• ច័ន្ទ ២៩ មេសា ២០២៤ ១១:០០ ព្រឹក

ក្រសួងបរិស្ថាន បន្តពង្រឹងកិច្ចសហការបន្ថែមជាមួយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល ជំរុញការអភិវឌ្ឍបៃតង និងសេដ្ឋកិច្ចបៃតងកម្ពុជា

ប្រទេសកូរ៉េ÷ លោកអ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានប្រតិភូកម្ពុជា បានលើកឡើងពីការពង្រឹងកិច្ចសហការបន្ថែមពីវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល(GGGI) ក្នុងការស្វែងរកដំណោះស្រាយហិរញ្ញវត្ថុបៃតង ការចូលរួមពីវិស័យឯកជន ក្របខណ្ឌគោលនយោបាយសញ្ញាបណ្ណបៃតង ការកៀរគរធនធានសម្រាប់សហគ្រិនភាពបច្ចេកវិទ្យាអាកាសធាតុ ដើម្បីជំរុញការអភិវឌ្ឍបៃតង និងសេដ្ឋកិច្ចបៃតងកម្ពុជា។ ការលើកឡើងរបស់ភាគីកម្ពុជានេះបានធ្វើងឡើងក្នុងកិច្ចប្រជុំពេញអង្គលើកទី១១ (The Eleventh Session of the Assembly) និងកិច្ចប្រជុំក្រុមប្រឹក្សាលើកទី១៥ (The Fifteenth Session of the Council) នៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល(GGGI) ដែលបានរៀបចំឡើងនៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២នេះនាស្នាក់ការកណ្តាលវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល នារដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ។សម្រាប់កិច្ចប្រជុំនេះដែរបានប្រព្រឹត្តិទៅក្រោមការសម្របសម្រួល និងដឹកនាំដោយ លោកបាន គីមូន ប្រធានGGGI និងជាអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងលោកជំទាវ  Kim Hyo-eun អនុរដ្ឋមន្រ្តី និងជាឯកអគ្គរដ្ឋទូតប្រែប្រួលអាកាសធាតុនៃក្រសួងការបរទេសនៃសាធារណៈរដ្ឋកូរ៉េ និងជាអនុប្រធាន GGGI ដោយមានការចូលរួមផ្ទាល់ពីប្រតិភូ និងសមាជិកប្រតិភូតំណាងបណ្តាប្រទេសចំនួន៤៤ ដែលជាសមាជិករបស់GGGI សរុបចំនួន៧០រូប និងមានការចូលរួមតាមវីដេអូពីចម្ងាយមួយចំនួនផងដែរ។

ក្នុងកិច្ចប្រជុំបានសម្រេចលើរបៀបវារៈនៃកិច្ចប្រជុំ ការរាយការណ៍ពីសមិទ្ធផលសម្រេចបានឆ្នាំ២០២២របស់ GGGI  របាយករណ៍គ្រប់គ្រង និងកម្មវិធីតាមអនុគណៈកម្មាធិការ ព្រមទាំងរបាយការណ៍សង្ខេបនៃកិច្ចពិគ្រោះយោបល់តាមប្រព័ន្ធវីដេអូពីចម្ងាយ។ ឯកឧត្តម បាន គីមូន បានមានប្រសាសន៍បើកកិច្ចប្រជុំ ដោយបង្ហាញពីការធ្វើឱ្យប្រសើរឡើងវិញបន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងការកៀរគរធនធាន៥ពាន់លានដុល្លារសម្រាប់អនុវត្តការងារការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការប្រែប្រួលអាកាសធាតុតាមរយៈការសាមគ្គីភាព និងសុខុដុមនីកម្មក្នុងបណ្តាប្រទេសជាសមាជិក ដើម្បីជំរុញគំរូម៉ូដែលអភិវឌ្ឍន៍បៃតងឱ្យឆ្លើយតបជាមួយបញ្ហាប្រឈមបរិស្ថាន និងសង្គមជាក់ស្តែង។ លោកអ៊ាង សុផល្លែត ប្រធានប្រតិភូកម្ពុជាក៏ បានអញ្ជើញថ្លែងសុន្ទរកថាអន្តរគមន៍ក្នុងនាមកម្ពុជាជាប្រទេសសមាជិកស្ថាបនិក ដោយបានលើកឡើងពីសមិទ្ធផលសម្រេចបាននៃលើកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍបៃតងនៅកម្ពុជា រយៈពេល១ទស្សវត្សរ៍កន្លងមកនេះ លើការងារអភិវឌ្ឍន៍ទីក្រុងនិរន្តរភាពសម្រាប់រាជធានីភ្នំពេញ និងក្រុងគោលដៅចំនួន៧  ការគាំទ្រដល់បច្ចុប្បន្នភាពនៃការរួមចំណែករបស់កម្ពុជាក្នុងការអនុវត្តអនុសញ្ញាសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ  (NDC) និងយុទ្ធសាស្រ្តរយៈពេលវែងស្តីពីអព្យាក្រឹត្យកាបូន។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ ជាកិច្ចប្រជុំកំពូលដែលមានការចូលរួមពីថ្នាក់ដឹកនាំនៃប្រទេសជាសមាជិករបស់ GGGI ដើម្បីចែករំលែកនូវវឌ្ឍនភាពការងាររបស់ខ្លួន និងបន្តកិច្ចសហការការងារជមួយ GGGI ពាក់ព័ន្ធនឹងការងារអភិវឌ្ឍន៍បៃតងរួមមាន៖

១). របាយការណ៍វឌ្ឍនភាពការងាររបស់ GGGI ឆ្នាំ២០២២

២). របាយការណ៍របស់អនុគណៈកម្មាធិការគ្រប់គ្រងនិងកម្មវិធី

៣). របាយការណ៍សង្ខេបកិច្ចពិគ្រោះយោបល់តាមប្រព័ន្ធអនឡាញ

៤). របាយការណ៍លទ្ធផលកិច្ចសហការរបស់ GGGI ឆមាសទី១ ឆ្នាំ២០២២

៥). បច្ចុប្បន្នភាពថវិកាប្រតិបត្តិការ ឆ្នាំ២០២២

៦). កម្មវិធីការងារ និងថវិកា ២០២៣-២០២៤

៧). កម្មវិធីទីផ្សាកាបូន និង

៨). បោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាល៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ