• ច័ន្ទ ២៩ មេសា ២០២៤ ១២:១៨ ល្ងាច

ដំណាំស្រូវជាង២ម៉ឺនហិកតា ក្នុងខេត្ត៣ គ្រោងស្តារឡើងវិញក្រោយខូចខាតដោយទឹកជំនន់

ក្នុងដំណើរបេសកកម្មបន្ទាន់តបតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជុំវិញការស្តារដំណាំស្រូវខូចខាតដោយទឹកជំនន់ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ ចាប់បានជួបពិភាក្សាជាមួយអាជ្ញាធរ និងមន្ទីរជំនាញតាមបណ្តាខេត្តជាប់បឹងទន្លេសាប រួមមាន៖ កំពង់ធំ បន្ទាយមានជ័យ និងសៀមរាប។ក្នុងបេសកកម្មបន្ទាន់នេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា តបតាមអនុសាសន៍ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តាមរយសារសំឡេងកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ស្តីពីការត្រួតពិនិត្យលើផលប៉ះពាល់ដំណាំស្រូវ និងដំណាំរួមផ្សំដែលខូចខាតដោយទឹកជំនន់ គឺចាំ បាច់ត្រូវធ្វើការប្រមូលទិន្នន័យ និងភាពជាក់ស្តែងនៃការបង្កបង្កើន ផលរបស់ប្រជាកសិករ ក្នុងគ្រួសារនីមួយៗ។ឯកឧត្តមទេសរដ្ឋមន្រ្តី ថ្លែងថា បេសកកម្មនាពេលនេះ ត្រូវផ្តោតសំខាន់លើចំណុចសំខាន់ពីរ រួមមាន៖ ទី១ត្រូវស្រង់ទិន្នន័យពីការផលប៉ះពាល់ដំណាំរបស់ប្រជាកសិករ និងទី២ ពិនិត្យអំពី លទ្ធភាព លើផ្ទៃដីរបស់ប្រជាពលរដ្ឋដែលអាចបង្កបង្កើនផលអាស្រ័យទៅតាមភូមិសាស្រ្តដី និងប្រភពទឹកធានាដល់ការស្រោចស្រព។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំដល់មន្ទីរកសិកម្មខេត្ត និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចាំបាច់ ត្រូវសហការគ្នាសិក្សាឱ្យបានម៉ត់ចត់អំពីភូមិសាស្រ្តនីមួយៗ ដែលត្រូវស្តារឡើងវិញ ក្នុងពេល ស្ថានភាពអាកាសធាតុបន្តប្រឈម និងអាចអូសបន្លាយរងគ្រោះដោយទឹកជំនន់។យ៉ាងណាមិញឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ថា ទោះបីស្ថិតក្នុងកាលៈទេសៈណា ក៏ត្រូវ សិក្សា អំពីការស្តារ និងផ្តល់ពូជស្រូវជូនប្រជាកសិករណា ដែលទឹកជំនន់បានស្រកឱ្យចាប់ផ្ដើម ស្តារមុនគេ ដើម្បី ធានាជីវភាពរបស់បងប្អូនប្រជាកសិករមិនប៉ះពាល់ធ្ងន់ធ្ងរជាងនេះ។តាមរយៈបេសកកម្មមួយថ្ងៃក្នុងខេត្ត៣ ក្នុងនោះ ខេត្តកំពង់ធំគ្រោង នឹងស្តារឡើងវិញ ដែល ខូចខាតទំហំ ៩ពាន់ហិកតា ស្មើនឹងជាង ១ម៉ឺនគ្រួសារ ។ ខេត្តសៀមរាបមានដំណាំស្រូវ ប៉ះពាល់ ៣២,៤៦៥ហិកតា ស្មើនឹង ២៥,៦២៣គ្រួសារ ដោយដំណាំស្រូវខូចខាតមាន ២,៧៨៣ហិកតា ខណៈទំហំការខូចខាតនេះគ្រោងធ្វើការស្តារឡើងជំហានដំបូង ១,៥០០ហិកតា ខណៈខេត្តបន្ទាយមានជ័យ ស្រូវដែលគ្រោងស្តារមាន ១៥,០០០ហិកតា ៕

 

 

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ