• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៤៥ ព្រឹក

ជារៀងរាល់ឆ្នាំមានកម្មករប្រមាណជា 3 លាននាក់បានស្លាប់ដោយសារគ្រោះថ្នាក់ការងារនិងជំងឺទាក់ទងនឹងការងារ

ភ្នំពេញ÷ការលើកកម្ពស់ការសិក្សាពេញមួយជីវិតលើសុវត្ថិភាពនិងសុខភាពការងារអាចជួយកម្មករនិយោជិតនិងនិយោជកឲ្យស្វែងយល់និងសម្របខ្លួនទៅនឹងហានិភ័យដែលកំពុងកើតមានក៏ដូចជាហានិភ័យទាក់ទងនឹងការងារជាប់លាប់ដូច្នេះការកែលម្អសុវត្ថិភាពនិងសុខភាពការងារពេញមួយជីវិតការងារគឺជាការងារចាំបាច់។

នេះជាការលើកឡើងរបស់លោកចាបរិទ្ធីរដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាត្រីភាគីការរៀបចំផែនការមេលើកទី 3 ស្ដីពីសុវត្ថិភាពនិងសុខភាពការងារឆ្នាំ 2023 -2027 រៀបចំធ្វើឡើងនៅសណ្ឋាគារសាន់វ៉េនាព្រឹកថ្ងៃទី 26 ខែមករាឆ្នាំ 2023។

លោករដ្ឋលេខាធិការបញ្ជាក់ថាយោងតាមអង្គការអន្តរជាតិខាងការងារ(ILO)បានឲ្យដឹងថាជារៀងរាល់ឆ្នាំមានកម្មករចំនួនប្រមាណជា 3 លាននាក់បានស្លាប់ដោយសារគ្រោះថ្នាក់ការងារនិងជំងឺទាក់ទងនឹងការងារ។កម្មករនិយោជិតប្រហែល 374 លាននាក់បន្ថែមទៀតទទួលរងពីគ្រោះថ្នាក់ការងារតែមិនមានគ្រោះថ្នាក់ដល់ជីវិត។ក្រៅពីការចំណាយខាងសេដ្ឋកិច្ចគឺមានការចំណាយដែលមិនអាចគណនាជាតួលេខដែលគេមិនបានទទួលស្គាល់ក្នុងការវាយតម្លៃទាំងនេះដែលបញ្ហាទាំងនេះគឺបណ្ដាលមកពីលក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារ។បញ្ហានេះគឺជាសោកនាដកម្មនិងជាការគួរឲ្យសោកស្ដាយព្រោះថាការស្រាវជ្រាវនិងការអនុវត្តជាច្រើនសតវត្យវកន្លងមកនេះបានបង្ហាញឲ្យឃើញថាទុក្ខលំបាកនេះភាគច្រើនគឺអាចបង្ការបានបើសិនជាយើងមានវិធានការច្បាស់លាស់។

លោកចាបរិទ្ធីឲ្យដឹងថាដោយមានការគាំទ្រពីគម្រោងILO/Japan OSHការវាយតម្លៃនៃពាក់កណ្ដាលអាណត្តិនៃការអនុវត្តផែនការមេលើកទី 2 ស្ដីពីOSH( 2018- 2022 )ត្រូវបានអនុវត្តនៅខេត្តសីហាឆ្នាំ 2019 នៅខេត្តមណ្ឌលគិរី។ទន្ទឹមនឹងនេះចាប់ពីខែសីហាឆ្នាំ 2022 គម្រោងបានជ្រើសរើសក្រុមទីប្រឹក្សា(ទីប្រឹក្សាអន្តរជាតិនិងទីប្រឹក្សាជាតិ)ដើម្បីចាប់ផ្ដើមពិភាក្សាជាមួយនាយកដ្ឋានពេទ្យការងារ(DoSH)លើការអភិវឌ្ឍន៍ថ្មីនៃផែនការមេលើកទី 3 ស្ដីពីOSHសម្រាប់កម្ពុជា។ចាប់តាំងពីពេលនោះមកមានការប្រជុំជាច្រើនលើកច្រើនសាដោយមានការគាំទ្របច្ចេកទេសពីទីប្រឹក្សារបស់ILOនាយកដ្ឋានពេទ្យការងារនិងដៃគូត្រីភាគីពាក់ព័ន្ធទាំងអស់នៅក្នុងក្រុមប្រឹក្សាប្រឹក្សាគម្រោង(PAB)បូករួមទាំងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចូលរួមផ្តល់យោបល់ក្នុងការបង្កើតផែនការមេលើកទី3ស្តីពីសុវត្ថិភាពនិងសុខភាពការងារនេះ។ដើម្បីឈានឆ្ពោះទៅមុខក្នុងការបង្កើតផែនការមេលើកទី 3 ដោយមានការពិគ្រោះយោបល់ជាមួយគម្រោងនិងទីប្រឹក្សារបស់ILO នាយកដ្ឋានពេទ្យការងារបានរៀបចំសិក្ខាសាលានេះឡើងដែលមានរយៈពេល 2 ថ្ងៃគឺក្នុងគោលបំណងពិភាក្សាស៊ីជម្រៅជាមួយភាគទីពាក់ព័ន្ធ(ជាមួយរដ្ឋាភិបាលនិយោជកនិយោជិតនិងផ្នែកសេដ្ឋកិច្ចកិច្ចម៉ាយក្រូខ្នាតតូចនិងមធ្យម)ដើម្បីបង្កើតឲ្យបានសកម្មភាពលម្អិតសម្រាប់គោលបំណងជាក់លាក់និងយុទ្ធសាស្ត្រនីមួយៗនៃផែនការមេលើកទី3។

ភាគីពាក់ព័ន្ធនឹងរៀបចំសិក្ខាសាលាត្រីភាគីមួយទៀតដែលនឹងធ្វើឡើងនៅពេលខាងមុខដើម្បីធ្វើឲ្យមានសុគតភាពនិងបញ្ជាក់ការបញ្ចប់ផែនការសកម្មភាពនេះដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី 16 ខែកុម្ភៈឆ្នាំ 2023។ជាបន្តបន្ទាប់ផែនការមេនេះនឹងត្រូវបានពិគ្រោះយោបល់ជាមួយគណៈកម្មការជាតិស្ដីពីសុវត្ថិភាពនិងសុខភាពការងារនិងធ្វើការបោះពុម្ពនិងផ្សព្វផ្សាយអនុវត្តន៍៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ