• ច័ន្ទ ២៩ មេសា ២០២៤ ០៤:១៥ ព្រឹក

យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ស្រុកវាលវែង ខេត្តពោធិ៍សាត់“យើងរួមគ្នាបញ្ចប់វិបត្តិនៃការដាក់អន្ទាក់ និងការជួញដូរសត្វព្រៃនៅកម្ពុជា”

ស្រុកវាលវែង ខេត្តពោធិ៍សាត់៖នៅ ថ្ងៃទី២២ ខែមសា ឆ្នាំ២០២៣៖ យុទ្ធនាការអន្ទាក់សូន្យ កំពុងប្រារព្ធធ្វើក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ហើយដែលមានការចូលរួមយ៉ាងច្រើនកុះករពីស្ថាបន័រដ្ឋ វិស័យឯកជន សង្គមស៊ីវិល សិស្សនុសិស្ស្សនិងប្រជាពលរដ្ឋ ដើម្បីបញ្ចប់វិបតិ្តអន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិនិងការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា។ អន្ទាក់គឺជាឃាដករលាក់មុខដែលបាននិងកំពុងគំរាមកំហែងសត្វព្រៃនិងជីវៈចម្រុះ និងចូលរួមចំណែកទប់ស្កាត់ហានិភ័យនានាដែលអាចមានផលប៉ះពាល់លើសុខភាពសាធារណៈកើតចេញពីការទំនាក់ទងផ្ទាល់ជាមួយសត្វព្រៃ។ គោលបំណងនៃយុទ្ធនាការអន្ទាក់សូន្យគឺដើម្បីលប់បំបាត់អន្ទាក់គ្រប់ប្រភេទនៅក្នុងព្រៃនៃប្រទេសកម្ពុជា។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ «ការបរិភោគសាច់សត្វព្រៃគឺផ្តល់ហានិភ័យខ្ពស់ណាស់ដល់សុខភាពព្រោះវាសម្បូរដោយមេរោគដែលមិនអាចមើលឃើញដោយភ្នែកទទេរបានទេហើយសាច់សត្វព្រៃក៏មិនអាចព្យាបាលជម្ងឺនានាបានដែរ។ ការចូលរួមរបស់ប្រជាពលរដ្ឋប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានរួមទាំងអ្នកដោះអន្ទាក់ អ្នករាយការណ៍ពីអន្ទាក់និងការជួញដូរសត្វព្រៃ និងម្ចាស់ភោជនីដ្ឋានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការកាត់បន្ថយអន្ទាក់ និងចូលរួមបង្កើតសុវត្ថិភាពទីជម្រកសត្វព្រៃព្តមទាំងការរស់រានមានជីវិតរបស់សត្វព្រៃនៅក្នុងព្រៃ»។ មុនយុទ្ឋនាការអន្ទាក់សូន្យដំណាក់កាលទី១ ឆ្នាំ ២០២១ ក្រសួងបរិស្ថាន និងអង្គការដៃគូរបានដកអន្ទាក់សរុបចំនួនជាង៦ ម៉ឺនអន្ទាក់។ បន្ទាប់ពីយុទ្ឋនាការអន្ទាក់សូន្យដំណាក់កាលទី១ បានបញ្ចប់ក្នុងឆ្នាំ២០២២ ចំនួនអន្ទាក់ប្រមូលបានសរុបពីតំបន់ការពារធម្មជាតិមានការថយចុះមកជាង៣ម៉ឺនអន្ទាក់។ ថ្វីបើចំនួនអន្ទាក់មិនទាន់ចុះដល់សូន្យក៏ដោយប៉ុន្តែវាបានបង្ហាញនិន្នាការថយចុះគួរឲ្យកត់សម្គាល់ និងបង្ហាញថាយុទ្ឋនាការអន្ទាក់សូន្យដើរលើផ្លូវត្រូវ។ អន្ទាក់បានសម្លាប់សត្វព្រៃដោយមិនរើសមុខចាប់តាំងពីអណ្តើក ស្វា បក្សី និងដំរី ។ អន្ទាក់ជាដើមចមដែលធ្វើឱ្យបាត់បង់សត្វខ្លាធំនៅប្រទេសកម្ពុជា និងការថយចុះយ៉ាងលឿននៃចំនួនខ្លារខិន។ សត្វខ្ទីង ទន្សោង ប្រើស និងថនិកសត្វដទៃទៀតកំពុងត្រូវបានទទួលរងការគំរាមកំហែងឱ្យផុតពូជដោយសារតែអន្ទាក់។ សត្វត្មាត ក្ងរយក្សដែលជិតផុតពូជបំផុតក៏កំពុងក្លាយជាសត្វរងគ្រោះដោយសារអន្ទាក់ និងថ្នាំពុលផងដែរ។ អន្ទាក់មិនគ្រាន់តែធ្វើឱ្យសត្វព្រៃវិនាសសាបសូន្យពីក្នុងព្រៃទេ វាថែមទាំងធ្វើឱ្យមានការឆ្លងជម្ងឺពីសត្វព្រៃមកមនុស្សទៀតផង។

អ្នកដែលដាក់អន្ទាក់សត្វ លក់សត្វព្រៃ និងប្រើប្រាស់សត្វព្រៃអាចមានហានិភ័យខ្ពស់ដល់សុខភាពរបស់ខ្លួននិងក្រុមគ្រួសារព្រមទាំងសហគមន៍និងសង្គមជាតិផងដែរ។ លោក សេង ទៀក នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «ស្រុកវាលវែងគឺជាចំណុចក្តៅមួយទាក់ទងនឹងការជួញដូរសត្វព្រៃ ដែលវាគឺជាកត្តាទាក់ទាញអ្នកបរបាញ់និងអ្នកដាក់អន្ទាក់។ អន្ទាក់មិនត្រឹមតែធ្វើឲ្យគ្មានសត្វព្រៃនៅក្នុងព្រៃប៉ុណ្ណោះទេ វាក៏នាំឲ្យមានការប៉ះពាល់ដោយផ្ទាល់ពីមនុស្សនិងសត្វព្រៃផងដែរ។ កត្តានេះអាចជាឱកាសនៃការចម្លងជម្ងឺពីសត្វទៅមនុស្សបាន។ ការគ្រប់គ្រងសត្វព្រៃ និងសុខភាពសាធារណៈ ចាំបាច់ត្រូវធ្វើដូចគ្នាដើម្បីបង្ការនិងកាត់បន្ថយហានិភ័យនៃការអាចឆ្លងជម្ងឺពីសត្វមកមនុស្ស ក្នុងគោលដៅធានាសុខមាលភាពរបស់មនុស្សនិងធម្មជាតិ»។

យុទ្ធនាការអន្ទាក់សូន្យដំណាក់ការទីពីរនេះ ត្រូវបានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ដើម្បីបង្កើនការយល់ដឹងជាសាធារណៈនៅក្នុងតំបន់ភូមិភាគនីរតីនៃប្រទេសកម្ពុជា អំពីផលវិបាកនៃការដាក់អន្ទាក់ប៉ះពាល់ដល់សុខភាពសាធារណៈ និងការបាត់បង់ជីវៈចម្រុះ។ យុទ្ធនាការអន្ទាក់សូន្យដំណាក់ការទី១ បានចាប់ផ្តើមឡើងនិងដឹកនាំដោយក្រសួងបរិស្ថាន ដោយមានកិច្ចសហការ និងការគាំទ្រពីអង្គការអភិរក្សនានា ហើយដែលដំណើរការពីខែមីនាឆ្នាំ២០២២ មកនៅខេត្តក្រចេះ ស្ទឹងត្រែង រតនៈគិរី មណ្ឌលគិរី ព្រះវិហារ និងកំពង់ធំ។ យុទ្ធនាការនេះបានទទួលលទ្ធផលដ៏ល្អប្រសើរដោយមានអ្នកគាំទ្រចំនួន៣០០០នាក់ មានអត្ថបទចុះផ្សាយលើសពី៦០០ និងមានការផ្សាយតាមបណ្តាលផ្សព្វផ្សាយជាតិ និងអន្តរជាតិ និងក៏មានម្ចាស់ភោជនីយដ្ឋានយ៉ាងតិចចំនួន៥២នាក់ បានតាំងចិត្តបញ្ឈប់ការលក់សាច់សត្វព្រៃ។

 

នៅក្នុងដំណាក់ការទី២នេះ ក្រសួងបរិស្ថាននាំយុទ្ធនាការនេះមកខេត្តថ្មី ឱ្យមានការដង្ហែក្បួនក្នុងខេត្តពោធិ៍សាត់ កំពង់ស្ពឺ សៀមរាប បាត់ដំបង និងប៉ៃលិន ជាមួយអង្គការដៃគូរួមមាន៖ អង្គការមូលនិធិសកល ដើម្បីធម្មជាតិ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ អង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ អង្គការអភិរក្សអន្តរជាតិប្រចាំកម្ពុជា មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ អង្គការមូលនិធិម៉ាដក្សចូលីភីត អង្គការសមា​គម​អភិ​រក្ស​សត្វព្រៃកម្ពុជា អង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិ អង្គការរីខូហ្វកម្ពុជា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ