• ច័ន្ទ ២៩ មេសា ២០២៤ ០៣:២៦ ព្រឹក

សត្វព្រៃកម្រៗចំនួន២០ប្រភេទបង្ហាញវត្តមាននៅក្នុងតំបន់អភិរក្សខេត្តកោះកុង

ខេត្តកោះកុង÷ប្រភេទសត្វព្រៃកម្រៗចំនួន២០ប្រភេទ ត្រូវបានរកឃើញនៅក្នុងតំបន់ដែនជម្រកសត្វព្រៃក្នុងខេត្តកោះកុង ដែលក្នុងនោះរួមមានសត្វពង្រូល.ភេរោមច្រមុះ.ឆ្កែព្រៃ.ស្វាត្រោស.ជ្រូកពោន.ប្រើសស្បូវ...និងសត្វបក្សីជាច្រើនទៀត។

ទិន្នន័យថ្មីនៃវត្តមានសត្វព្រៃជាច្រើនប្រភេទ ក្នុងតំបន់ការពារធម្មជាតិកម្ពុជាបង្ហាញពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរដ្ឋាភិបាលកម្ពុជាប្រជាសហគមន៍ដៃគូអភិវឌ្ឍន៍ និងអង្គការដៃគូដែលធ្វើការងារលើផ្នែកអភិរក្សក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិព្រៃឈើនិងសត្វព្រៃនៅកម្ពុជា។ នេះជាការថ្លែងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន នៅថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះជាមួយការបង្ហាញពីមោទកភាព ចំពោះក្រុមការងារស្រាវជ្រាវរបស់ក្រសួងបរិស្ថាន ដែលបានខិតខំប្រឹងប្រែង ការសិក្សាស្រាវជ្រាវប្រមូលចងក្រងទិន្នន័យប្រភេទសត្វព្រៃ ដែលមានវត្តមាននៅក្នុងតំបន់អភិរក្សរបស់ប្រទេសកម្ពុជា ដើម្បីជាប្រយោជន៍សម្រាប់ការអភិរក្ស និងសម្រាប់ការយល់ដឹងរបស់សាធារណជន។

លោកនេត្រភក្ត្រា បានមានប្រសាសន៍ថា ទិន្នន័យនៃវត្តមានសត្វព្រៃទាំងនេះ ត្រូវបានក្រុមការងារនៃគម្រោង"និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា"សហការជាមួយនាយកដ្ឋានអភិរក្សតំបន់ឆ្នេរ និងសមុទ្រ នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកោះកុង សិក្សាស្រាវជ្រាវ ដោយបានចុះដោះម៉ាស៊ីនស្វ័យប្រវត្តិ នៅក្នុងដែនជម្រកសត្វព្រៃខេត្តកោះកុងចំនួន៣៤ទីតាំង ដោយប្រើរយ:ពេល៣ខែ ចាប់ពីថ្ងៃទី៨ ខែសីហា ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ក្រុមការងារបានចុះប្រមូលទិន្នន័យ ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយជាលទ្ធផលរកឃើញពីវត្តមាន ប្រភេទសត្វព្រៃមានដោយកម្រនិងប្រភេទសត្វមានដោយបង្គួរ នៅក្នុងប្រទេសកម្ពុជា និងជាប្រភេទជិតផុតពូជខ្លាំង ប្រភេទជិតគំរាមកំហែង ប្រភេទជិតផុតពូជប្រភេទងាយរងគ្រោះ ប្រភេទមានការព្រួយបារម្ភតិចតួច ក្នុងបញ្ជីក្រហម IUCN ចំនួន២០ប្រភេទ និងប្រភេទថនិកសត្វ និងសត្វស្លាបផ្សេងៗជាច្រើនទៀត។

ប្រភេទសត្វកម្រៗទាំងនោះរួមមាន÷ ពង្រូល.ភេរោមច្រមុះ.ឆ្កែព្រៃ.ស្វាត្រោស.ស្វាក្តាម.ខ្លាត្រី.ជ្រូកពោនឬព្រុល.ប្រើសស្បូវ ឆ្មាដាវ.កំប្រុកព័រណ៌.ឈ្លូស.ក្តាន់ញែង.សំពោធក្រអូប.ជ្រូកព្រៃ.ត្រកួត.កេងកងតូចក្រសាតូច.មាន់ព្រៃ.និងប្រភេទថនិកសត្វបក្សីមួយចំនួនទៀត។ ប្រភេទសត្វមួយចំនួនដែលបានរកឃើញនៅពេលនេះ ក៏បានបង្ហាញវត្តមាននៅតាមតំបន់ការពារធម្មជាតិផ្សេងៗទៀតនៅក្នុងការសិក្សាស្រាវជ្រាវកន្លងមកផងដែរ។

លោករដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានមានប្រសាសន៍ថាក្រសួងបរិស្ថាន សូមថ្លែងអំណរគុណ ដល់កិច្ចកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញមន្ទីរបរិស្ថាន មន្ត្រីឧទ្យានុរក្ស និងសហគមន៍មូលដ្ឋាននៃខេត្តកោះកុង គាំទ្រដោយគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា នៃក្រសួងបរិស្ថាន សម្រួលក្រោមហិរញ្ញប្បទាន ពីធនាគារពិភពលោក។

លោករដ្ឋលេខាធិការ បានថ្លែងថា រូបភាពសត្វព្រៃ ដែលថតបាន និងទិន្នន័យនានា នឹងត្រូវមន្ត្រីជំនាញ នៃក្រសួងបរិស្ថាន ធ្វើការវិភាគពីរបាយសត្វព្រៃ ស្ថានភាពទីជម្រក កត្តាគំរាមកំហែងដែលជាកម្មវត្ថុធ្វើបច្ចុប្បន្នភាព តំបន់គ្រប់គ្រង និងផែនការគ្រប់គ្រងដែនជម្រកសត្វព្រៃ នៅក្នុងខេត្តកោះកុង។

ជាមួយនឹងដំណឹងដ៏រីករាយនៃការរកឃើញវត្តមានសត្វព្រៃកម្រជាច្រើននេះ ក្នុងនាមក្រសួងបរិស្ថាន លោករដ្ឋលេខាធិការ បានអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ សូមចូលរួមទាំងអស់គ្នា ដើម្បីបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ការប្រើប្រាស់ផលិតផលពីសត្វព្រៃ ការជួញដូរសត្វព្រៃដែលសុទ្ធសឹងអាចបង្កហានិភ័យខ្ពស់ដល់សុខភាពមនុស្ស ហើយមកចូលរួមការពារ និងថែរក្សាធនធានធម្មជាតិ និងជីវ:ចម្រុះរបស់កម្ពុជានេះ ឲ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការបានគូសបញ្ជាក់ថា ក្រសួងបរិស្ថាន និងដៃគូ បាននិងកំពុងអនុវត្តន៍ទាំងវិធានការច្បាប់ផង និងវិធានការបង្កើតសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីកាត់ផ្តាច់ការពឹងអាស្រ័យរបស់ប្រជាពលរដ្ឋ ទៅលើធនធានធម្មជាតិ ខណ:សេដ្ឋកិច្ចកម្ពុជាមានការអភិវឌ្ឍនរីកចម្រើនមានកំណើនការងារ និងប្រជាពលរដ្ឋមានចំណូលកាន់តែប្រសើរឡើង៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ