• ច័ន្ទ ២៩ មេសា ២០២៤ ០៤:១៦ ព្រឹក

កម្ពុជា និងអាល្លឺម៉ង់ ឯកភាពគ្នាលើបេក្ខភាពគម្រោងចំនួន៧ ដែលអាចរួមចំណែកជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងពង្រឹងវិស័យវាយនភណ្ឌនៅកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានឯកភាពគ្នាលើបេក្ខភាពគម្រោង/កម្មវិធីចំនួន៧ សម្រាប់ឆ្នាំ២០២៣-២០២៤ ដែលអាចចូលរួមចំណែកក្នុងការជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម គាំពារ និងសុខមាលភាពសង្គម សុខាភិបាល រួមទាំងការពង្រឹងវិស័យវាយនភណ្ឌនៅកម្ពុជា ផងដែរ។យោងតាមការឲ្យដឹងក្នុងជំនួបពិភាក្សាការងាររវាង លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Stefan Messerer ដែលត្រូវបានរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ថ្មីនៅកម្ពុជា កាលពីរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក៏ដូចជា ប្រជាជនអាល្លឺម៉ង់ ក្នុងការគាំទ្រ និងចូលរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងរយៈកាលកន្លងមក។ ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏មានសារៈសំខាន់មួយ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជា រួមទាំងជំនួយបច្ចេកទេស ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន ដែលបានឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍របស់កម្ពុជា។ជាក់ស្តែងថ្មីៗនេះ អាល្លឺម៉ង់ តាមរយៈធនាគារអភិវឌ្ឍន៍ KfW បានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ១៦លានអ៊ឺរ៉ូ ជាសហហិរញ្ញប្បទានជាមួយ WB, KOICA និង DFAT តាមរយៈ Multidonor Trust Fund (MTDF) សម្រាប់អនុវត្តគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី៣។ គម្រោងនេះ បានឆ្លើយតបទៅនឹងសេចក្តីត្រូវការជាអាទិភាពក្នុងវិស័យសុខាភិបាល ពោលគឺ លើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសមធម៌ នៃសុខភាពប្រជាជន តាមរយៈការបន្តចូលរូមជំរុញការអនុវត្ត ១. ផែនការយុទ្ធសាស្ត្រសុខាភិបាល, ២. ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីឆ្នាំ២០២១-២០២៣។

លោកឯកអគ្គរដ្ឋទូត បានលើកឡើងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានដើរតួនាទីយ៉ាងសំខាន់ ស្ថិតក្នុងបរិការណ៍បច្ចុប្បន និងអរគុណដល់ក្រសួង-ស្ថាប័ន ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រពៃ នាពេលកន្លងមក។ ចំពោះទំនាក់ទំនងមិត្តភាព រវាងប្រទេសទាំងពីរ កំពុងមានភាពរឹងមាំ និងស៊ីជម្រៅ ហើយអាល្លឺម៉ង់នឹងបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរបស់កម្ពុជា ពិសេស បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបានលទ្ធផលល្អប្រសើរក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងបើកដំណើរការសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័ស។

រដ្ឋាភិបាលអាល្លឺម៉ង់ នឹងបន្តជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អគុណភាពនៃសេវាសុខាភិបាល សមធម៌ ដល់ប្រជាជនក្រីក្រ និងជនងាយរងគ្រោះ, ការផ្តល់មូលនិធិសមធម៌សុខភាព ការកែលម្អគុណភាពនៃកន្លែងថែទាំសុខភាពសាធារណៈ សមភាពយេនឌ័រ និងបរិយាប័នសង្គម។

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់បន្ថែមថា នារយៈពេល ២ឆ្នាំចុងក្រោយនេះ វិវបត្តិនៃជំងឺកូវីដ-១៩ បានបង្កនូវផលអវិជ្ជមានជាច្រើនដល់សុខភាពសាធារណៈ និងសកម្មភាពសង្គម-សេដ្ឋកិច្ចកម្ពុជា ដែលជាបទពិសោធន៍សំខាន់សម្រាប់បន្តការដ្ឋាន នៃការកែទម្រង់របស់កម្ពុជា។ ចំពោះមុខ កម្ពុជាបានដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្ត្រ កម្មវិធីការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីឆ្នាំ២០២១-២០២៣ ដែលមានគោលបំណងស្តារ និងពង្រឹងសក្តានុពលនៃចន្ទុលកំណើនសេដ្ឋកិច្ចឲ្យរស់រវើក និងត្រឡប់ទៅកំណើនប្រកបដោយចីរភាព និងបរិយាប័ន និងកសាងភាពធន់រឹងមាំនៃសង្គម-សេដ្ឋកិច្ច អនុលោមតាមអភិក្រមចំនួន ៣គឺ ១.ការស្ដារឡើងវិញ ២.ការកែទម្រង់ និង៣.ការកសាងភាពធន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ