• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៥៨ ល្ងាច

ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្ដីពីករណីជំងឺផ្តាសាយបក្សីលើបុរសអាយុ69ឆ្នាំ

ភ្នំពេញ÷ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថាមានអ្នកជំងឺផ្តាសាយបក្សីចំនួន1ករណីទៀតកើតលើបុរសអាយុ69ឆ្នាំនិងត្រូវបានបញ្ជាក់ថាវិជ្ជ
មាន វីរុសផ្តាសាយបក្សីប្រភេទហាស់អ៉ិន1(H5N1)ពីវិទ្យាស្ថានជាតិសុខភាពសាធារណ:នៅថ្ងៃទី27ខែមករាឆ្នាំ2024ដែលមានទីលំនៅក្នុងភូមិតាប្រុយឃុំព្រៃជ្រូកស្រុកពួកខេត្តសៀមរាប។បច្ចុប្បន្នអ្នក
ជំងឺទទួលបានការថែទាំយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។តាមការសាកសួរបង្ហាញថានៅផ្ទះអ្នកជំងឺមានចិញ្ចឹមមាន់ប្រហែល50-60ក្បាលនិងមានមាន់ងាប់ជាបន្តបន្ទាប់ប្រហែល2សប្តាហ៍ម
កហើយ។

ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិបាននិងកំពុងសហការជាមួយក្រុមការងារនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងក្រសួងបរិស្ថានអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវជំងឺផ្តាសាយបក្សីនិងធ្វើការឆ្លើយតបទៅតាមវិធីសាស្រ្តនិងវិធីសារបច្ចេកទេសបន្តការស្វែងរកប្រភពចម្លងទាំងលើសត្វនិងមនុស្សនិងបន្តស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃក្នុងសហគមន៍ព្រមទាំងចែកជូនឱសថតាមីវ្លូ(Tamiflu)ដល់អ្នកប៉ះពាល់ជិតស្និទ្ធនិងធ្វើយុទ្ធនាការអប់រំសុខភាព ប្រជាពលរដ្ឋនៅក្នុងភូមិកើតហេតុខាងលើ។

ក្រសួងសុខាភិបាលសូមក្រើនរម្លឹកសាជាថ្មីម្ដងទៀតដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្ដាសាយបក្សីជានិច្ចពីព្រោះជំងឺផ្ដាសាយបក្សីH5N1នៅតែបន្តគំរាម
កំហែងដល់សុខភាពប្រជាពលរដ្ឋយើងហើយក៏សូមជម្រាបដល់បងប្អូនប្រសិនបើមានអាការៈក្តៅខ្លួន,ក្អក,ហៀរសំបោរឬពិបាកដកដង្ហើមនិងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺឬស្លាប់ក្នុងអំឡុង14ថ្ងៃមុនថ្ងៃចាប់ផ្តើមមានរោគសញ្ញាសូមកុំទៅជួបជុំឬទីប្រជុំជនដែលមានមនុស្សច្រើននិងត្រូវស្វែងរកការពិគ្រោះយោបល់និងការពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលដែលនៅជិតលោកអ្នកបំផុតឲ្យបានឆាប់ទាន់ពេលវេលា។

របៀបចម្លង÷ជំងឺផ្តាសាយបក្សីH5N1គឺជាជំងឺផ្តាសាយមួយដែលជាធម្មអាចម្លងរវាងបក្សីឈឺទៅបក្សីផ្សេងទៀតប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្សតាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែល ឈឺឬស្លាប់។ជំងឺផ្ដាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរដែលតម្រូវឲ្យមានការធ្វើការព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា។ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្សប៉ុន្តែបើវាអាចបំប្លែងខ្លួនអាចឆ្លងដូចនឹងជំងឺផ្តាសាយតាមរដូវកាលផងដែរ។

វិធានការបង្ការ÷សារអប់រំរបស់រាជរដ្ឋាភិបាលរួមមាន÷លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកមុនពេលបរិភោគនិងបន្ទាប់ពីប៉ះពាល់ជាមួយបក្សីដាក់កុមារនៅឆ្ងាយពីសត្វបក្សីនិងដាក់សត្វបក្សីនៅឲ្យឆ្ងាយពីកន្លែងរស់នៅកុំបរិភោគសត្វបក្សីឈឺឬងាប់និងរាល់សត្វបក្សីដែលធ្វើសម្រាប់បរិភោគត្រូវចម្អិនឲ្យឆ្អិនល្អ។

ក្រសួងសុខាភិបាលនឹងបន្តធ្វើការជូនដំណឹងដល់សាធារណជនអំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពសាធារណៈតាមឆាណែលតេឡេក្រាមនិងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាលក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនិងគេហទំព័រwww.cdcmoh.gov.khដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកមើលនិងប្រើប្រាស់បាន។សម្រាប់ព័ត៌មាន បន្ថែមសូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាលលេខ115ដោយឥតគិតថ្លៃ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ