ២០២៥ ដោយចែកជា ៤ ដំណាក់កាល។ បច្ចុប្បន្ន, កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំពុងស្ថិតក្នុងដំណាក់កាលអន្តរកាល ៣ បូក ២ មុននឹងទៅចាប់ផ្ដើមជាផ្លូវការនូវ ដំណាក់កាលទី ៤ ដែលជាដំណាក់កាលចុងក្រោយ ផ្ដោតលើការសម្រេចបាននូវ «គណនេយ្យភាពសមិទ្ធកម្ម»។

ដោយឡែក កម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ដំណាក់កាលទី ១ (២០១៥-២០១៨) ត្រូវបានបញ្ចប់រួចរាល់ ហើយកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ ២០២២-២០៣៥ កំពុងតែត្រូវបានរៀបចំដើម្បីដាក់ឱ្យអនុវត្តជាបន្ត។ រីឯ កម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ក៏កំពុងត្រូវបានរៀបចំជារចនាសម្ព័ន្ធដឹកនាំ និងយន្តការអនុវត្តរស់រវើក ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

បច្ចុប្បន្ន នៅក្នុងជំហានចុងក្រោយ នៃការអនុវត្ត យុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី ៤ ដែលមាន «ការបង្កើនល្បឿននៃការកែទម្រង់អភិបាលកិច្ច» រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការដឹកនាំការងារកែទម្រង់ទាំ៤ បានបោះជំហានជាប្រវត្តិសាស្ត្រមួយកម្រិតទៀត នោះគឺការធានាសុខដុមនីយកម្មនៃការកែទម្រង់ទាំងនេះ ឱ្យមានសង្គតិភាព, ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដើម្បីបម្រើឱ្យគោលបំណងដ៏ចម្បងបំផុតរបស់ខ្លួន ពោលគឺ ការឆ្លើយតបសំណូមពររបស់ប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រសើរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ