• ច័ន្ទ ២៩ មេសា ២០២៤ ១២:៤៦ ល្ងាច

កម្ពុជាបន្តបញ្ជូនកងទ័ពមួកខៀវកម្ពុជាជិត ១០០នាក់ ត្រៀមទៅបំពេញបេសកកម្មមនុស្សធម៌ នៅអាហ្វ្រិកកណ្តាល, សម្តេចពិជ័យសេនា ទៀ បាញ់ ក្រើនរំឮកឱ្យមានសាមគ្គីគ្នាជាធ្លុងមួយ និងគោរពវិន័យ

ភ្នំពេញៈ៖នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ កម្ពុជាបន្តបញ្ជូនកងទ័ពមួកខៀវកម្ពុជាជិត ១០០នាក់ ត្រៀមទៅបំពេញបេសកកម្មមនុស្សធម៌ នៅអាហ្វ្រិកកណ្តាល ក្នុងនោះមានកងកំទេចគ្រឿងផ្ទុះលេខ៩៨ ចំនួន៩៨នាក់ ក្នុងនោះមានស្ត្រីចំនួន១០នាក់ បានត្រៀមខ្លួនរួចជាស្រេចដើម្បីចេញបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (MINUSCA)។

ដើម្បីជាការលើកទឹកចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោក ចូសិហ្វ ស៊ូអើ (Joseph Scheuer) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បានរៀបចំពិធីជូនដំណើរ និងផ្តល់អនុសាសន៍បន្ថែមទៀតដល់កងកងកំទេចគ្រឿងផ្ទុះលេខ៩៨ ដើម្បីក្លាយជាពុទ្ធិក្នុងការបំពេញបេសកកម្មឱ្យទទួលបានជោគជ័យ។

នាឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា នាពេលខាងមុខ បងប្អូននឹងក្លាយជាសមាជិកគ្រួសារមួយរបស់អង្គការសហប្រជាជាតិ ដែលបម្រើបុព្វហេតុរួមដ៏ថ្លៃថ្នូរបំផុត គឺសន្តិភាព និងមនុស្សធម៌ក្នុងលោក។ ការលះបង់ ការបូជារបស់កងទ័ពនាពេលនេះ គឺជាការជួយសង្គ្រោះដល់ប្រជាជន ឬជាតិសាសន៍ដ៏ទៃ និងការចែករំលែកបទពិសោធន៍ដល់បណ្តាប្រទេសនានាដែលរងគ្រោះដោយជម្លោះ គឺពិតជាមានមោទនភាព កោតសសើរ និងលើកទឹកចិត្ត។ ប៉ុន្តែបច្ចុប្បន្ននេះ ស្ថានភាពនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល មានការកើនឡើងនូវវត្តមានភាគីប្រដាប់អាវុធ បានរួមគ្នាវាយប្រហារមកលើកងកម្លាំងរដ្ឋាភិបាល និងកងកម្លាំងសន្តិសុខជាតិ។

បន្ថែមពីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានក្រើនរំឮកឱ្យកងទ័ពដែលចេញទៅបំពេញបេសកកម្មមនុស្សធម៌ ត្រូវប្រកាន់ខ្ជាប់ និងអនុវត្តន៍ឱ្យបានដាច់ខាតនូវអនុសាសន៍ដែលជាបទបញ្ជា៤ចំណុច របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានលើកឡើងក្នុងពិធីសំណេះសំណាលជូនដំណើរកងអនុសេនាធំលេខ១៣៥ ចេញទៅបំពេញបេសកកម្មនៅប្រទេសស៊ូដង់ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០០៦ កន្លងទៅ។

សម្តេចពីជ័យសេនា ទៀ បាញ់ ក៏បានណែនាំឱ្យកងកម្លាំងគ្រប់រូប ត្រូវអនុវត្តន៍ភារកិច្ចទៅតាមសមត្ថភាពវិជ្ជាជីវៈ មានវិន័យម៉ឺងម៉ាត់ សេចក្តីក្លាហាន សីលធម៌ស្អាតស្អំ និងគោរពច្បាប់ ដែលទាំងអស់នេះជាគុណតម្លៃ និងគុណសម្បត្តិ មិនអាចខ្វះបានជាដាច់ខាត និងត្រូវចេះរួបរួម គោរពស្រឡាញ់គ្នា សាមគ្គី ឯកភាពគ្នាជាធ្លុងមួយ និងចេះជួយគ្នាទៅវិញទៅមកឱ្យសម្រេចបានភារកិច្ចរៀងៗខ្លួន និងភារកិច្ចរបស់ក្រុម។

លោក ចូសិហ្វ ស៊ូអើ (Joseph Scheuer) បានថ្លែងថា ការចេញដំណើររបស់កងទ័ពមួកខៀវកម្ពុជា ចេញទៅបំពេញបេសកកម្មមនុស្សធម៌ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល បានបញ្ជាក់ពីការតាំងចិត្តរបស់កម្ពុជា ក្នុងការលើកតម្កើងស្មារតីនៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងចូលរួមជាមួយសហគមន៍ដ៏ពិតប្រាកដនៃប្រជាជាតិ រួបរួមគ្នាក្នុងការស្វែងរកសន្តិភាព និងអនាគតដ៏ល្អប្រសើរសម្រាប់មនុស្សជាតិទាំងអស់។

មន្ត្រី UN រូបនេះ បានបញ្ជាក់ថា ការចូលរួមរបស់កងទ័ពកម្ពុជា បានបង្ហាញថា ការរួបរួមគ្នា គឺជាចំណងសាមគ្គីដ៏រឹងមាំ ដែលមិនមានកម្លាំងឥទ្ធិពលណាមកបំបែកបានឡើយ។ «ខ្ញុំសង្ឃឹមថា ការរួមសាមគ្គីនេះនឹងដើរតួនាទីជាពន្លឺ នៃក្តីសង្ឃឹមដល់ មនុស្សដទៃមិនត្រឹមតែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ នៅទូទាំងពិភពលោកផងដែរ»។

បើតាមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានឱ្យដឹងថា គិតចាប់ពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន ក្រោយពីបេសកកម្ម រក្សាសន្តិភាពរបស់ អ.ស. ប ហៅកាត់ថា UNTAC បានបញ្ចប់នាឆ្នាំ១៩៩៣ កម្ពុជាបានបញ្ជូនកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់ អ.ស.ប ដោយដៃម្ខាងជ្រោងទង់ជាតិកម្ពុជា និងដៃម្ខាងជ្រោងទង់អង្គការសហប្រជាជាតិ ព្រមទាំងប្រកៀកស្មា ដើម្បីបុព្វហេតុ សន្តិភាពពិភពលោក ជាមួយបណ្តាប្រទេសបរិច្ចាគកម្លាំងប្រមាណជាង១០០ប្រទេស។

នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា រយៈពេល១៧ឆ្នាំនេះ កម្ពុជាបានទទួលស្នាដៃយ៉ាងធំធេងមានជាអាទិ៍៖ ការដោះមីន ការកំទេច គ្រាប់ មិនទាន់ផ្ទុះ ការស្ថាបនា សំណង់ ផ្តេក-បញ្ឈរ ផ្តល់ការការពារក្បួន និងសុវត្តិភាពជូន ឥស្សជនជាន់ខ្ពស់ក្នុង តំបន់បេសកកម្ម ចូលរួមក្នុង សកម្មភាពមនុស្សធម៌ ដូចជា៖ ផ្តល់ទឹកស្អាត ការព្យាបាល ផ្តល់សម្ភារសិក្សា។ល។ ដោយឥតគិត ថ្លៃជូនដល់ប្រជាពលរដ្ឋ ក្នុងតំបន់បេសកកម្ម។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងថា ស្នាដៃរបស់វីរយុទ្ធនារីកម្ពុជា នាចុងឆ្នាំ២០២២នេះ បន្តទទួលបាន លំដាប់ ថ្នាក់លេខ២ ក្នុង សហគមន៍ អាស៊ាន និងលំដាប់លេខ១២ ក្នុងចំណោម១២៣ប្រទេសបរិច្ចាគកងកម្លាំង។

គិតមកដល់ឆ្នាំ២០២៣នេះ កម្ពុជាបានញ្ជូនកម្លាំងកម្ពុជាសរុបចំនួន ៨,៨៥៩នាក់ ក្នុងនោះនារីចំនួន ៦៨១នាក់ បានចេញបំពេញ បេសកកម្ម ចំនួន១១ ក្នុងប្រទេសចំនួន៩ មានជាអាទិ៍៖ សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិក កណ្តាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺស និងយេមែន លើជំនាញបោសសំអាតមីន វិស្វកម្ម សំណង់ផ្តេក-បញ្ឈរ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ វិស្វកម្មព្រលាន យន្តហោះ កំទេចគ្រាប់មិនទាន់ផ្ទុះ នាយទាហាន សេនាធិការ និងសង្កេតការណ៍យោធា។

បច្ចុប្បន្ន កម្លាំងកម្ពុជា ចំនួន ៧៨៨នាក់ ក្នុងនោះនារីចំនួន១៣០នាក់ កំពុងបំពេញបេសកកម្មនៅប្រទេសចំនួន៤ រួមមាន៖ សាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងម៉ាលី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ