• ច័ន្ទ ២៩ មេសា ២០២៤ ០៦:២៩ ព្រឹក

រដ្ឋ បន្តលើកលែងពន្ធលើប្រាក់ចំណូល៥ឆ្នាំទៀត ដល់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ

រដ្ឋនឹងបន្តលើកលែងពន្ធលើប្រាក់ចំណូល ដល់ក្រុមហ៊ុន ក្នុងវិស័យស្រូវអង្ករចំនួន៥ឆ្នាំទៀត ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់រោងម៉ាស៊ីន និងក្រុមហ៊ុននាំចេញអង្ករ។ នេះជាការលើកឡើងរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។ក្រសួងពាណិជ្ជកម្ម កំពុងសិក្សាយ៉ាងស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ស្តីអំពីថ្លៃដើម ពីការផលិតរហូតដល់នាំចេញអង្ករទៅកាន់ទីផ្សារ។  ការងារនេះ ទទួលបានកិច្ចសហប្រតិបត្តិការ និងជួយផ្នែកហិរញ្ញវត្ថុ ពីកម្មវិធីខ្សែច្រវ៉ាក់កសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC)។ ឯកឧត្តម ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា ការសិក្សានេះ គឺជាមូលដ្ឋានយ៉ាងសំខាន់សម្រាប់រៀបចំយុទ្ធសាស្ត្រ និងផែនការលើកទឹកចិត្តនានា ដើម្បីធ្វើឱ្យវិស័យស្រូវអង្កររបស់កម្ពុជា កាន់តែមានភាពប្រកួតប្រជែង។

លើសពីនេះ ដើម្បីជួយគាំទ្រដល់វិស័យស្រូវអង្ករកម្ពុជាឱ្យកាន់តែសក្កានុពល រដ្ឋាភិបាលក៏សម្រេចបន្តលើកលែងពន្ធលើប្រាក់ចំណូលចំនួន៥ឆ្នាំទៀត ដល់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ដូច្នេះ៖ « រាជរដ្ឋាភិបាលតែងតែគិតគូរ លើភាពប្រកួតប្រជែងដល់វិស័យស្រូវអង្ករកម្ពុជា ដោយផ្តល់អាទិភាពគ្រប់យ៉ាង រួមទាំងការផ្តល់នូវការលើកលែងពន្ធ គ្រប់ប្រភេទតាំងពីឆ្នាំ២០១១ រហូតដល់បច្ចុប្បន្ន ហើយបានបន្តការលើកលែងពន្ធបន្ថែមចំនួន៥ឆ្នាំទៀត សម្រាប់សហគ្រាស ក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវដែលអស់អាណត្តិ ដែលត្រូវទទួលបាន»។ក្រៅពីនេះ ពន្ធនិងអាករផ្សេងៗដែលបម្រើដល់ផលិតកម្មស្រូវ និងការនាំចេញអង្ករ ក៏ត្រូវបានលើកលែងទាំងស្រុងនូវថ្លៃសេវា និង ថ្លៃចំណាយលើការស្នើរសុំបែបបទនាំចេញគយ វិញ្ញាបនបត្របញ្ជាក់ប្រភពដើម ផងដែរ។  ឯកឧត្តម ប៉ាន សូរស័ក្តិ  បានបញ្ជក់បន្ថែមបែបនេះ ក្នុងពិធីសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ និងកម្មវិធីបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាភិបាល ប្រធានសហព័ន្ធ និងសមាជិកក្រុមប្រឹក្សាភិបាល សម្រាប់អាត្តិទី៤ នៅសណ្ឋាគារសូហ្វីតែល នាថ្ងៃទី២៣ ខែវិច្ឆិកា។

ឯកឧត្តម បន្តរៀបរាប់ថា ការខិតខំបើកច្រកទីផ្សារស្រូវអង្ករ និងផលិតផលកែច្នៃដែលមានប្រភពវត្ថុធាតុដើមពីអង្ករ គឺបានប្រព្រឹត្តិទៅយ៉ាងសកម្ម តាមរយៈការបញ្ចូលទំនិញនេះទៅក្នុងបញ្ជីទំនិញរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) ព្រមទាំងកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។ ទន្ទឹមគ្នានេះ កម្ពុជាក៏បានការចុះអនុស្សរណៈយោគយល់ ក្នុងការនាំអង្ករចេញកាន់ទីផ្សារប្រទេសទីម័រខាងកើត (Timor Lester) ហ្វីលីពីន បង់ក្លាដេស ជាពិសេសគឺជាមួយប្រទេសចិន។បើតាមឯកឧត្តម ប៉ាន សូរស័ក្តិ សម្រាប់រយៈពេល ១០ខែមមកនេះ កម្ពុជាចេញអង្ករទៅកាន់ទីផ្សារពិភពលោកសម្រេចបាន៥០៩ ២៤៩ តោន  ដែលមាន៣២៣.៩០ដុល្លារ។ ក្នុងនោះប្រទេសចិនគ្រប់ដណ្តប់លើការនាំចេញសរុបចំនួនជាង៤៥ភាគរយ ស្របពេលដែលទីផ្សារសហគមន៍អឺរ៉ុបកំពុងវិលត្រឡប់ទៅរកប្រក្រតីភាពឡើង វិញ។ លោក បានបញ្ជាក់ទំហំនៃការនាំចេញអង្ករនេះ គឺមានកំណើន១០.៦៧ បើធៀបនឹងរយៈបពេលដូចគ្នា កាលឆ្នាំ២០២១។

ដូចជា៖ អាករលើតម្លៃបន្ថែម(VAT) និងពន្ធកាត់ទុក ចំពោះសហគ្រាសគាំទ្រ និងសេវាកម្មនានា បច្ចុប្បន្នក្រសួងពាណិជ្ជកម្ម កំពុងចរចាកិច្ចព្រមព្រៀងថ្មីបន្ថែមទៀត សម្រាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលអង្ករស្ថិតនៅក្នុងទំនិញអាទិភាពមួយ ផងដែរ។ 

ឯកឧត្តម ប៉ាន សូរស័ក្តិ រំពឹងថា៖ «កិច្ចព្រមព្រៀងនេះ នឹងពង្រីកនូវសក្តានុពលទីផ្សារថ្មីនៅក្នុងតំបន់មជ្ឈឹមបូព៌ា ដែលបច្ចុប្បន្នទីផ្សារតំបន់នេះនៅមានកម្រិតតិចតួចបំផុត ដែលយើងខ្ញុំសង្ឃឹមថា នឹងជួយបង្កើនការនាំចេញអង្ករកម្ពុជាកាន់តែច្រើនឡើងថែមទៀត»។

ជាមួយគ្នា ឯកឧត្តមបន្តអះអាងថា ក្រសួងពាណិជ្ជកម្ម មិនត្រឹមតែគិតគូរលើការនាំចេញស្រូវអង្ករតែមួយជ្រុងតែប៉ុណ្ណោះទេ តែក្រសួងបានខិតខំជួយដល់កសិករខ្នាតតូចឱ្យរៀបចំខ្លួនឱ្យបានកាន់តែប្រសើរឡើង។  ជាពិសេស ការជួយជំរុញឱ្យមានកិច្ចសន្យាកសិកម្ម រវាងកសិករខ្នាតតូច ជាមួយរោងម៉ាស៊ីនកិនស្រូវ ដែលការងារធ្វើឡើងតាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដែលទទួលបានការគាំទ្រហិរញ្ញវត្ថុ ដោយរាជរដ្ឋាភិបាល និង IFAD ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ