• ច័ន្ទ ២៩ មេសា ២០២៤ ០១:៥៩ ព្រឹក

គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ គម្រោងការងាររៀបចំច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀនសម្រេចបាន ៩១,២៦% ហើយ

បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី១៣ ខែកញ្ញា ឆ្នាំ២០២៣ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាពកាងារ គម្រោងរៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមដោយគណៈប្រតិភូអមដំណើររួមមាន ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ គម្រោងនេះបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានទំហំទឹកប្រាក់ប្រមាណ២៦,៤២ លានដុល្លារអាមេរិក។

ដោយសារមានបញ្ហាការរាតត្បាតនៃជំងឺកូវីដ-១៩ គ្រោះទឹកជំនន់ និងបម្រែបម្រួលការងារមួយចំនួនក្នុងកិច្ចសន្យា នាំឱ្យគម្រោងនេះត្រូវពន្យារពេលសាងសង់ ដោយគិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ គម្រោងសម្រេចបាន ៩១,២៦% ហើយ។ ជាមួយនឹងគម្រោងរៀបចំច្រកទ្វារព្រំដែនអន្តរជាតិសម្រាប់ច្រកដឹកទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ រាជរដ្ឋាភិបាលកម្ពុជាក៏បានស្ថាបនាស្ពានតភ្ជាប់ជាមួយភាគីថៃ ដែលត្រូវបានប្រសិទ្ធនាមថា "ស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន"។

ស្ពាននេះមានប្រវែង ៦២០ម៉ែត្រ (ផ្នែកខាងកម្ពុជា២១៥ម៉ែត្រ + ផ្នែកខាងថៃ ៤០៥ម៉ែត្រ) ទទឹង ១៧ម៉ែត្រ ត្រូវបានបើកការដ្ឋាននៅថ្ងៃទី២០ ខែមីនា​ ឆ្នាំ២០១៧ និងបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ក្នុងទំហំទឹកប្រាក់ប្រមាណ ៦៧០លានបាត (ប្រមាណ ១៩លានដុល្លារអាមេរិក)។

ការចុះត្រួតពិនិត្យលើគម្រោងច្រកទ្វារព្រំដែនអន្តរជាតិនេះ ក្នុងគោលតាមដានវាយតម្លៃចំពោះកិច្ចការងារសាងសង់ សំដៅពន្លឿនឱ្យបានរួចរាល់ក្នុងពេលឆាប់ៗ ដើម្បីជាការរួមចំណែកជួយសម្រួលដល់ការធ្វើចរាចរណ៍ ការដឹកជញ្ជូនទំនិញ និងការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ។ គម្រោងរៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន ជាចក្ខុវិស័យវែងឆ្ងាយដើម្បីផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ តាមរយៈការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងការបង្កើតការងារជូនប្រជាពលរដ្ឋ ក៏ដូចជាការសម្រេចឱ្យបានចក្ខុវិស័យរបស់អាស៊ាន ក្នុងការតភ្ជាប់ ប្រទេសនៅក្នុងតំបន់អាស៊ានទាំងមូល (Asean Connectivity) ផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ