• ច័ន្ទ ២៩ មេសា ២០២៤ ០៦:០២ ព្រឹក

មន្ត្រីជំនាញ «ក. ប. ប» ចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ ក្នុងភូមិសាស្រ្ត សង្កាត់បឹងសាឡាង និងផ្សារនាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សាខា ក.ប.ប. រាជធានីភ្នំពេញ បានសហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័ត ចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនៅទីតាំងកែច្នៃខ្ញីហាន់ និងចែកចាយ ចំនួន ៣ទីតាំង ដោយមួយកន្លែងក្នុងភូមិសាស្រ្ត សង្កាត់បឹងសាឡាង និង២ទីតាំងទៀត នៅតំបន់ផ្សារនាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជាលទ្ធផល វិភាគបឋមទៅលើខ្ញីហាន់ និងទឹកត្រាំខ្ញី ពុំទាន់កំណត់រកឃើញវត្តមាន សូដ្យូម អ៊ីដ្រូស៊ុលហ្វាយ (Sodium Hydrosulfite) នៅឡើយ។ យ៉ាងណាក៏ដោយ ក្រុមការ ងារបានយកគំរូទៅវិភាគនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. បន្តទៀត។ ក្នុងប្រតិបត្តិការនេះ ក្រុមមន្រ្តីជំនាញបានរកឃើញទីតាំងមួយកន្លែង មានសារធាតុគីមីគ្មានស្លាកសញ្ញាជាម្សៅស ចំនួន៨៥ គ.ក. និងសាជូរ ចំនួន២៨បាវ ស្មើនឹង ៨៣០គ.ក. សម្រាប់យកទៅប្រើប្រាស់លាយជាមួយទឹក និងដាក់ខ្ញីហាន់រួចត្រាំជាមួយ មុននឹងចែកចាយ។ តាមការវិភាគបឋមទៅលើគំរូម្សៅស បង្ហាញថា គឺជាសារធាតុគីមីម្យ៉ាងមានឈ្មោះ សូដ្យូម អ៊ីដ្រូស៊ុលហ្វាយ (Sodium Hydrosulfite) ដែលជាប្រភេទសារធាតុគីមីមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាសារធាតុបន្ថែមក្នុងម្ហូបអាហារទេ។ ការទទួលទានផលិតផលម្ហូបអាហារដែលមានសារធាតុគីមីហាមឃាត់ សូដ្យូម អ៊ីដ្រូស៊ុលហ្វាយ (Sodium Hydrosulfite) ទៅក្នុងសារពាង្គកាយមនុស្ស អាចបណ្តាលឱ្យពិបាកដកដង្ហើម សម្ពាធឈាមចុះទាប វិលមុខ ឈឺពោះ ក្អួតចង្អោរ រាគរូស។ សម្រាប់អ្នក អាលែកស្ស៊ី (Allergic) ធ្ងន់ធ្ងរជាមួយសារធាតុខាងលើនេះ ឬអ្នកមានជំងឺហឺត អាចបណ្តាលឱ្យពិបាកដកដង្ហើម និងអាចបាត់បង់ជីវិតបាន។ តាមការអះអាងពីម្ចាស់ទីតាំងខាងលើគឺសារធាតុគីមីទាំងនេះគាត់បានបញ្ជាទិញពីផ្សារច្បារអំពៅ។ ជាវិធានការ មន្ត្រីជំនាញបាន៖ ⁃ ដកហូតនូវសារធាតុគីមីជាម្សៅស សូដ្យូម អ៊ីដ្រូស៊ុលហ្វាយ (Sodium Hydrosulfite) ចំនួន ៨៥គ.ក. យកមករក្សាទុកជាបណ្តោះអាសន្ននៅសាខា ក.ប.ប. រាជធានីភ្នំពេញ ⁃ ឃាត់ជាបណ្តោះអាសន្ននៅនឹងកន្លែង (សៀលទុក) នូវខ្ញីហាន់ដែលកំពុងដាក់ត្រាំក្នុងធុងជ័រចំនួន ៣ធុង សរុបប្រមាណ ២៥០គ.ក. - ឃាត់ជាបណ្តោះអាសន្ននៅនឹងកន្លែង (សៀលទុក) នូវសារធាតុសាច់ជូរចំនួន ៨៣០គ.ក. ដើម្បីតាមដានអំពីគោលដៅប្រើប្រាស់ និងត្រូវមានច្បាប់អនុញ្ញាតក្នុងករណីប្រើជាសារធាតុបន្ថែមក្នុងម្ហូបអាហារ។ ⁃ យកគំរូទៅវិភាគនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. បន្តទៀត។ ករណីរកឃើញមានសារធាតុគីមីហាមឃាត់ធ្វើឱ្យប៉ះពាល់ដល់សុខភាព អគ្គនាយកដ្ឋាន ក.ប.ប. នឹងចាត់វិធានការតាមផ្លូវច្បាប់។ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សូមអំពាវនាវដល់បុគ្គលធ្វើធុរកិច្ចម្ហូបអាហារ ជាអាទិ៍ អ្នកនាំចូល ផលិតករ សិប្បករ អ្នកកែច្នៃ អ្នកស្តុកទុក អ្នកចែកចាយ អ្នកលក់ដូរម្ហូបអាហារទាំងអស់ សូមមេត្តាកុំប្រើប្រាស់សារធាតុគីមីហាមឃាត់ក្នុងចំណីអាហារ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន ករណីធ្ងន់ធ្ងរអាចបណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗ ឬបង្ករជាជំងឺរ៉ាំរ៉ៃ ឬជំងឺប្រចាំកាយ រយៈពេលជាយូរអង្វែង។ ក៏សូមអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ មេត្តាចូលរួមទប់ស្កាត់នូវផលិតផលមានសារធាតុគីមីហាមឃាត់ ផលិតផលខូចគុណភាព ផលិតផលពុំមានអនុលោមភាពតាមបទប្បញ្ញត្តិ តាមរយៈការដាក់ពាក្យបណ្តឹង ឬផ្តល់ព័ត៌មានអំពីករណីខាងលើនេះ ទៅកាន់ក្រសួង ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ពិសេសមកអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ដើម្បីអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម មានវិធានការតាមនីតិវិធីច្បាប់ជាធរមាន។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ