• ច័ន្ទ ២៩ មេសា ២០២៤ ១០:០០ ព្រឹក

៥ ខែដើមឆ្នាំ២០២៣ ករណីជំងឺគ្រុនឈាម នៅកម្ពុជា កើនឡើងជាង ១០០%

លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម មានប្រសាសន៍ប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុក នៅព្រឹកថ្ងៃទី៤ មិថុនានេះថា នៅក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៣នេះ កម្ពុជាមានករណីជំងឺគ្រុនឈាមចំនួន ២ ៦៦៦ ករណី ក្នុងនោះស្លាប់ចំនួន ៥នាក់ មានការកើនឡើងជាង ១០០% បើធៀបទៅនឹងរយៈពេល ៥ខែដូចគ្នា ក្នុងឆ្នាំ២០២២ ដែលមានត្រឹមតែ ១១៤០ ករណី ក្នុងនោះស្លាប់ ១នាក់ប៉ុណ្ណោះ។ លោកវេជ្ជបណ្ឌិតបានបន្តថា រាជធានីខេត្តដែលមានករណីជំងឺគ្រុនឈាមខ្ពស់ជាងគេរួមមាន ខេត្តកណ្តាល រាជធានីភ្នំពេញ បន្ទាយមានជ័យ ព្រះសីហនុ ត្បូងឃ្មុំ ព្រះវិហារ សៀនរាប និងខេត្តតាកែវ។

លោកវេជ្ជបណ្ឌិត មានប្រសាសន៍ថា កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម បានព្យាករណ៍ថា ប្រទេសកម្ពុជានឹងបន្តជួបប្រទះនូវករណីជំងឺគ្រុនឈាមខ្ពស់ ដោយរំពឹងថា នឹងមានយ៉ាងហោចណាស់ ២ ម៉ឺនករណី នៅឆ្នាំ២០២៣នេះ ខ្ពស់ជាងឆ្នាំ២០២២ ដែលមានករណីជំងឺគ្រុនឈាមជាង ១២ ៥០០ ករណី ក្នុងនោះស្លាប់ ១៩នាក់ ដោយសារវាជាឆ្នាំកៀកទៅនឹងវដ្ដនៃការផ្ទុះជំងឺគ្រុនឈាមទ្រង់ទ្រាយធំ ខណៈការផ្ទុះលើកចុងក្រោយនៅឆ្នាំ២០១៩។

លោកវេជ្ជបណ្ឌិត បានបន្ថែមទៀតថា ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាមទ្រង់ទ្រាយធំនៅឆ្នាំនេះ ក្រសួងសុខាភិបាលបានតៀមថ្នាំអាបេត ចំនួន ២៣០តោន សេរ៉ូម ៦ម៉ឺនប្លោក និងថ្នាំបាញ់សម្លាប់មូសជិត ៥ពាន់លីត្រ និងត្រៀមសារអប់រំពីវិធានការការពារជំងឺគ្រុនឈាមសម្រាប់ផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គម វិទ្យុអនឡាញ និងទូរទ្សសន៍ដើម្បីបញ្ជ្រាបដល់ប្រជាពលរដ្ឋបានយល់ដឹងដើម្បីការពារកូនចៅកុំឱ្យឆ្លងជំងឺគ្រុនឈាម ផងដែរ។ លោកវេជ្ជបណ្ឌិត បានណែនាំថា ក្នុងករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញ៉ាប់នាំអ្នកជំងឺទៅរកសេវាព្យាបាលរបស់រដ្ឋដូចជាមណ្ឌលសុខភាព

និងមន្ទីរពេទ្យរយៈពេល ៤៨ម៉ោងដែលនៅជិតបំផុត និងកុំសាកល្បងព្យាបាលជំងឺ ដោយខ្លួនឯង ឬពន្យារពេលតាមដានព្យាបាលអ្នកជំងឺនៅសេវាឯកជនដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈាម ព្រោះអាចធ្វើឱ្យកុមារស្លាប់បាត់បង់ជីវិតបាន។ លោកវេជ្ជបណ្ឌិត បានអំពាវនាវដល់អាណាព្យាបាល មាតាបិតា កុមារាកុមារីគ្រប់ រូបរួមទាំងអាជ្ញាធរមូលដ្ឋានត្រូវចូលរួមកំចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ដូចជា ពាង អាងទឹក ថូផ្កា ចានទ្រជើង ក្រឡ ខាប់ ជាដើម និងអាជីវករនិងម្ចាស់ជីវកម្មទាំងឡាយដែលប្រកបរបរពាក់ព័ន្ធនឹងសំបកកង់ឡានម៉ូតូ សូមធ្វើការគ្រប់គ្រងសំបកកង់ទាំងនេះឲ្យមានសុវត្ថិភាព ជៀសផុតពីការដក់ទឹកដោយមិនត្រូវទុកចោលពាសវាលពាសកាល បង្កើតបានជាប្រភពកកើត និងជំរកមូសខ្លាដ៏គ្រោះថ្នាក់បំផុតដែលអំណោយផលដល់ការចម្លងជំងឺគ្រុនឈាម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ