• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៥៣ ព្រឹក

កម្ពុជា ឡាវ ប្ដេជ្ញារួមគ្នាជំរុញវិស័យជាច្រើន ជាពិសេសបង្កើនទំហំពាណិជ្ជកម្មតាមរយៈវិស័យថាមពលជាអាទិភាព

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានជួបពិភាក្សាទ្វេរភាគី នៅរសៀលថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលជាថ្ងៃទី១ នៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ។

សម្តេចតេជោ ហ៊ុន សែន បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យនយោបាយ សន្តិសុខ ការពារជាតិ កិច្ចការព្រំដែន និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន សេដ្ឋកិច្ចសង្គម ពាណិជ្ជកម្ម និងការវិនិយោគ ការតភ្ជាប់ផ្លូវអាកាស ទេសចរណ៍ ថាមពល និងការអប់រំ។ល។

នៅក្នុងជំនួបទ្វេរភាគី សម្តេចតេជោ បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះ គឺជាសក្ខីភាពបង្ហាញពីទំនាក់ទំនងជាប្រពៃណីជាភាតរៈ និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងរដ្ឋាភិបាល និងប្រជាជនទាំងពីរ ដែលជាការរួមចំណែក យ៉ាងសំខាន់ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព ដើម្បីការអភិវឌ្ឍន៍ និង សុខុមាលភាព នៃប្រជាជនយើងទាំងពីរ។

សម្តេច សូមសម្តែង នូវការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសយើងទាំងពីរ ក្រោយពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៦ ដែលរហូត មកដល់ពេលនេះមានអាយុកាលជាង៦០ឆ្នាំហើយ ហើយដែលបានក្លាយជា “ដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងយូរអង្វែង” នៅឆ្នាំ២០១៩។

សម្តេចបន្តថា «ខ្ញុំពិតជារីករាយណាស់ដែលទើបតែបាន ចុះហត្ថលេខាជាមួយលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ លើផែនការសកម្មភាព សម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវសម្រាប់ឆ្នាំ ២០២៣-២០២៧ »។

នៅក្នុងជំនួប ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ ក្នុងបរិយាកាសរីករាយស្និទ្ធស្នាល និងយោគយល់គ្នាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ រួមមាន នយោបាយ សន្តិសុខ ការពារជាតិ កិច្ចការព្រំដែន និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន សេដ្ឋកិច្ច-សង្គម ពាណិជ្ជកម្ម និងការវិនិយោគ ការតភ្ជាប់ផ្លូវអាកាស ទេសចរណ៍ ថាមពល និងការអប់រំ។ល។ សំដៅពូនជ្រំថែមទៀតនូវទំនាក់ទំនងជាមិត្តភាព និងភាតរភាពរវាងកម្ពុជា-ឡាវ។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានធ្វើការកត់សម្គាល់ដោយការពេញចិត្តដែលពាណិជ្ជកម្មទ្វេភាគីបានកើនឡើងពី ១៦០លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១ ដល់ ២១០ លានដុល្លារអាមេរិកនៅឆ្នាំ២០២២។

សម្តេចបានជម្រាបលោក សនសៃ អំពីច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលផ្តល់ នូវលក្ខខណ្ឌល្អប្រសើរ និងបរិយាកាសអំណោយផលដល់វិនិយោគិនបរទេស និងបានលើកទឹកចិត្តឱ្យ ភាគីទាំងពីរ ពន្លឿនបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្ន (DTA) ដើម្បីជំរុញបន្ថែមទៀតនូវពាណិជ្ជកម្មទ្វេភាគី និងសកម្មភាពសេដ្ឋកិច្ចនៃប្រទេស ទាំងពីរ។

ទន្ទឹមនេះដែរ សម្តេចតេជោបានលើកទឹកចិត្តឱ្យភាគីទាំងពីរបង្កើនការរៀបចំព្រឹត្តិការណ៍ផ្គូផ្គង ដៃគូពាណិជ្ជកម្ម ការតាំងពិព័រណ៍ និងសិក្ខាសាលា ដើម្បីផ្ដល់ឱកាសកាន់តែច្រើនសម្រាប់ ការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរក៏បានស្វាគមន៍ចំពោះការងើបឡើងវិញ នៃវិស័យទេសចរណ៍ និងការបើកឡើងវិញនូវ ជើងហោះហើរត្រង់ពីហ្លួងប្រាបាង-ប៉ាកសេ-សៀមរាប នៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយក្រុមហ៊ុនអាកាសចរណ៍ឡាវ។ សម្តេចតេជោបានស្នើឲ្យឡាវបើក នូវការហោះហើរត្រង់ពីភ្នំពេញ- វៀងច័ន្ទន៍-ភ្នំពេញ ឡើងវិញ ដើម្បីជាការរួមចំណែកជំរុញវិស័យទេសចរណ៍ដែលជាវិស័យ មានសក្តានុពល និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការស្តាសេដ្ឋកិច្ច ប្រទេសទាំងពីរ ក្រោយព្រឹត្តិការណ៍ជម្ងឺឆ្លងកូវីដ១៩។

ចំពោះកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ លោកនាយករដ្ឋមន្រ្តីឡាវ និងសម្តេចតេជោ ហ៊ុន សែន បានឯកភាពគ្នាជម្រុញ ឱ្យភាគីទាំងពីរបន្តការផ្លាស់ប្ដូរបញ្ញាវន្ត អ្នកស្រាវជ្រាវ ផ្លាស់ប្ដូរស្នាដៃបោះពុម្ភផ្សាយ ស្នាដៃស្រាវជ្រាវ និងរៀបចំកម្មវិធីនានា ដើម្បីចែករំលែកចំណេះដឹង និងការស្រាវជ្រាវរវាងរាជបណ្ឌិត្យសភាកម្ពុជា និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមឡាវ។ ថ្នាក់ដឹកនាំ ក៏បានជំរុញឱ្យភាគីទាំងពីរ ពន្លឿនបញ្ចប់ការស្រាវជ្រាវរួមគ្នាស្តីពី “ទំនាក់ទំនងកម្ពុជា-ឡាវ៖ ប្រវត្តិសាស្ត្រ វប្បធម៌ និង ទំនាក់ទំនងប្រជាជននៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ និងការរៀបចំវចនានុក្រម ឡាវ-ខ្មែរ និង ខ្មែរ-ឡាវ ដើម្បីជួយសម្រួលដល់ការសិក្សារបស់សិស្ស និស្សិតយើងទាំងពីរ។អំពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនិងការពារជាតិ ភាគីទាំងពីរ បានឯកភាពគ្នាពង្រឹង កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនឲ្យមានប្រសិទ្ធភាព តាមរយៈ ការចែករំលែកព័ត៌មានរវាងអាជ្ញាធរនៅតាមតំបន់ព្រំដែនឲ្យទាន់ពេលវេលា។

ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញឱ្យក្រសួងពាក់ព័ន្ធ នៃប្រទេសទាំងពីរ បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុស្សរណៈនៃការយោគយល់គ្ន និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់ស្ដីពីកិច្ចសហប្រតិបត្តិការថាមពលរវាងកម្ពុជា និង ឡាវ ដើម្បីធានាស្ថិរភាព និងសន្តិសុខថាមពលរវាងប្រទេសទាំងពីរ។ ពាក់ព័ន្ធនឹងកិច្ចការព្រំដែនថ្នាក់ដឹកនាំទាំងពីរមានការពេញចិត្តចំពោះវឌ្ឍនភាពរបស់គណៈកម្មការចម្រុះ ព្រំដែន កម្ពុជា-ឡាវ ដែលបានធ្វើការខណ្ឌសីមា និងបោះបង្គោលព្រំដែនបាន១២១ បង្គោល ស្មើនឹង ៨៦% នៃព្រំដែនរួម និងបានឯកភាពគ្នាដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ ដោយឈរលើមូលដ្ឋានយោគយល់គ្នាទៅវិញទៅមក និងដោយសន្តិវិធី។ ចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ សម្តេចតេជោ និងលោកនាយករដ្ឋមន្រ្តីឡាវ បានផ្លាស់ប្តូរទស្សនៈគ្នាអំពីកិច្ចសហប្រតិបត្តិការក្នុងវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌ អាស៊ាន និងអង្គការសហប្រជាជាតិ។

លោកនាយករដ្ឋមន្រ្តីឡាវ និងសម្តេចតេជោ ហ៊ុន សែន បានឯកភាពថានឹងបន្តធ្វើការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្តរជាតិ។ ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ យ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាលឡាវ ដែលបានគាំទ្រដល់ការធ្វើជាប្រធានអាស៊ានរបស់ កម្ពុជាឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញ៉ំ និងនាយករដ្ឋមន្រ្តីឡាវក៏បានពិភាក្សាគ្នាពីការតភ្ជាប់ផ្លូវដែកល្បឿនលឿនកម្ពុជាឡាវ»។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា «ខ្ញ៉ំបានប្រកាសជំរាបនាយករដ្ឋមន្រ្តីឡាវអំពីការផ្លាស់ប្តូរអ្នកទោសកម្ពុជា និងឡាវ ហើយអ្នកទោសឡាវនៅកម្ពុជា ព្រមទាំងថៃ ឲ្យបានចូលប្រទេសខ្លួនវិញមុនចូលឆ្នាំខ្មែរ(សង្រ្កាន្តរួមគ្នា)»។ ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងរបស់ កម្ពុជាចំពោះឡាវជាប្រធានអាស៊ានឆ្នាំ២០២៤ ផងដែរ៕

 

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ