• ច័ន្ទ ២៩ មេសា ២០២៤ ០២:០៥ ព្រឹក

ជំនន់ទឹកស្ទឹងសែន អាចលិចត្រាំ តំបន់ជុំវិញ ក្រុងកំពង់ធំ ច្រើនថ្ងៃទៀត

ទឹកស្ទឹងសែននៅក្រុងកំពង់ធំ បានជន់លិចវាលស្រែ និងតំបន់ទំនាប នៅជុំវិញក្រុងនេះអស់ហើយ បន្ទាប់ពីទឹកបានឡើងដល់កម្រិត ១៣,៥៨ ម៉ែត្រ លើសកម្រិតត្រូវប្រកាសឱ្យប្រុងប្រយ័ត្ន ០,០៨ ម៉ែត្រ នៅថ្ងៃទី១៨ ខែសីហា រួចមក ហើយការលិចនេះ អាចមានរយៈពេលច្រើនថ្ងៃទៀត ដោយសារទឹកស្ទឹងនេះ នៅក្នុងខេត្តព្រះវិហារ មិនទាន់ស្រក និងមាន ភ្លៀងបន្ថែម មកជាបន្តបន្ទាប់ តែការលិចនេះ មិនប៉ះពាល់អ្វីធ្ងន់ធ្ងរទេ ដោយសារជាទូទៅ ប្រជាពលរដ្ឋភាគច្រើន មានការអភិវឌ្ឍភូមិដ្ឋាន ដោយចាក់ដីបន្ថែម ខ្ពស់ៗ មានតែសាលារៀនទេ ដែលរងការលិចលង់ខ្លះនោះ។

លោក យូ ឡា ប្រធានមន្ទីរធនធានទឹក និងឧតុនិយ បានប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុក នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ថា ទឹកស្ទឹងសែននៅក្រុងកំពង់ធំ ថ្ងៃនេះ បន្តឡើងថែមបន្តិចទៀត ធ្វើឱ្យកម្ពស់ទឹក នៅស្ថានីយជលសាស្ត្រកំពង់ធំ ឡើងដល់កម្ពស់ ១៣,៥៨ ម៉ែត្រ ដោយមួយថ្ងៃ ឡើង ០,០១ ម៉ែត្រ គឺឡើងលើសពីកម្រិតកម្ពស់ ត្រូវប្រកាសឱ្យមាន ការប្រុងប្រយ័ត្ន ០,០៨ ម៉ែត្រ តែវាអាចនៅនឹង ហើយចាប់ផ្តើមស្រកចុះវិញ នៅថ្ងៃស្អែក (១៩ សីហា) ដោយសារទឹកស្ទឹងនេះ នៅភាគខាងលើ បានស្រកចុះជាលំដាប់ និងពេលនេះ ទ្វារទឹកប្រឡាយ នៅតាមសងខាងស្ទឹង ក៏បានបើកទ្វារឱ្យទឹកហូរចូល ទៅតាមវាល បន្ទាប់ពីប្រជាពលរដ្ឋ បានរូតរះច្រូតកាត់ដំណាំស្រូវទុំរួចមក។

លោកប្រធានមន្ទីរ បានបញ្ជាក់ថា ទឹកស្ទឹងសែន នៅក្រុងកំពង់ធំ ឡើងខ្ពស់នេះ ដោយសារនៅភាគខាងលើ មានភ្លៀងធ្លាក់ច្រើន និងម្យ៉ាង នៅសងខាងដងស្ទឹង មានស្រូវទុំ កំពុងច្រូតកាត់ ទ្វារទឹកនានា នៅតាមសង ខាងស្ទឹង បានបិទ មិនឱ្យទឹកហូរចូលលិចស្រូវ កំពុងទុំ ទើបធ្វើឱ្យទឹកស្ទឹងឡើងខ្ពស់ និងស្រកចុះយឺត។ តែនៅពេលនេះ ទ្វារទឹកប្រឡាយ នៅសងខាងស្ទឹង បានបើកធ្វើឱ្យទឹកហូរ បែកវាល នៅចម្ងាយសងខាងស្ទឹង ពី ៥០០ ទៅ ១.០០០ ម៉ែត្រ ត្រូវទឹកជន់លិចអស់ហើយ តែមិនបានលិចផ្ទះសម្បែង ដែលគេបានលើកខ្ពស់ៗនោះទេ គឺលិចតែសាលារៀន ដែលបានសង់នៅលើទីទាប ពីមុនៗ មកប៉ុណ្ណោះ។

ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានជូនដំណឹង ស្តីពីការព្យាករធាតុអាកាស សម្រាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែសីហាថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលង នៃប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយកាត់លើភាគខាងជើង ប្រទេសថៃ ឡាវ វៀតណាម ភ្ជាប់ទៅនឹងសម្ពាធទាប សកម្ម Active Low មួយ នៅលើភាគខាងជើង នៃសមុទ្រចិនខាងត្បូង រួមជាមួយនឹងខ្យល់មូសុងនិរតី បក់ពីមធ្យមទៅបង្គួរ បង្កឱ្យមានភ្លៀងធ្លាក់ ក្នុងកម្រិតពីបង្គួរទៅច្រើន។

ក្នុងសេចក្តីជូនដំណឹង សរសេរទៀតថាៈ ស្ថានភាពបែបខាងលើនេះ ធ្វើឲ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមាពី ២៣ ទៅ ២៥ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣២ ទៅ ៣៤ អង្សាសេ។ អាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងនោះ ក៏មានច្រើនដោយអន្លើ និងលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ បរិមាណទឹកភ្លៀង ធ្លាក់ច្រើនបន្តបន្ទាប់ អាចនឹងធ្វើឲ្យភូមិសាស្ត្រ មួយចំនួន នៃខេត្តកំពង់ធំ ប្រឈមនឹងជំនន់ទឹកភ្លៀង សារជាថ្មី។

សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន មានសីតុណ្ហភាព អប្បបរមាពី ២២ ទៅ ២៤ អង្សាសេ និងសីតុណ្ហភាព អតិបរមា មានពី ៣១ ទៅ ៣៣ អង្សាសេ។ អាចមានភ្លៀង នៅក្នុងកម្រិតពីតិចទៅទៅបង្គួរ និងច្រើនដោយអន្លើ លាយឡំទៅដោយ ផ្គររន្ទះ និងខ្យល់កន្ត្រាក់។ អាចបង្កមានជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រមួយចំនួន នៃខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តឧត្តរមានជ័យ។

នៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២៣ ទៅ ២៥ អង្សាសេ និងសីតុណ្ហភាព អតិបរមា មានពី ៣០ ទៅ ៣២ អង្សាសេ។ អាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ