• ច័ន្ទ ២៩ មេសា ២០២៤ ០៧:១៣ ព្រឹក

សម្តេចតេជោ ហ៊ុន សែន៖ ដំណើរឆ្ពោះទៅប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០ អាចនឹងត្រូវរាំងស្ទះ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ដំណើរឆ្ពោះទៅការសម្រេចបាននូវចក្ខុវិស័យប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០ អាចនឹងត្រូវរាំងស្ទះដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ ដែលបានបង្កផលប៉ះពាល់ដល់ល្បឿនសេដ្ឋកិច្ចកម្ពុជា។ការលើកឡើងយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ ២០២២» ក្រោមមូលបទ «ការស្តារកម្ពុជាឡើងវិញ៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩» នៅព្រឹកថ្ងៃទី ៦ខែតុលា ឆ្នាំ ២០២២។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយមុនឆ្លងរាលដាលនៃជំងឺកូវីដ១៩ កម្ពុជាសម្រេចបានអត្រាកំណើនសេដ្ឋកិច្ចជាង ៧ភាគរយ ក្នុងមួយឆ្នាំ ដែលការណ៍នេះបានធ្វើឲ្យកម្ពុជា ផ្លាស់ប្តូរឋានៈពីប្រទេសមានការអភិវឌ្ឍតិចតួច ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅក្នុងឆ្នាំ ២០១៥។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជាមួយសមិទ្ធផលដ៏ត្រចះត្រចង់នេះ រាជរដ្ឋាភិបាលបានកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនាអំឡុងពេលដែលជំងឺកូវីដ បាន និងកំពុងរីករាលដាលនេះ ដំណើរឆ្ពោះទៅការសម្រេចបាននូវចក្ខុវិស័យទាំងនេះ អាចជួបប្រទះនឹងការរាំងស្ទះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា នៅក្នុងឆ្នាំ ២០២០ ជំងឺដ៏កាចសាហាវនេះ បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា មានកំណើនអវិជ្ជមានក្នុងអត្រា -៣,១ភាគរយ ដែលជាកំណើនអវិជ្ជមានលើកដំបូង ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ។

ទោះជាយ៉ាងណាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ បានមានប្រសាសន៍ថា ជាការឆ្លើយតបបន្ថែមទៅលើវិធានការសុខាភិបាល រាជរដ្ឋាភិបាល បានដាក់ចេញវិធានការអន្តរា គមន៍ផ្នែកសង្គម និងសេដ្ឋកិច្ចជាបន្តបន្ទាប់ ដើម្បីរក្សាលំនឹង និងជីវភាពរបស់កម្មករ និយោ ជិត ក៏ដូចជាគ្រួសារក្រីក្រ និងងាយរងគ្រោះ។បន្ទាប់ពីបើកប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ តាំងពីថ្ងៃទី ១ខែវិច្ឆិកា ឆ្នាំ ២០២១ ប្រកបដោយសុវត្ថិភាពរហូតមកដល់ថ្ងៃនេះ និងបានធ្វើឲ្យសេដ្ឋកិច្ចប្រទេសកម្ពុជា ងើបឡើងវិញជាបណ្តើរៗប្រកបដោយភាពធន់ និងរឹងមាំ។ សេដ្ឋកិច្ចមានកំណើនវិជ្ជមានក្នុងរង្វង់អត្រា ៣% នៅក្នុងឆ្នាំ ២០២១ ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងបន្តមានកំណើនក្នុងរង្វង់អត្រា ៥% នៅក្នុងឆ្នាំ ២០២២ និង ៦% នៅក្នុងឆ្នាំ ២០២៣។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា កម្ពុជា ត្រូវបានចាត់ទុកថា ជាប្រទេសឈានមុខមួយដែលបានគ្រប់គ្រង និងងើបចេញពីវិបត្តិកូវីដ១៩ បានយ៉ាងល្អប្រសើរ ក្នុងបរិការណ៍ដែលប្រទេសជាច្រើន នៅជុំវិញពិភពលោក នៅបន្តជួបប្រទះនៃការឆ្លងរាលដាលនៅឡើយ។

យោងតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា គិតចាប់តាំងពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២១ រាជរដ្ឋាភិបាល បានចំណាយថវិកាប្រមាណ ១៦២៧លានដុល្លារ ដើម្បីគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗក្នុងអំឡុងពេល និងក្រោយវិបត្តិកូវីដ ១៩។ ដោយថវិកាទាំងនេះ ត្រូវបានដកចេញពីប្រាក់សន្សំជាង ៣៥០០លានដុល្លារ ដែលរាជរដ្ឋាភិបាលកម្ពុជា បានសន្សំទុក ដើម្បីប្រើប្រាស់ក្នុងករណីចាំបាច់។ ខណៈនៅឆ្នាំ ២០២២នេះ រដ្ឋគ្រោងនឹងដកលុយសន្សំ ៥០០លានដុល្លារបន្ថែមទៀត។

ក្រៅពីការធូរស្រាលនៃបញ្ហាជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិភពលោកទាំងមូលបានជួបប្រទះនូវបញ្ហាប្រឈមជាបន្តបន្ទាប់ផ្សេងទៀត ដែលបាន និងកំពុងកើតមានឡើង ដូចជាសង្គ្រាម រុស្ស៊ី និងអ៊ុយក្រែន ការកើនឡើងថ្លៃប្រេងឥន្ធនៈ និងសម្ពាធអតិផរណា បូករួមទាំងការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិដែលបាន និងកំពុងដាក់សម្ពាធបន្ថែម មកលើអាយុជីវិត និងជីវភាពរបស់ប្រជាជនយើង ជាពិសេសប្រជាជនក្រីក្រ និងងាយរងគ្រោះ។

យ៉ាងណាមិញ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាល បាន និងកំពុងព្យាយាមប្រែក្លាយវិបត្តិឲ្យទៅជាកាលានុវត្តភាព តាមរយៈការពន្លឿនការកែទម្រង់ស៊ីជម្រៅ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា។ ក្នុងនោះ កាលពីខែតុលា ឆ្នាំ ២០២១ កម្ពុជា បានដាក់ចេញនូវច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់វិនិយោគថ្មីដោយមានការកំណត់នូវការផ្តល់ការលើកទឹកចិត្ត និងការការពារដល់វិនិយោគិនជាក់លាក់ និងច្បាស់លាស់ ក្នុងបំណងបង្កើនការទាក់ទាញការវិនិយោគសម្រាប់កម្ពុជា។

បន្ថែមលើនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា រាជរដ្ឋាភិបាលក៏បានដាក់ចេញ និងបាន និងកំពុងជំរុញការអនុវត្ត ឯកសារគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសំខាន់ៗ ដូចជាវិស័យកាត់ដេរ យានយន្ត អេឡិចត្រូនិក កសិកម្ម ទេសចរណ៍ ប្រៃសណី យ៍ និងប្រសិទ្ធភាពថាមពលជាដើម។

សូមជ្រាបថា ក្រៅពីការបន្តរក្សាកម្មវិធីផ្តល់ឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងវិបត្តិ និងក្រោយវិបត្តិនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាល ក៏បានប្រកាសពីគម្រោងផ្តល់ឧបត្ថម្ភសាច់ប្រាក់ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះដោយសម្ពាធអតិផរណាបន្ថែមទៀតផងដែរ៕
 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ