• ច័ន្ទ ២៩ មេសា ២០២៤ ១២:៤៧ ល្ងាច

កម្ពុជា រកចំណូលបាន ៨២០លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីទៅវៀតណាម ធ្លាក់ចុះជិត ១៦% ក្នុងរយៈពេល ៨ខែឆ្នាំនេះ

រយៈពេល ៨ខែឆ្នាំ២០២៣នេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានប្រមាណជាង ៦៣ម៉ឺន ៤ពាន់តោន ក្នុងនោះបាននាំចេញទៅវៀតណាមប្រមាណជាង ៦០ម៉ឺន ៧ពាន់តោន ដោយគិតជាទឹកប្រាក់មានប្រមាណ ៨២០លានដុល្លារ ថយចុះជិត ១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ នេះបើផ្អែកតាមឲ្យដឹងពីប្រធានសមាគមស្វាយចន្ទីកម្ពុជា។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់សារព័ត៌មានក្នុងស្រុកមួយឲ្យដឹងថា ទោះបីបរិមាណ នាំចេញគ្រាប់ស្វាយចន្ទីមានការធ្លាក់ចុះក្តី ប៉ុន្តែតម្លៃគ្រាប់ស្វាយចន្ទីឆ្នាំនេះ ហាក់មានស្ថានភាពល្អ ប្រសើរជាងឆ្នាំមុន ពោលគឺតម្លៃគ្រាប់ស្វាយចន្ទីស្ងួតនៅក្នុងខែសីហា និងខែកញ្ញានេះ មានតម្លៃល្អអាចលក់បានក្នុងតម្លៃចន្លោះពី ៧ពាន់រៀល ទៅ ៧ពាន់៥រយរៀល ក្នុងមួយគីឡូក្រាម ឬស្មើនឹង ១ពាន់ ៩រយដុល្លារ ក្នុង១តោន។ លោកបានបញ្ជាក់ថា ការនាំចេញគ្រាប់ស្វាយចន្ទីនៅ ៨ខែមានការធ្លាក់ចុះនេះ គឺដោយសារបញ្ហាបម្រែបម្រួលអាកាសធាតុ បានធ្វើឱ្យគុណភាពគ្រាប់ស្វាយចន្ទី និងទិន្នផលស្វាយចន្ទីធ្លាក់ចុះ គួបផ្សំផ្ទៃដីដាំដុះដំណាំស្វាយចន្ទីរបស់ប្រជាកសិករ ក៏មានការធ្លាក់ចុះដូចគ្នាដែរ។

មិនតែប៉ុណ្ណោះ ការប្រជែងទិញគ្រាប់ស្វាយចន្ទីឆៅពីសហគ្រាសនៅក្នុងស្រុក ក៏ជាកត្តាមួយដែលធ្វើឱ្យការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមធ្លាក់ចុះផងដែរ។ ប្រធានសមាគមរូបនេះ បានសំណូមពរឱ្យមានការបន្ធូរបន្ថយនូវលក្ខខណ្ឌកម្ចីមួយចំនួន ដើម្បីឱ្យខ្សែចង្វាក់ផលិតកម្មដំណាំស្វាយចន្ទីកម្ពុជា មានភាពប្រសើរឡើងបានលឿន។ ដូច្នេះលោកក៏ចង់ឱ្យមានការបន្ធូរបន្ថយផ្នែកពន្ធដារមួយចំនួនសម្រាប់សហគ្រាសក្នុងស្រុក ពិសេសក្នុងវិស័យស្វាយចន្ទី ដើម្បីឲ្យសហគ្រាសក្នុងវិស័យស្វាយចន្ទីអាចងើបប្រសើរឡើង។ ម្យ៉ាងវិញទៀត បញ្ហាបម្រែបម្រួលអាកាសធាតុធ្វើឲ្យទិន្នផលស្វាយចន្ទី និងការនាំចេញធ្លាក់ចុះ ការដាំដំណាំស្វាយចន្ទី ក៏ជួបបញ្ហាប្រឈមមួយចំនួនផងដែរ ជាពិសេសកង្វះដើមទុនតែម្តង។

ប៉ុន្តែសម្រាប់លក្ខខណ្ឌផ្តល់កម្ចីទាំងនោះនៅតែមានការពិបាកសម្រាប់ទទួលយក ដែលធ្វើឱ្យ សហគ្រាសនៅក្នុងវិស័យស្វាយចន្ទីមួយចំនួន នៅតែពិបាកក្នុងការទទួលបានកម្ចីទាំងនោះ។ សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំដុះគ្រាប់ស្វាយចន្ទីសរុបប្រមាណ ៧០ម៉ឺនហិកតា ស្របពេលដោយសារបញ្ហាការប្រែប្រួលអាកាសធាតុ សមាគមស្វាយចន្ទីកម្ពុជា ក៏បានទម្លាក់ការព្យាករណ៍ទិន្នផលស្វាយចន្ទីនៅឆ្នាំ ២០២៣នេះ ដោយមកនៅត្រឹមចន្លោះពី ៥០ម៉ឺនតោន ទៅ ៧០ម៉ឺនតោនប៉ុណ្ណោះ ខណៈកាលពីចុងឆ្នាំ ២០២២កន្លងទៅ សមាគមស្វាយចន្ទីកម្ពុជា បានរំពឹងថា កម្ពុជាអាចផលិតគ្រាប់ឆៅចន្លោះពី ៨០ម៉ឺនតោន ទៅ១លានតោន នៅពេញមួយឆ្នាំ២០២៣នេះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ