• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៥២ ព្រឹក

មន្រ្តីជំនាញអះអាងថាកម្ពុជាអស់បទល្មើសព្រៃឈើខ្នាតធំ ហើយកំពុងជោគជ័យលើការលក់ឥណទានកាបូន

មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថានបានថ្លែងថា នាពេលបច្ចុប្បន្ននេះកម្ពុជាមិនមានបទល្មើសព្រៃឈើ ខ្នាតធំនោះទេ និងយើងមាន ល្មើសព្រៃឈើខ្នាតតូច ដែលយើងកំពុងបន្តទប់ស្កាត់និងបង្រ្កាបក្នុងនោះយើងអនុវត្តវិធានការសេដ្ឋកិច្ចផងនិងវិធានការអនុវត្តច្បាប់ផង។ ទន្ទឹមជាមួយគ្នាកម្ពុជាក៏ទទួលជោគជ័យលើការលក់ឥណទានកាបោនផងដែរ។ការថ្លែងបែបនេះធ្វើឡើងដោយ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន ក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេច បានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងបរិស្ថាន» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី៣០ ខែសីហាឆ្នាំ ២០២២ នៅទីស្តីការគណៈ រដ្ឋមន្ត្រី។ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ថា ក្នុង មួយឆ្នាំៗពោលគឺរយៈពេល៥ឆ្នាំចុងក្រោយនេះបទល្មើសដែលយើងបានបង្រ្កាបគឺ បានប្រមាណជាង៨ពាន់ ករណីនៅក្នុងមួយឆ្នាំ ដោយមន្រ្តីឧទ្យានុរក្ស ដែលជា មន្រ្តីនគរបាលយុតិ្តធម៌ ហើយក្នុងនោះបទល្មើស ចំនួន ជាង៨០០ករណីត្រូវបានចងក្រងបញ្ចូនសំណុំរឿងទៅកាន់តុលាការ ហើយក្រៅអំពីនោះសំណុំរឿងទាំងនោះ ត្រូវ បានធ្វើការអប់រំ ចុះកិច្ចសន្យាបញ្ឈប់ និងពិន័យ អន្តរកាល។

ចំណែកបទល្មើសខ្លះ ជាអាញត្តិជន។ជាមួយគ្នានេះក្នុងមួយឆ្នាំៗមានរណាយន្តប្រមាណ៥ពាន់រណាយន្តត្រូវបានរឹបអូស ពីក្រុមជនល្មើស ហើយក្នុង នោះកាំភ្លើងកែច្នៃប្រមាណមួយពាន់គ្រឿងត្រូវបានរឹបអូស ដកហូត។

អន្ទាក់ប្រមាណជាងប្រាំម៉ឺនអន្ទាក់ ត្រូវ បាន ដោះចេញពីតំបន់ការពារធម្មជាតិ ហើយវត្ថុតាង មាន ម៉ូតូ គោយន្ត កន្រ្តៃ ត្រាក់ទ័រ រថយន្ត បានប្រមាណ ជាងមួយពាន់គ្រឿង ត្រូវបានរឹបអូសនៅក្នុង មួយឆ្នាំ ៗហើយឈើជាច្រើនពាន់គីបត្រូវបានរឹបអូស។ ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ផងថាទន្ទឹមជាមួយកិច្ចការពារបាននេះក្រសួងបានអភិរក្សនិងរួមកិច្ចការពារព្រៃឈើធ្វើឱ្យកម្ពុជាទទួលបានជោគជ័យលើការលក់ឥណទានកាបូន បានលើកតម្កើងនូវកិត្យានុភាព ជាតិ កម្ពុជា លើឆាកអន្តរជាតិ ដែលមិនមានប្រទេស ច្រើនទេ ក្នុងពិភពលោកអាចធ្វើបាន និងបានទប់ទល់ ជាមួយនឹងយុទ្ធនាបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ក្នុងរូបភាពថា កម្ពុជាមានបទល្មើសព្រៃឈើច្រើនជាងគេលើពិភពលោក។

ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ដោយបញ្ជាក់ថាកម្ពុជាបានឈានដល់របត់ថ្មីមួយទទួលបានចំណូលពីការអភិរក្សធនធានធម្មជាតិរបស់ខ្លួន ដោយសារតែ កត្តាសុខសន្តិភាពពេញលេញ យើងមានឱកាស គ្រប់គ្រាន់ និងមានធនធានសម្រាប់ការងារអភិរក្ស ហើយដោយសារតែភាពប្រសើរឡើងនៃការអភិរក្សនេះ បានធ្វើឱ្យកម្ពុជាអាចរកចំណូលបានពីការអភិរក្សរបស់ខ្លួនតាមរយៈការលក់ឥណទានកាបូន (Carbon Credit) ក្នុងគម្រោង រេដបូក គម្រោង កាត់បន្ថយការបញ្ចេញ ឧស្ម័ន ផ្ទះកញ្ចក់ក្នុងវិស័យព្រៃឈើ និងការបង់សេវា ប្រព័ន្ធអេកូឡូស៊ី (Payment Ecosystem Service)។

ទន្ទឹមគ្នានេះ ឯកឧត្ត នេត្រ ភក្រ្តាបានបញ្ជាក់បន្ថែមថា ចាប់ពីឆ្នាំ២០១៦កន្លងមក ក្រសួងបរិស្ថាន បានរៀបចំ និងកំពុងអនុវត្តគម្រោងរេដបូកចំនួន៣ រួមមាន៖ គម្រោង រេដបូកកែវសីមា គម្រោងរេដបូកក្រវាញខាងត្បូង និងគម្រោងរេដបូកព្រៃឡង់។

គម្រោងរេដបូកទាំងបី ខាងលើនេះ កន្លងមកបាន ទទួលថវិកាពីការលក់ឥណទានកាបូន ចំនួនប្រមាណ ១១,៦លានដុល្លារអាមេរិក ដែលថវិកាទាំងនេះ ត្រូវ បានបែងចែក។

គម្រោងរេដបូកទាំងបីខាងលើ គ្របដណ្តប់ ទៅលើ ផ្ទៃដីប្រមាណ ១,២៧លានហិកតា ស្មើនឹង ១៧,៦ ភាគរយ នៃផ្ទៃដីតំបន់ការពារធម្មជាតិទាំងអស់។ ក្រសួងបរិស្ថានកំពុងរៀបចំគម្រោងរេដបូកបន្ថែមទៀត លើផ្ទៃដីចំនួន ១,១៩លានហិកតា ដែលនឹងធ្វើឱ្យផ្ទៃដី គម្រោងរេដបូកសរុបនឹងមានចំនួន ២,៤៦លានហិកតា (ស្មើនឹង ៣៤,១ភាគរយ នៃផ្ទៃដីតំបន់ការពារ ធម្មជាតិ ទាំងអស់)។

ឯកឧត្តមមានប្រសាសន៍ថាកម្ពុជាពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានទទួល ចំណូលពីការអភិរក្សរបស់ខ្លួន និងបាននិងកំពុងលុប បំបាត់ទស្សនៈថា ទាល់តែកាប់ព្រៃឈើទើបបាន ប្រាក់ ចំណូលមកជាប្រទេស ដែលទទួលបានប្រាក់ចំណូល ពីការពារនិងអភិរក្សព្រៃឈើរបស់ខ្លួន ក្រោម ទិសស្លោក «រក្សាឈើឈរដើម្បីជាផលប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គមជាតិ»៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ