• ច័ន្ទ ២៩ មេសា ២០២៤ ០២:២៣ ព្រឹក

សត្វត្លុមមានវត្តមានច្រើននៅតំបន់ការ ពារទេសភាពបឹងព្រែកល្ពៅ

តាកែវ÷ត្លុមជាសត្វស្លាបកំពុងមានវត្តមានច្រើននៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅក្នុងខេត្តតាកែវ។សត្វប្រភេទនេះត្រូវបានគេឲ្យដឹងថាសម្បូរច្រើនបំផុតនារដូវច្រូតកាត់ដែលវាចូលចិត្តស៊ីស្រូវទុំជាអា ហារ។សត្វត្លុមជាប្រភេទសត្វដែលមានជើងវែងសម្បុរដូចខ្វែកត្រោកមានវារិជជាតិជាចំណី។ លោកឈឿនសុជាតិមន្ត្រីឧទ្យានុរក្សនិងជាអ្នកថតរូបសតកវស្លាបប្រចាំនៅតំបន់ការ ពារទេសភាពបឹងព្រែកល្ពៅបានបញ្ជាក់ ឲ្យដឹងថា"សត្វត្លុមសម្បូរច្រើននៅក្នុងតំបន់ ការពារទេសភាពបឹងព្រែកល្ពៅ។ឃើញវាសម្បូរបំផុតនារដូវស្រូវទុំឬកន្លែងគេធ្វើស្រែគឺសម្បូរច្រើនណាស់។ឱ្យតែដល់រដូវនេះវាយំត្លុមៗៗ...ពេញស្រែហើយ"។មន្ត្រីឧទ្យានុរក្សប្រចាំតំបន់ការពារទេសភាពបឹងព្រែកល្ពៅរូបនេះបានប្រាប់ឲ្យដឹងបន្ថែមថា÷"សត្វត្លុមជាសត្វឆាប់ផ្អើលមិនងាយថតរូបបានទេហើយរូបដែលលោកថតបាននេះគឺជាសត្វត្លុមឈ្មោលតែប៉ុណ្ណោះ។បើវាឃើញយើងវារត់ពួនចូលក្នុងស្រែបាត់ហើយគឺវាកម្រមកឲ្យឃើញណាស់។វាចូលចិត្តយំទាំងពេលថ្ងៃពេលល្ងាចឬយប់។

លោកឈឿនសុជាតិបានបញ្ជាក់បន្ថែមថា"កសិករយើងភាគច្រើនបានឮតែសំឡេងសត្វនេះយំតែកម្របានឃើញរូបរាងវាពិតណាស់ទាំងនេះដោយសារតែវាផ្អើលនិងពូកែរត់ពួន"។ទាក់ទិនសត្វត្លុមនេះដែរលោកសុជាតិបានប្រាប់ឲ្យដឹងថានៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅសម្បូរនេះហើយសូម្បីតែនៅក្រៅតំបន់អភិរក្សក៏គេឃើញវត្តមានវាផងដែរ។ ជាមួយគ្នានេះលោកឈឿនសុជាតិបានរម្លឹកប្រាប់ថា"កាលពីពេលខ្ញុំចូលបំពេញការងារជាមន្ត្រីឧទ្យានុរក្សគឺរយ:ពេល5ឆ្នាំមកនេះឃើញថាចំនួនសត្វស្លាបបានកើនឡើងជាបន្តបន្ទាប់។ដោយកាលពីដំបូងឡើយយើងមានសត្វស្លាបត្រឹមតែប្រមាណ70 ប្រភេទប៉ុណ្ណោះប៉ុន្តែក្នុងរយៈពេល 5 ឆ្នាំដែលខ្ញុំចូលមកបំពេញការងារនេះនិងពិសេសបានតាមដានពីវត្តមានសត្វព្រៃផ្សេងៗគឺយើងកត់ត្រាបានច្រើនជាង140 ប្រភេទហើយក្នុងនោះរាប់ទាំងសត្វប្រភេទតូច,ប្រភេទធំ,សត្វកម្រ,សត្វបន្លាស់ទីជាដើម"។

គួរបញ្ជាក់ថាបើតាមការថ្លែងបញ្ជាក់ពីសំ ណាក់លោកនេត្រភក្ត្រារដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននាកន្លងមកបានឲ្យដឹងថាតំបន់ការពារទេសភាពបឹងព្រែកល្ពៅក្រៅពីមានវត្តមានច្រើនប្រភេទហើយតំបន់នេះក៏មានវត្តមានសត្វត្រដក់ធំដែលជាសត្វស្លាបជិតផុតពូជនិងប្រភេទសត្វស្លាបទឹកមួយចំនួនដូចជាត្រយងខ្លួនស,ត្រយងខ្លួនរលោង,រនាលពណ៌, ចង្កៀលខ្យង,ទុងប្រផេះជាដើមដែលចុះមករកចំណីក្នុងតំបន់នេះ។ បើតាមមន្ត្រីនាំពាក្យរូបនេះបានលើកឡើងដោយបញ្ជាក់ឲ្យដឹងដែរថាក្រៅពីផ្ដល់ជម្រកនិងចំណីដល់ប្រភេទសត្វស្លាបផ្សេងៗតំបន់ដីសើមមួយនេះក៏បានផ្ដល់ផលប្រ យោជន៍ដល់សហគមន៍គាំទ្រដល់ជីវភាពរបស់ពលរដ្ឋតាមរយ:ការផ្តល់ប្រភពទឹកអាហារ,ត្រី,ធនធានផ្សេងៗជាច្រើនទៀត។ជាមួយគ្នានេះតំបន់នេះក៏មានតម្លៃផ្នែកសោភណភាពទេសចរណ៍ធម្មជាតិបេតិកភណ្ឌវប្បធម៌,ការសិក្សាស្រាវជ្រាវនិងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតផង៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ