• ច័ន្ទ ២៩ មេសា ២០២៤ ១៣:០៤ ល្ងាច

អបអរសាទរការប្រកាសខេត្តស្វាយរៀងអស់មីន ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្ហហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងព្រឹទ្ធសភា-រដ្ឋសភា និងអធិការកិច្ច

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានរៀបចំពិធីអបអរសាទរប្រកាសខេត្តស្វាយរៀងអស់មីន នៅសាលប្រជុំសាលាខេត្តស្វាយរៀង ក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ។

សូមជម្រាបថា ក្នុងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ ”ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”នេះ អង្គភាពស៊ីម៉ាក់បានចាប់ផ្ដើមពង្រាយកម្លាំងប្រតិបត្តិការចាប់ពីដើមខែសីហា ឆ្នាំ២០២២ និងបានបញ្ចប់ជាស្ថាពរនៅចុងខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ។ ជាលទ្ធផល អង្គភាពស៊ីម៉ាក់បានបោសសម្អាតគ្រាប់មីននៅតំបន់រងផលប៉ះពាល់ដោយសារគ្រាប់មីនប្រឆាំងមនុស្ស ដែលនៅសល់និងមានកំណត់ត្រាក្នុងប្រព័ន្ធទិន្នន័យជាតិក្នុងខេត្តស្វាយរៀងចំនួន១៣៩ចម្ការមីន មានផ្ទៃដីសរុបចំនួន១២.៧៩៧.៨៨២ម៉ែត្រការ៉េ រុករកឃើញនិងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន១.០២៤គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះចំនួន២៩៩គ្រាប់។ លទ្ធផលនៃកិច្ចប្រតិបត្តិការនេះ ជាសមិទ្ធផលចុងក្រោយក្នុងកិច្ចប្រតិបត្តិការ ដែលត្រូវបានបិទបញ្ចប់តំបន់មានបញ្ហាគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្សនៅខេត្តស្វាយរៀងទាំងស្រុង។

សូមបញ្ជាក់ថា ខេត្តស្វាយរៀងមានចម្ការមីនសរុបចំនួន៤៦៦ មានផ្ទៃដីសរុបចំនួន៤៤.៩៤៣.៧៥ម៉ែត្រក្រឡា អង្គភាពCMACបានធ្វើការបោសសម្អាតចម្ការមីនទាំងនោះ ចាប់ពីឆ្នាំ១៩៩៤-២០២២ ក្នុងនោះរុករកឃើញនិងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន១.៤០០គ្រាប់ គ្រាប់មីនប្រឆាំងរថក្រោះចំនួន១៧គ្រាប់ គ្រាប់បែកទម្លាក់ពីយន្ដហោះ និងគ្រាប់បែកចង្កោមចំនួន៧.១៦៦គ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន២៦.២៦០គ្រាប់។

កិច្ចប្រតិបត្តិការនេះបានសម្រេចរំដោះខេត្តស្វាយរៀងពីការគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្ស១០០% ដូចនេះខេត្តស្វាយរៀង និងក្លាយជា “ខេត្តគ្មានគ្រាប់មីន”។

សូមបញ្ជាក់បន្ថែមថា ទោះបីជាខេត្តស្វាយរៀងត្រូវបានប្រកាសអស់ការគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្ស (នៅទីតាំងដែលបានដឹងនិងមានកំណត់ត្រាក្នុងទិន្នន័យជាតិ) ក៏ពិតមែន ប៉ុន្តែខេត្តស្វាយរៀងក៏នៅមានសេសសល់តំបន់គ្រាប់បែកចង្កោមមានចំនួន២១៤ចម្ការគ្រាប់បែកចង្កោម មានផ្ទៃដីសរុបចំនួន៤៤គីឡូម៉ែត្រក្រឡា ចម្ការគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៥៥៤ មានផ្ទៃដីសរុប៦៤.៣៩៧.៤២៦ ម៉ែត្រក្រឡានិងតំបន់រងការទម្លាក់គ្រាប់បែកចំនួន៤២៨ទីតាំង ដែលមានផ្ទៃដីរងផលប៉ះពាល់សរុប២៤.៤៣៨ហិកតា និងទីតាំងរងផលប៉ះពាល់ដោយសារគ្រាប់បែកគីមីមានចំនួន៥៦ទីតាំង។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ