• ច័ន្ទ ២៩ មេសា ២០២៤ ១០:៣៧ ព្រឹក

ចំណតផែរណបពហុបំណងចំនួន ០៣ទីតាំង របស់កំពង់ផែស្វយ័តភ្នំពេញ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ

ត្បូងឃ្មុំ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវចំណតផែរណបពហុបំណង TS១១, UM២ និង LM២៦ របស់កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) នាព្រឹកថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក ក.ស.ភ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំអមដំណើរ លោក លោកស្រី ជាមន្ត្រី បុគ្គលិក កម្មករ និយោជិតកំពង់ផែ និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប។ ចំណតផែរណបពហុបំណងទាំង ០៣ទីតាំង ដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀតរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលនឹងបម្រើឱ្យប្រតិបត្តិការផ្ទេរ ផ្ទុកទំនិញ និងលើកដាក់កុងតឺន័រ។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលដែលសម្រេចបានទាំងនេះ គឺពិតជាបាននិងកំពុងរួមចំណែកឆ្លើយតបទៅនឹងចក្ខុវិស័យរបស់ក្រសួង កម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ជាពិសេសស្របទៅនឹងទិសដៅក្នុងការពង្រីក និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅកម្ពុជា។ ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ដើម្បីចូលរួមសម្រេចឱ្យបានស្របតាមចក្ខុវិស័យ មាគ៌ានយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានដាក់ចេញនូវផែនការអាទិភាពក្នុងការពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍវិស័យកំពង់ផែនៅកម្ពុជា រួមទាំងការធ្វើកំណែទម្រង់ ដើម្បីធ្វើយ៉ាងណាឱ្យតម្លៃឡូជីស្ទីកមានភាពប្រកួតប្រជែង និងការផ្តល់សេវាមានភាពឆាប់រហ័ស តម្លាភាព និងប្រសិទ្ធភាពផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គពិធីដែរថា នាពេលថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលបានណែនាំក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យសហការគ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បី ពិនិត្យ និងសិក្សារៀបចំផែនការមេ និងក្របខណ្ឌអភិវឌ្ឍន៍ គ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេ និងការតភ្ជាប់បណ្តាញប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកទន្លេជាមួយផ្លូវសមុទ្រ រួមទាំងមណ្ឌលអាជីវកម្មអាទិភាពសម្រាប់ប្រតិបត្តិការអាជីវកម្មកំពង់ផែផងដែរ។ ទន្ទឹមនឹងនេះ ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងសាធារណការ និងដឹកជញ្ជូនក៏បាននិងកំពុងចូលរួមសិក្សា និងរៀបចំផែនការមេអភិវឌ្ឍន៍កំពង់ផែ និងមជ្ឈមណ្ឌលភស្ដុភារកម្មនៅក្រុងព្រះសីហនុ ដើម្បីជំរុញលើកកម្ពស់ការអភិវឌ្ឍវិស័យកំពង់ផែនៅកម្ពុជា។ សូមជម្រាបដែរថា៖ ចំណតផែរណបពហុបំណង TS១១ មានទីតាំងស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កើតចេញពីការសហការវិនិយោគរវាង ក.ស.ភ. ជាមួយក្រុមហ៊ុន PTLS Cooperation Co., Ltd. លើផ្ទៃដីទំហំ ៤ ហិកតា។ គោលបំណងនៃការបង្កើតចំណតផែរណបពហុបំណង TS១១ ដើម្បីប្រតិបត្តិការផ្ទេរ-ផ្ទុក លើកដាក់ កុងតឺន័រ និងទំនិញរាយ ដូចជា គ្រឿងសំណង់ ដែក ថ្មម៉ាប ដំឡូងមី។ល។ បច្ចុប្បន្ននេះ ចំណតផែរណបពហុបំណង TS១១ បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដើម្បីបម្រើឱ្យប្រតិបត្តិការលើកដាក់ទំនិញ និងកុងតឺន័រ និងស្ថិតនៅទីតាំងដែលមានសក្តានុពលខ្ពស់សម្រាប់បម្រើឱ្យសេចក្តីត្រូវការប្រើប្រាស់របស់អតិថិជន ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តផ្សេងៗទៀត ជាពិសេស ចូលរួមចំណែកបានយ៉ាងច្រើនក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។ ចំពោះចំណតផែរណបពហុបំណង UM២ មានទីតាំងស្ថិតនៅ ភូមិដូនម៉ៅលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ។ ចំណតផែរណបពហុបំណង UM២ គឺកើតចេញពីការសហការវិនិយោគរវាង ក.ស.ភ. ជាមួយក្រុមហ៊ុន PTLS Cooperation Co., Ltd. លើផ្ទៃដីទំហំ ១៦,៣ ហិកតា។ គោលបំណងនៃការបង្កើតចំណត ផែរណបពហុបំណង UM២ ដើម្បីប្រតិបត្តិការផ្ទេរ-ផ្ទុក លើកដាក់ កុងតឺន័រ និងទំនិញរាយ ដូចជា គ្រឿងសំណង់ ចំណីសត្វ សសរគ្រឹះបេតុង ដែក កៅស៊ូ ស្រូវ ផលិតផលកសិផលផ្សេងទៀត។ ចំណតផែរណបពហុបំណង UM២ ក៏ជាចំណតផែទន្លេដែលមានសក្តានុពលខ្ពស់ សម្រាប់បម្រើឱ្យសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់នៅតំបន់ជុំវិញតាមដងទន្លេមេគង្គលើ ដើម្បីធ្វើការនាំចេញទៅក្រៅប្រទេស និងនាំចូលទំនិញពីខាងក្រៅមកចំណតផែរណបនេះវិញ។ បន្ថែមពីនេះ ចំណតផែរណបពហុបំណងនេះ នឹងចូលរួមចំណែកកាត់បន្ថយថ្លៃដឹកជញ្ជូនទំនិញ និងការខូចខាតផ្លូវថ្នល់។ ដោយឡែកចំណតផែរណបពហុបំណង LM២៦ មានទីតាំងស្ថិតនៅ ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង មានផ្ទៃដី ទំហំ ១៨,៦ ហិកតា។ បច្ចុប្បន្នចំណតដែរណបពហុបំណងនេះ បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ដោយប្រើប្រាស់ប្រភពទុនវិនិយោគផ្ទាល់របស់ក.ស.ភ.។ គោលបំណងនៃការបង្កើតចំណតផែរណបពហុបំណង LM២៦ គឺដើម្បីបម្រើដល់ប្រតិបត្តិការផ្ទេរ-ផ្ទុក លើកដាក់ កុងតឺន័រ និងទំនិញរាយ ដូចជា គ្រឿងសំណង់ ធ្យូងថ្ម ទំនិញកសិផល ដូចជា ស្រូវ អង្ករ ពោត ដំឡូងមី កៅស៊ូ ម្រេច ជាដើម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ