• ច័ន្ទ ២៩ មេសា ២០២៤ ១១:៣៣ ព្រឹក

នាំ 2022 ផលិតផលសម្លៀកបំពាក់ស្បែកជើងនិងសម្ភារៈធ្វើដំណើរគ្រប់គ្រងជាងពាក់កណ្ដាលនៃទំហំនាំចេញរបស់កម្ពុជាមានទឹកប្រាក់ជាង 10 ពាន់លានដុល្លារ

ភ្នំពេញ÷យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថាក្នុងឆ្នាំ 2022 កន្លងទៅនេះផលិតផលសម្លៀកបំពាក់ស្បែកជើងនិងសម្ភារៈធ្វើដំណើរគ្រប់គ្រងជាងពាក់កណ្ដាលលើការនាំចេញសរុបរបស់កម្ពុជាមានទឹកប្រាក់ជាង 10 ពាន់លានដុល្លារ។

តាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជាបាននាំចេញសម្លៀកបំពាក់ក្នុងតម្លៃជាង 9 ពាន់លានដុល្លារកើនឡើងជាង 1 ពាន់លានដុល្លារឬ 13% ដែលមានចំណែកប្រមាណ 40% នៃការនាំចេញសរុបកាលពីឆ្នាំ 2002។រីឯការនាំចេញស្បែកជើងមានតម្លៃ 1,737 លានដុល្លារកើនឡើង 25%និងការនាំចេញសម្ភារៈធ្វើដំណើរក្នុងតម្លៃ1,777លានដុល្លារបានកើនឡើង 19%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ 2021។

បើតាមការបញ្ជាក់ពីប្រធានកិត្តិយសសមាគមផលិតស្បែកជើង និងផលិតផលធ្វើដំណើរ លោកឧកញ៉ា លី ឃុនថៃ បានថ្លែងថា វិស័យកាត់ដេរ បានដើរតួនាទីយ៉ាងសំខាន់ ចំពោះសេដ្ឋកិច្ចកម្ពុជានិងបង្កើតការងារសម្រាប់ពលរដ្ឋខ្មែរ។ បច្ចុប្បន្ននេះមានកម្មករកម្មការិនីប្រមាណ 1 លាននាក់ ដែលកំពុងបម្រើការងារក្នុងរោងចក្រសរុបទូទាំងប្រទេសដែលជួយសម្រួលជីវភាពដល់ក្រុមគ្រួសាររបស់គាត់។ តែយ៉ាងណាមិញសម្រាប់ឆ្នាំ 2023 នេះការនាំចេញផលិតផលក្នុងវិស័យកាត់ដេរអាចជួបបញ្ហាប្រឈមខ្លះដោយសារតែក្នុងដើមឆ្នាំនេះការបញ្ជាទិញមិនមានការកើនឡើង។

លោកបន្ថែមថា "បញ្ហាដោយសារឆ្នាំ 2022 ការនាំចេញទៅអឺរ៉ុបនៅអាមេរិកការលក់ធ្លាក់ថយចុះដោយអីវ៉ាន់នៅសល់ក្នុងឃ្លាំងច្រើនពេកលក់មិនទាន់ចេញនៅឡើយទេ។ កត្តាសំខាន់គឺសង្គ្រាមរវាងអ៊ុយក្រែននិងរុស្សី ដែលធ្វើឲ្យវត្ថុធាតុដើមទូទាំងពិភពលោកឡើងថ្លៃ"។

ដោយឡែករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកវង្សីវិស្សុតបានលើកឡើងកាលពីពេលថ្មីៗនេះថា ក្នុងឆ្នាំ 2022 ការនាំចេញផលិតផលសម្លៀកបំពាក់ស្បែកជើង និងសម្ភារៈធ្វើដំណើរមានប្រមាណ 57%នៃការនាំចេញសរុបរបស់កម្ពុជាខណៈដែលវិស័យនេះបានរួមចំណែកប្រមាណ 10%នៃGDP កម្ពុជា។ ទីផ្សារសំខាន់របស់កម្ពុជាគឺសហរដ្ឋអាមេរិកនិងសហគមន៍អឺរ៉ុប។

លោក វង្សី វិស្សុត បានបន្តថារាជរដ្ឋាភិបាលមានផែនការពង្រឹងគុណភាពផលិតផលកាត់ដេររបស់កម្ពុជាឲ្យកាន់តែល្អប្រសើរជាងមុនដើម្បីទទួលបានតម្លៃបន្ថែមនិងលើកទឹកចិត្តឲ្យវិនិយោគិនជាជនជាតិខ្មែរកាន់តែច្រើនមកចូលរួមវិនិយោគក្នុងវិស័យនេះខណៈដែលបច្ចុប្បន្នការវិនិយោគក្នុងវិស័យកាត់ដេរប្រមាណ 95% គឺជាជនបរទេស។

សូមជម្រាបថាគម្រោងវិនិយោគដែលបានចុះបញ្ជីថ្មីៗនៅកម្ពុជាសង្កេតឃើញថាគម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្លៀកបំពាក់ស្បែកជើងនិងសម្ភារៈធ្វើដំណើរក៏មានចំនួនច្រើនជាងបណ្ដាវិស័យផ្សេងៗទៀតផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ