• ច័ន្ទ ២៩ មេសា ២០២៤ ០៨:២៨ ព្រឹក

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន មេត្តាកុំព្រួយបារម្ភអំពីកង្វះខាតនៃវ៉ាក់សាំងកូវីដ-១៩, ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់គ្រាន់សម្រាប់ផ្តល់ជូនដោយឥតគិតថ្លៃ។

កំពង់ធំ-សៀមរាប៖  នៅថ្ងៃទី២២ និង២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសដែលលោកជំទាវបានចុះពិនិត្យដំណើរការនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ជាពិសេសដូសទី៦ នៅខេត្តកំពង់ធំ និងខេត្តសៀមរាប។ ដំណើរការនៃការពិនិត្យនេះធ្វើឡើងនៅភូមិសាស្ត្រក្នុងខេត្តកំពង់ធំ រួមមាន៖ វិទ្យាល័យ ស្ទឹងសែន សាលាបឋមសិក្សា ព្រែកតាហ៊ូ និងវិទ្យាល័យ រស្មី សោភ័ណ និង ខេត្តសៀមរាប មានដូចជា ៖ សាលាបឋមសិក្សាភូមិថ្នល់ វិទ្យាល័យ ពួក និងវិទ្យាល័យ កំពង់ក្តី។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានមតិសំណេះសំណាលទៅកាន់សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូនៅវិទ្យាល័យ ស្ទឹងសែន ថាប្រទេសកម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់គ្រាន់ដើម្បីផ្ដល់ជូនដល់បងប្អូនជនរួមជាតិទាំងអស់ដែលរស់នៅក្នុងប្រទេសកម្ពុជាដោយឥតគិតថ្លៃទាំងដូសមូលដ្ឋាន និងដូសជំរុញ ដែលមិនគិតពីពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយ ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយវ៉ាក់សាំងកូវីដ-១៩ ទាំងអស់ដែលប្រើប្រាស់នៅកម្ពុជា គឺសុទ្ធតែមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក។

លោកជំទាវវេជ្ជបណ្ឌិត រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបន្តទៀតថាការចាក់វ៉ាក់សាំងដូសជំរុញពិតជាមានសារៈសំខាន់បំផុតសម្រាប់បង្កើន និងពង្រឹងអង្គទីគ័រការពាររាងកាយកុំអោយធ្លាក់ចុះរហូតដល់ចំណុចមួយដែលវាលែងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីទប់ទល់ពីការវាយលុកនៃវីរុសនេះ។  ដូច្នេះក្រសួងសុខាភិបាលបានដាក់ផែនការយ៉ាងច្បាស់លាស់ពោលគឺគម្លាត ពីដូសជំរុញមួយទៅដូសជំរុញមួយមានរយៈពេល ៤ខែឡេីង ហើយរហូតមកដល់បច្ចុប្បន្ននេះដំណើរការនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនៅប្រទេសកម្ពុជាមានរហូតដល់ដូសទី៦ ហើយ។

ការថ្លែងបន្ទាប់ពីការអញ្ជើញទៅដល់របស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រធាន គ.វ.ក ១៩ នៅសាលាបឋមសិក្សាភូមិថ្នល់បានគូសបញ្ជាក់ថា ប្រសិនបើមិនចង់ឲ្យការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមុនៗក្លាយជាអសារបង់នោះយើងមិនត្រូវបណ្ដែតបណ្ដោយទុកឲ្យថេរវេលាគម្លាតនៃដូសជំរុញលើសពីការកំណត់របស់ក្រសួងសុខាភិបាលនោះទេ ពីព្រោះថាប្រសិនបើយើងពន្យារពេលលើសពី ៦ខែឬរហូតដល់មួយឆ្នាំនោះ អង្គទីគ័រការពាររាងកាយនិងអាចបាត់បង់ឫធ្លាក់ចុះរហូតដល់ចំណុចសូន្យដែលជាមូលហេតុធ្វើឲ្យភាពស៊ាំបុគ្គលក៏ដូចជាភាពស៊ាំសហគមន៍ធ្លាក់ចុះ ម្យ៉ាងវិញទៀតលំហរនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ មានភាពរីកធំ ហើយអាចឈានទៅដល់ការផ្ទុះឡើងវិញផងដែរ។

គួរបញ្ជាក់ដែរថា យោងតាមប្រសាសន៍របស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ដែលជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអោយដឹងថារាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសុខាភិបាល និងដាក់ផែនការចាក់វ៉ាក់សាំងកូវីដ-១៩ តាមបែបលក្ខណៈជាទម្លាប់ធម្មតា (Routine) ក្នុងគម្លាតរយៈពេល៦ខែឡេីងបន្ទាប់ពីចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៦រួច ស្របតាមគោលការណ៍ស្ម័គ្រចិត្ត នៅគ្រប់ទីតាំងមូលដ្ឋានសុខាភិបាលសាធារណៈ (មណ្ឌលសុខភាព មណ្ឌលសុខភាពងមន្ទីរពេទ្យរដ្ឋ) នៅទូទាំង២៥ រាជធានី-ខេត្ត។ មិនតែប៉ុណ្ណោះ ដើម្បីបង្កឲ្យមានភាពងាយស្រួលក្នុងការទៅទទួលសេវានៃការចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវទៅតាមពេលវេលាកំណត់ យើងគួរគប្បីត្រូវចងចាំនូវ ថ្ងៃ ខែ ឆ្នាំដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ចុងក្រោយ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ