• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៣៩ ព្រឹក

សម្តេចធិបតី នាយករដ្ឋមន្រ្ដីបញ្ជាក់ប្រាប់មិត្តក្នុងតំបន់ថា កម្ពុជាចង់បានសន្តិភាព និងការអភិវឌ្ឍ

នៅទីក្រុងហ្សាកាតា ចាប់តាំងពីថ្ងៃទី០៤ ខែកញ្ញា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តជួបមេដឹកនាំបរទេស ដែលអញ្ជើញមកទីនេះ ដើម្បីចូលរួមក្នុងជំនួបកំពូលអាស៊ាន អាស៊ានបូក និងអាស៊ីបូព៌ា។ អស់ពីសារកោតសរសើរ និងការសាទរ ទទួលបានជាបន្តបន្ទាប់តាំងពីថ្ងៃទី២២ ខែសីហា មក ឥឡូវនេះជាពេលដែលសម្តេចនាយករដ្ឋមន្ត្រីកម្ពុជាទទួលបានពីថ្នាក់ដឹកនាំអាស៊ាន គឺការស្វាគមន៍យ៉ាងកក់ក្តៅមកកាន់ឆាកជាក់ស្តែងនៃតំបន់ និងពិភពលោក។ តាមរយៈការសំណេះសំណាលកាលពីម្សិលមិញ និងព្រឹកមិញ ជាមួយអគ្គលេខាធិការអាស៊ាន ជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី ជាមួយសមភាគីឡាវ និងវៀតណាជាដើម រួមទាំងតាមរយៈសុន្ទរកថា ជាអាទិ៍នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន កាលពីថ្ងៃទី០៤ កញ្ញា សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តើមបញ្ជូនសារសំខាន់ៗក្នុងន័យបញ្ជាក់ឡើងវិញ និងក្នុងន័យពង្រឹងជំហររបស់កម្ពុជានៅលើឆាកអន្តរជាតិ។ នៅក្នុងកាលៈទេសៈអន្តរជាតិមួយតានតឹង គឺសង្គ្រាមនៅអ៊ុយក្រែន និងនៅក្នុងបរិបទតំបន់មួយ ប្រកបដោយគ្រោះថ្នាក់ គឺការប្រកួតប្រជែងគ្នារវាងបណ្តាមហាអំណាចនៅអាសុី-ប៉ាសុីហ្វិក សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងយ៉ាងទទូចថា កម្ពុជាស្នេហាសន្តិភាព។

ក្នុងន័យនេះ សម្តេចគូសបញ្ជាក់ថា «សង្រ្គាមមិនអាចបញ្ចប់ដោយសង្រ្គាមបានឡើយ» និងថា «សន្តិភាពអាចកើតឡើងបាន លុះត្រាតែមានការស្រុះស្រួលគ្នាដោយសន្តិវិធី និងកិច្ចសន្ទនា ក្រោមស្មារតីនៃនយោបាយឈ្នះ-ឈ្នះ»។ សារទាំងនេះដែលដកស្រង់ចេញពីបទពិសោធន៍នៃវិនាសកម្មយូរអង្វែងរបស់កម្ពុជា សំដៅជាពិសេសទៅ លើវិបត្តិនៅអ៊ុយក្រែន និងនៅភូមា។ ដោយឡែក ចំពោះសម្តេច ហ៊ុន ម៉ាណែត សន្តិភាព និងការអភិវឌ្ឍចិញ្ចឹមគ្នាទៅវិញទៅមក។ គ្មានសោះឡើយនូវការអភិវឌ្ឍសេដ្ឋកិច្ច បើគ្មានសន្តិភាព។

គ្មានដូចគ្នាសម្រាប់សន្តិភាពយូរលង់ បើគ្មានការអភិវឌ្ឍជានិរន្តរ៍។ ម្ល៉ោះហើយ តាំងពីម្សិលមិញមក នៅហ្សាការតា ប្រទេសឥណ្ឌូណេសុី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រាថ្នាចង់បានទី១ ពិភពលោកមួយពហុភាគីនិយម ព្រមទាំងសណ្តាប់ធ្នាប់ពិភពលោកមួយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងលើគោលការណ៍មិនជ្រៀតជ្រែក ។ ទី២. សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាថ្នាចង់បានការអភិវឌ្ឍរបស់អាស៊ាន ពោលគឺអាស៊ានជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទី៥ ដែលត្រូវតែពង្រឹងតាមរយៈការបន្តសមាហរណកម្មតំបន់ និងតាមរយៈការពង្រីកសមាហរណកម្មទៅក្រៅតំបន់ នៅលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ