• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៤០ ព្រឹក

គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើងភ្នំពេញ- ប៉ោយប៉ែតឲ្យទៅជាផ្លូវរថភ្លើងល្បឿនលឿនដំបូងគេបំផុតនៅកម្ពុជា

ភ្នំពេញ÷កិច្ចប្រជុំពិនិត្យលើលទ្ធផលបឋមនៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើងភ្នំពេញ-ប៉ោយប៉ែតឲ្យទៅជាផ្លូវរថភ្លើងដំបូងគេបំផុតនៅកម្ពុជាដែលសិក្សាដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន(CRBC)។

សូមបញ្ជាក់ថាទិស្ដីការក្រសួងនៅព្រឹកថ្ងៃចន្ទទី 23 ខែមករាឆ្នាំ 2023 លោកទេសរដ្ឋមន្ត្រីស៊ុនចាន់ថុលរដ្ឋមន្ត្រីក្រសួង សាធារណការនិងដឹកជញ្ជូនបានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើលទ្ធផលបឋមនៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើងភ្នំពេញ- ប៉ោយប៉ែតឲ្យទៅជាផ្លូវរថភ្លើងល្បឿនលឿនដែលសិក្សាដោយក្រុមហ៊ុនសាជីវកម្មថ្នល់និងស្ពានចិន(CRBC)ដោយផ្ទាល់និងតាមរយៈប្រព័ន្ធពីចម្ងាយជាមួយក្រុមការងារជំនាញនៃក្រុមហ៊ុនCRBCដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់លោកលោកស្រីជថ្នាក់ដឹកនាំជាន់ខ្ពស់និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធរបស់ក្រសួងជាច្រើនរូប។

នៅក្នុងបទបង្ហាញនេះដែរតំណាងក្រុមហ៊ុនCRBCបានលើកយកនូវចំណុចសំខាន់ៗដែលបានសិក្សាមកបង្ហាញជូនអង្គប្រជុំឲ្យបានជ្រាបរួមមានដូចជា÷ (១)ទិដ្ឋភាពទូទៅនៃគម្រោង។ (២)ការវិភាគលើទំហំសេដ្ឋកិច្ចនិងទំហំចរាចរណ៍។ (៣)ផែនការការសាងសង់។ (៤)ស្តង់ដាបច្ចេកទេសគោលនៃខ្សែផ្លូវដែក។ (៥)ការរៀបចំការដឹកជញ្ជូន។ (៦)រយៈពេលនៃការសាងសង់និងការវិនិយោគសរុប។ (៧)ការវាយតម្លៃលើផ្នែកហិរញ្ញវត្ថុ។ (៨)ការបញ្ជាក់អំពីបញ្ហាសំខាន់ៗមួយចំនួន។

តាមរយៈការសិក្សាបឋមនេះបានបញ្ជាក់ថា÷គម្រោងនេះមានប្រវែងសរុបប្រមាណ 382 គីឡូម៉ែត្រត្រូវការទុនវិនិយោគប្រមាណជាង 4ពាន់លានដុល្លារអាមេរិកដោយរួមបញ្ចូលទាំងក្បាលនិងទូររថភ្លើងសម្រាប់ដំណើរការនិងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ 4 ឆ្នាំ។ផ្លូវរថភ្លើងល្បឿនលឿននេះមានខ្នាតទទឹងប្រវែង1,435មម ល្បឿនសម្រាប់ធ្វើចរាចរណ៍គឺ 160គ.ម/ម៉និងមានស្ថានីយសរុបចំនួន 33 សម្រាប់ដំណើរការ(ស្ថានីយចំនួន 19 ក្នុងផែនការរយៈពេលខ្លីនិងគ្រោងបន្ថែមចំនួន 14 ទៀតក្នុងផែនការរយៈពេលវែង)។ក្នុងនោះខ្សែរថភ្លើងត្រូវបំពាក់ប្រភេទក្បាលរថភ្លើងដែលដំណើរការដោយថាមពលអគ្គិសនីដោយមានការសាងសង់ផ្លូវអាកាសរំលងកាត់ទទឹងផ្លូវប្រមាណជាង 300 កន្លែងដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុចប្រសព្វជាមួយផ្លូវថ្នល់និងមានបែងចែកដាច់ពីគ្នារវាងស្ថានីយអ្នកដំណើរនិងស្ថានីយលើកដាក់ទំនិញនៅភូមិសាស្ត្ររាជធានីភ្នំពេញ(មួយនៅស្ថានីយភ្នំពេញសម្រាប់អ្នកដំណើរនិងមួយទៀតនៅស្ថានីយសំរោងសម្រាប់លើដាក់ទំនិញ)។

បន្ទាប់ពីទទួលស្ដាប់បទបង្ហាញពីក្រុមហ៊ុនCRBCរួចមកលោកទេសរដ្ឋមន្ត្រីបានលើកជាសំណួរបញ្ជាក់បន្ថែមឲ្យបានច្បាស់លាស់នូវចំណុចសំខាន់ៗមួយចំនួនដើម្បីបានជាមូលដ្ឋានសម្រាប់ជំនួបពិភាក្សាជាមួយលោកឧបនាយករដ្ឋមន្ត្រីអូនព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី 30ខែមករាឆ្នាំ2023ខាង មុខ។ជំនួបពិភាក្សានេះដែរគឺនឹងធ្វើឡើងដើម្បីពិភាក្សាអំពីលទ្ធភាពនិងលក្ខខណ្ឌនៃការអនុវត្តគម្រោងព្រមទាំងស្នើសុំអនុសាសន៍ណែនាំបន្ថែមទៀតដើម្បីជំរុញឲ្យដំណើរការនៃការសិក្សានេះមានលក្ខណ:លម្អិតនិងសព្វជ្រុងជ្រោយសំដៅឆ្ពោះទៅការអនុវត្តគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿននេះក្នុងពេលអនាគតឆាប់ៗនិងឲ្យស្របទៅតាមស្មារតីសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដែលបានប្រព្រឹត្តទៅកាលពីថ្ងៃ 13ខែមករាឆ្នាំ 2023 កន្លងទៅដែលរាជរដ្ឋាភិបាលជំរុញឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងក្រសួងសាធារណការនិងដឹកជញ្ជូនសហការគ្នាពន្លឿនការសិក្សាគម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើងភ្នំពេញ-ប៉ោយប៉ែតឲ្យទៅជាផ្លូវរថភ្លើងល្បឿនលឿននេះដើម្បីបម្រើឲ្យវិស័យដឹកជញ្ជូនកាន់តែសម្បូរបែបជំុញកំណើនសេដ្ឋកិច្ច-សង្គមជាតិឲ្យកាន់តែរីកចម្រើនជាពិសេសគឺតាមបណ្ដាខេត្តនិងក្រុងនានាដែលឋិតនៅតាមបណ្ដោយផ្លូវ។

សូមជម្រាបជូនដែរថា÷យោងតាមសំណើសុំធ្វើការសិក្សាសមិទ្ធិលទ្ធភាពគម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើងភ្នំពេញ-ប៉ោយប៉ែតឲ្យទៅជាផ្លូវរថភ្លើងល្បឿនលឿនរបស់ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន(CRBC)កាលពីថ្ងៃទី 17 ខែធ្នូឆ្នាំ 2021 ក្រសួងសាធារណការនិងដឹកជូនបាន សម្រេចផ្ដល់គោលការណ៍អនុញ្ញាតឲ្យមានការសិក្សាគម្រោងនេះនៅថ្ងៃទី 6 ខែមករាឆ្នាំ 2022 កន្លងទៅ។

គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើងភ្នំពេញ- ប៉ោយប៉ែតឲ្យទៅជាផ្លូវរថភ្លើងល្បឿនលឿនគឺជាគម្រោងដែលផ្ដោតចម្បងលើសេវាដឹកជញ្ជូនអ្នកដំណើរនិងដឹកទំ និញអន្តរជាតិរវាងប្រទេសកម្ពុជានិងប្រទេសថៃក៏ដូចជាការដឹកជញ្ជូនអ្នកដំណើរនិងទំនិញតាមខ្សែបណ្ដោយពីរាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែតដោយឆ្លងកាត់ខេត្តកណ្ដាល, កំពង់ឆ្នាំង,ពោធិសាត់,បាត់ដំបងនិងខេត្តបន្ទាយមានជ័យ។គម្រោងនេះនឹងក្លាយជាផ្លូវដែកល្បឿនលឿនស្តង់ដារដំបូងគេបំផុតនៅក្នុងប្រទេសកម្ពុជាហើយនឹងក្លាយទៅជាខ្សែផ្លូវដឹកជញ្ជូនអ្នកដំណើរនិងដឹកទំនិញដ៏សំខាន់ទាំងនៅក្នុងប្រទេសនិងភ្ជាប់ទៅក្រៅប្រទេសផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ