• ច័ន្ទ ២៩ មេសា ២០២៤ ១២:៥០ ល្ងាច

ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ចំនួន១៤៦ទទួលកម្ចីសរុប២០លានដុល្លារពីគម្រោងហិរញ្ញប្បទានស្តារវិស័យទេសចរណ៍ឡើងវិញ

ភ្នំពេញ÷តាមប្រភពព័ត៌មានពីក្រសួងទេសចរណ៍បានឲ្យដឹងនៅព្រឹកថ្ងៃចន្ទទី២៩ខែសីហាឆ្នាំ២០២២នេះថា÷គិតត្រឹមចុងខែសីហាឆ្នាំ២០២២នេះSME Bankបានអនុម័តទំហំកម្ចីសរុបចំនួន២០លានដុល្លារទៅដល់សំណើកម្ចីរបស់ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ចំនួន១៤៦ដើម្បីឲ្យពួកគេយកទៅស្តារអាជីវកម្មរបស់ខ្លួនក្នុងពេលដែលភ្ញៀវទេសចរអន្តរជាតិចាប់ផ្តើមចូលមកកម្សាន្តនៅកម្ពុជាបណ្តើរៗដែលជំរុញឲ្យវិស័យទេសចរណ៍នៅកម្ពុជាចាប់ផ្តើមងើបឡើងវិញ។នេះបើយោងតាមការបញ្ជាក់ពីលោកបណ្ឌិតលឹមអូនអគ្គនាយកធនាគារសហគ្រាសធុនតូចនិងមធ្យម(SME Bank)។

បន្ទាប់ពីគម្រោងសហហិរញ្ញប្បទានស្តារនិងជំរុញកំណើនក្នុងវិស័យទេសចរណ៍បានដាក់ឲ្យអនុវត្តន៍តាំងពីខែឧសភាមកម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ចំនួន១៤៨បានដាក់សំណើកម្ចីក្នុងនោះសំណើចំនួន១៤៦ត្រូវបានអនុម័ត។ចំណែកសំណើកម្ចីចំនួន២ទៀតត្រូវបានបដិសេធ។

លោកបណ្ឌិតលឹមអូនបានគូសបញ្ជាក់កាលពីថ្ងៃទី២៧ខែសីហាឆ្នាំ២០២២នេះថាកម្ចីភាគច្រើនគឺបានទៅលើអាជីវកម្មសណ្ឋាគារផ្ទះសំណាក់និងភោជនីយដ្ឋានដោយក្នុងចំណោមសំណើដែលបានអនុម័តនេះសណ្ឋាគារមានចំនួន១៩ផ្ទះសំណាក់ចំនួន៤៤ក្នុងទំហំទឹកប្រាក់ជាង១០លានដុល្លារ។ ចំណែកកម្ចីសម្រាប់ភោជនីយដ្ឋានមានចំនួន៦៥អតិថិជនក្នុងទំហំទឹកប្រាក់ប្រមាណ៧លាន៨០ម៉ឺនដុល្លារ។ក្រៅពីនោះគឺអាជីវកម្មផ្សេងៗទៀតដែលគាំទ្រដល់វិស័យទេសចរណ៍ចំនួន១៨អតិថិជនដែលមានទំហំទឹកប្រាក់ប្រមាណ២លានដុល្លារ។លោកអគ្គនាយករូបនេះបានគូសបញ្ជាក់បន្ថែម÷"សន្ទុះនៃការដាក់ពាក្យស្នើសុំបើប្រៀបធៀបជាមួយគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យមក្នុងដំណាក់កាល២គឺមានភាពយឺតជាង។ប៉ុន្តែខ្ញុំគិតថាដោយសារគម្រោងនេះគឺផ្តោតតែលើវិស័យទេសចរណ៍តែមួយមុខហើយគម្រោងមុនគឺមានការបើកទូលាយដែលមានវិស័យច្រើនចូលរួម។ហេតុនេះភាពយឺតយ៉ាវឬចំនួនដែលស្នើមកតិចនេះគឺជារឿងធម្មតាដោយសារតែវាចង្អៀតក៏ប៉ុន្តែយ៉ាងណាក៏ឃើញមានការផុលផុសចាប់អារម្មណ៍ច្រើនជាពិសេសតាមរយ:ក្រសួងទេសចរណ៍និងការផ្សព្វផ្សាយពីវិស័យទេសចរណ៍។សន្ទុះនៃការខ្ចីជិត២ខែមកនេះបាន២០លានគឺគិតថាគួរសមដែរ។

ជាមួយគ្នាលោកសង្ឃឹមថាខែបន្តបន្ទាប់ទៀតនឹងមានសន្ទុះនៃការស្នើកម្ចីនិងការបញ្ចេញកម្ចីកាន់តែកើនឡើងថែមទៀត។លោកវាយតម្លៃថាយ៉ាងយូរណាស់ត្រឹមដំណាច់ត្រីមាសទី១ឆ្នាំ២០២៣ទឹកប្រាក់ក្នុងគម្រោងសហហិរញ្ញប្បទានស្តារនិងជំរុញកំណើនក្នុងវិស័យទេសចរណ៍នឹងត្រូវបញ្ចប់អស់។ សូមជម្រាបថាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកាលពីថ្ងៃទី១៧ខែឧសភាឆ្នាំ២០២២បានដាក់ឲ្យអនុវត្តន៍គម្រោងសហហិរញ្ញប្បទានស្តារនិងជំរុញកំណើនក្នុងវិស័យទេសចរណ៍ដើម្បីលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជាឲ្យមានសន្ទុះឡើងវិញព្រមទាំងជួយដោះស្រាយបញ្ហាកង្វះហិរញ្ញប្បទានរបស់ម្ចាស់អាជីវកម្មក្នុងវិស័យនេះ។ គម្រោងហិរញ្ញប្បទាននេះមានទំហំទឹកប្រាក់សរុបចំនួន១៥០លានដុល្លារដែលបានមកពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន៧៥លានដុល្លារតាមរយ:SME Bankនិងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម(PFIs)ចំនួន៧៥លានដុល្លារដោយផ្តល់អត្រាការប្រាក់៦.៥%ក្នុងមួយឆ្នាំនិងខ្ចីបានខ្ពស់បំផុតរហូតដល់៤០ម៉ឺនដុល្លារដែលអាចខ្ចីបានរហូតដល់៧ឆ្នាំហើយអ្វីដែលពិសេសនោះរយ:ពេលអនុគ្រោះនៃការសងត្រឡប់ប្រាក់ដើមមានរហូតដល់១២ខែ។

គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍នេះគឺផ្តោតសំខាន់លើវិស័យទេសចរណ៍តែមួយប៉ុណ្ណោះដែលម្ចាស់អាជីវកម្មក្នុងវិស័យនេះអាចស្នើសុំឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមជាដៃគូរបស់SME Bankក្នុងអត្រាការប្រាក់សម្បទានសម្រាប់ការកែលម្អនិងធ្វើទំនើបកម្មការពង្រីកខ្លួនបន្ថែមនិងធ្វើពិពិធកម្មនៃសេវាទេសចរណ៍របស់ខ្លួនដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិនៅពេលដែលវិបត្តិជំងឺកូវីដ_១៩បានធូរស្រាល។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍គិតត្រឹមថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២២នេះមូលដ្ឋានអាជីវកម្មទេសចរណ៍សរុបនៅកម្ពុជាមានជិត៨ពាន់អាជីវកម្មក្នុងនោះ៦៨១អាជីវកម្មដែលស្មើនឹង៨.៦៣%បានកំពុងផ្អាកអាជីវកម្មនិង៥២៤អាជីវកម្មឬប្រមាណ៦.៦៤%បានបិទអាជីវកម្ម។ក្នុងចំណោមនោះដែរសណ្ឋាគារនិងផ្ទះសំណាក់ចំនួន១៩០ទីតាំងបានផ្អាកអាជីវកម្មនិង២៩ទីតាំងទៀតបានសម្រេចបិទអាជីវកម្មតែម្តងនិង៥២០ទីតាំងកំពុងដំណើរការអាជីវកម្ម។ដោយឡែកភោជនីយដ្ឋានដែលបច្ចុប្បន្នមានចំនួនសរុប២៥២៩ទីតាំងក្នុងនោះជាង២ពាន់កន្លែងកំពុងបើកដំណើរការនិង៣៦៣ទីតាំងទៀតបានបន្តផ្អាកនិងបិទអាជីវកម្ម៕

 

 

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ