• ច័ន្ទ ២៩ មេសា ២០២៤ ១២:២៣ ល្ងាច

មេដឹកនាំអាស៊ានប្តេជ្ញាចិត្តជាថ្មីលើកកម្ពស់ការអភិរក្សជីវៈចម្រុះ

ភ្នំពេញ៖នៅល្ងាចថ្ងៃទី៨ខែសីហាឆ្នាំ២០២២ក្រស។ងបរិស្ថានបានបញ្ជាក់ថាមេដឹកនាំអាស៊ានបានរំឭកឡើងវិញនូវការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការលើកកម្ពស់ការអភិរក្សជីវៈចម្រុះការប្រើប្រាស់ប្រកបដោយនិរន្តរភាពនិងការចែករំលែកដោយយុត្តិធម៌និងសមធម៌នៃអត្ថប្រយោជន៍ដែលកើតចេញពីការប្រើប្រាស់ធនធានហ្សេណេទិក។ក្រសួងបរិស្ថានបន្តថាប្រមុខការទូតអាស៊ាននៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥និងកិច្ចប្រជុំពាក់ព័ន្ធកាលពីថ្ងៃទី៣ខែសីហាឆ្នាំ២០២២បានបញ្ជាក់ថាកំពុងទន្ទឹងរង់ចាំការអនុម័តក្របខណ្ឌជីវៈចម្រុះពិភពលោកក្រោយឆ្នាំ២០២០នៅក្នុងសន្និសីទលើកទី១៥នៃភាគីនៃអនុសញ្ញាស្តីពីភាពចម្រុះជីវសាស្ត្រនៅខែធ្នូឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ប្រមុខការទូតអាស៊ានក៏បានទទួលស្គាល់ពីសារៈសំខាន់នៃការលើកកម្ពស់ដំណោះស្រាយផ្អែកលើធម្មជាតិដើម្បីកាត់បន្ថយផលវិបាកដ៏អាក្រក់លើជីវៈចម្រុះ។

ជាមួយគ្នានេះអាស៊ានបានសន្យាខិតខំប្រឹងប្រែងស្តារឡើងវិញការបាត់បង់និងការរិចរិលប្រព័ន្ធអេកូឡូស៊ីក្រោយជំងរាតត្បាតជាពិសេសការបន្តគាំទ្រការងាររបស់មជ្ឈមណ្ឌលអាស៊ានសម្រាប់ជីវៈចម្រុះ(ACB)ក្នុងការជួយដល់រដ្ឋសមាជិកអាស៊ានក្នុងការបញ្ជ្រាបការអភិរក្សជីវៈចម្រុះនៅក្នុងវិស័យអភិវឌ្ឍន៍ផ្សេងៗការលើកកម្ពស់ដំណោះស្រាយផ្អែកលើធម្មជាតិដើម្បីបង្កើនភាពធន់របស់តំបន់ប្រឆាំងនឹងជំងឺសត្វការដោះស្រាយការប្រែប្រួលអាកាសធាតុនិងការសម្របសម្រួលរបស់អាស៊ានក្នុងការរួមចំណែកដល់ក្របខណ្ឌជីវៈចម្រុះពិភពលោកក្រោយឆ្នាំ២០២០។

ក្នុងនាមប្រទេសកម្ពុជាជាសមាជិករបស់អនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះរាជរដ្ឋាភិបាលក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤និងគោលនយោបាយរបស់ក្រសួងបរិស្ថានក៏ដូចជាក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពចូលរួមចំណែកគ្រប់គ្រងនិងអភិរក្សធនធានជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ីជាពិសេសគឺកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការចូលរួមជាមួយពិភពលោកដើម្បីអនុវត្តន៍អនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះៗគោលដៅជីវៈចម្រុះជាតិរបស់កម្ពុជាបានបង្កើតឡើងស្របតាមយុទ្ធសាស្ត្រចតុកោណយុទ្ធសាស្ត្រនិងផែនការយុទ្ធសាស្ត្របរិស្ថានជាតិឆ្នាំ២០១៦-២០២៣និងផែនការយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រងតំបន់ការពារធម្មជាតិឆ្នាំ២០១៧-២០៣១។

កិច្ចការស្នូលរបស់ក្រសួងបរិស្ថានគឺអភិរក្សជីវៈចម្រុះប្រកបដោយចីរភាពដែលរហូតមកដល់ពេលនេះកម្ពុជាមានទីតាំងអភិរក្សជីវៈចម្រុះជាតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះចំនួន៧៦ទីតាំងស្មើនឹង៤១%នៃផ្ទៃដីប្រទេសព្រមទាំងបានខិតខំចុះបញ្ជីដីធ្លីនិងបោះបង្គោលព្រំតំបន់ទាំងនោះ។កន្លងមកការបង្កើតបានមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូលសុខអានភ្នំគូលែនក៏ជាចំណែកមួយនៃការស្តារសេដ្ឋកិច្ចមូលដ្ឋានក៏ដូចជាចូលរួមអភិរក្សជីវៈចម្រុះផងដែរដូចជាផ្កាអ័រគីដេនិងកេសរកូលព្រៃជាដើម។ជាមួយគ្នានេះក្រសួងបរិស្ថានក៏បានកំពុងរៀបចំឧទ្យានរបស់កម្ពុជានៅតាមបទដ្ឋានបច្ចេកទេសដែលមានកន្លែងសម្រាកសម្រាប់មនុស្សនិងជម្រកសម្រាប់សត្វព្រៃនិងការរៀបចំបន្ទប់ទឹកជាដើមដើម្បីបង្កភាពងាយស្រួលនិងបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរនិងធានាបានភាពគង់វង្សដការអភិរក្សធនធានធម្មជាតិនិងជីវៈចម្រុះនៅកម្ពុជា៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ