• ច័ន្ទ ២៩ មេសា ២០២៤ ១២:០៤ ល្ងាច

រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរុញឱ្យមន្ត្រីមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្កលើ ភ្ញាស់កូនត្រីពូជឱ្យបានច្រើនប្រភេទ

រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានជំរុញឱ្យមន្ត្រីបច្ចេកទេសវារីវប្បកម្ម រៀបចំភ្ញាស់កូនត្រី ពូជឱ្យបានច្រើនប្រភេទ ដើម្បីចែកចាយទៅកសិករចិញ្ចឹមត្រី ធ្វើការពង្រីកវារីវប្បកម្មលក្ខណៈគ្រួសារ ដើម្បីឈានទៅ រួមគ្នាកាត់បន្ថយការធ្វើនេសាទត្រីធម្មជាតិ នៅតាមទន្លេមេគង្គ ឱ្យមកនៅកម្រិតទាប ។ ក្នុងឱកាសចុះពិនិត្យ មជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្កលើ នៅចំណុចអូរខ្លុង ភូមិ ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែងកន្លងមកថ្មីៗនេះ ឯកឧត្តម ឌិត ទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និង នេសាទមានប្រសាសន៍ថា នេះជាការផ្ទេរចំណេះដឹងដ៍មានអាទិភាពជូនទៅប្រជាកសិករ ដើម្បីឱ្យពួកគាត់មានបច្ចេកទេសចិញ្ចឹមត្រី និងបានរួមគ្នាងាកមកចូលរួមអភិរក្សធនធានមច្ឆជាតិនៅតាមដងទន្លរមេគង្គលើ ឱ្យវាសម្បូរបែបព្រោះនៅប៉ែកខាងលើនេះ ជាតំបន់សំបុកត្រីពងកូន។ ឯកឧត្តមមានប្រសាសន៍បន្តថា ជាមួយគ្នានេះមន្ត្រីមជ្ឈមណ្ឌលស្រាវជ្រាវនិងផលិតពូជវារីសត្វ ត្រូវបង្កើនការផលិតកូនត្រីពូជ តម្រូវការទីផ្សារផ្សេងៗបន្ថែមទៀត ដើម្បីឈានទៅរៀបចំមច្ឆវប្បករជាប្រព័ន្ធ ហើយអនុវត្តឱ្យទទួលបានទិន្នផលខ្ពស់យកទៅផ្គត់ផ្គង់នៅទីផ្សារ។

លោកប៊ុនរ៉ា ស៊ីប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្កលើស្ទឹងត្រែងបានបញ្ជាក់ថា៖ កន្លងមកមន្ត្រីជំនាញចិញ្ចឹមត្រីមេពូជបានចំនួនជាង១០ប្រភេទហើយ ក្នុងនោះរួមមាន៖ ត្រីអណ្តែងអាហ្វ្រិក -ត្រីខ្យា-ត្រីទីឡាព្យា-ត្រីអណ្តែងទន់-ត្រីប្រា-ត្រីពោធិ-ត្រីកែ-ត្រីព្រលូង-ត្រីឆ្ពិន-ត្រីក្រាញ់-និងត្រីកាហែ។ លោកបន្តថា បច្ចុប្បន្នក្នុងចំណោមត្រី ជាង១០ប្រភេទនេះមានត្រី២ប្រភេទ ដូចជាត្រីអណ្តែង និង ត្រីទីឡាព្យាកំពុងដំណើរការលក់ចេញជូនកសិករចិញ្ចឹមត្រីនៅក្នុងខេត្ត និងទៅតាមបណ្តាខេត្តផ្សេងៗទៀតបានតាមតម្រូវការ ។ សូមបញ្ចាក់ថា នៅមជ្ឈមណ្ឌលវារីវប្បកម្មស្ទឹងត្រែង មានស្រះចំនួន២៤ ក្នុងនោះស្រះស្តុកត្រីមេពូជធំចំនួន ១-ស្រះកូនត្រី១២-ស្រះត្រីមេពូជចំនួន៦ ស្រះបំប៉នត្រីសាច់ចំនួន៤ និងស្រះចម្រោះទឹកកខ្វក់ចំនួន១ ហើយ ឯកឧត្តមរដ្ឋមន្ត្រី នឹងផ្តល់ថវិកា ចំនួន១ម៉ឺនដុល្លារ ដើម្បីបង្កើនលទ្ធភាពឱ្យមន្ត្រីមជ្ឈមណ្ឌលភ្ញាស់កូនត្រីពូជឱ្យបានច្រើនប្រភេទ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ