• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៤២ ព្រឹក

អាជ្ញាធរជាតិអប្សរាបង្ហាញពីបច្ចេកទេសការថែទាំនិងអភិរក្សផលិតផលតម្បាញនៅក្នុងសារមន្ទីរវាយនភ័ណ្ឌប្រពៃណី

ខេត្តសៀមរាប÷សារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ីនៅក្នុងខេត្តសៀមរាបអាចជាសារមន្ទីរដំបូងគេនៃព្រះរាជាណាចក្រកម្ពុជាដែលមានដាក់តាំងបង្ហាញរបស់ប្រើប្រាស់ផលិតចេញពីសរសៃសូត្រ,សរសៃកប្បាស,សរសៃអំបោះ,សរសៃគ,សម្បកឈើ,រោមសត្វតាមបែបប្រពៃណីផ្សេងៗគ្នារួមទាំងសម្លៀកបំពាក់សហសម័យមកពីបណ្ដាប្រទេសចំនួន 6ដែលរស់តាមនៅដងទន្លេមេគង្គនិងទន្លេគង្គា។ផលិតផលធ្វើអំពីសូត្រ,អំបោះ,រុក្ខជាតិនិងរោមសត្វដែលគេយកមកតាំងបង្ហាញទាំងនោះមានដូចជាសម្លៀកបំពាក់,មួក,ស្រោម ដៃ,ស្រោមជើង,កន្សែង,ឆ្នួតនិងវត្ថុធាតុដើមជាច្រើនទៀតរួមទាំងឧបករណ៍តម្បាញផងដែរ។

ក្រុមអ្នកជំនាញរបស់សារមន្ទីរបានយកចិត្តទុកដាក់ប្រើប្រាស់បច្ចេកទេសយ៉ាងត្រឹមត្រូវដើម្បីថែទាំការពារនិងអភិរក្សសមុច្ច័យទាំងនោះមិនឲ្យខូចខាតទៅតាមអាយុ កាលនិងពេលវេលាឡើយបើទោះបីជាសមុច្ច័យមានអាយុកាលច្រើនឆ្នាំមកហើយក៏ដោយ។

នាយកស្ដីទីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីលោកសែនគឹមស៊ុនបានឲ្យដឹងថាផលិតផលធ្វើអំពីសូត្រ,អំបោះរុក្ខជាតិនិងរោមសត្វទាំងអស់ដែលបានតាំងបង្ហាញនៅក្នុងសារមន្ទីរមិនមែនតាំងសម្រាប់តែ1ឆ្នាំឬ2ឆ្នាំហើយពេលវាខូចមិនត្រូវបោះចោលនោះទេគឺក្រុមអ្នកជំនាញមានបច្ចេកទេសត្រឹមត្រូវក្នុងការថែរក្សារបស់ទាំងនោះឲ្យស្ថិតនៅបានយូរអង្វែងតទៅទៀតតាមដែលអាចធ្វើបាន។

លោកបានបន្តថាសារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ីមានគោលការណ៍ពីរក្នុងការអភិរក្សផលិតផលសូត្រទាំងនោះដើម្បីរក្សាទុកឲ្យបានយូរអង្វែងគឺត្រូវការអភិរក្សយ៉ាងយកចិត្តទុកដាក់នៅមុនពេលខូចខាតដោយគិតពីបច្ចេក ទេសតាំងពីការរៀបចំដាក់តាំងដើម្បីកុំឲ្យប៉ះពាល់ដល់សមុច្ច័យដូចជាការព្យួរនិងដាក់ក្នុងទូចៀសវាងសមុច្ច័យទាំងនោះកុំឲ្យទៅប៉ះផ្ទាល់ជាមួយដែកឬឈើដែលអាចនាំឲ្យមេឬសត្វល្អិតស៊ីនិងធ្វើឲ្យកកិតជាដើម។រៀងរាល់ព្រឹកផ្លូវបើកបង្អួចនិងទ្វារក្នុងរយៈពេលខ្លីកុំឲ្យមានក្លិនផ្អួរនៅក្នុងសាលពិព័រណ៍នីមួយៗ,សម្អាតកម្រាលនិងជើងទម្រជាប្រចាំផ្លាស់ប្ដូរទីតាំងជើងទម្រដើម្បីសម្អាតចៀសវាងមានធូលីកុំឲ្យមានសត្វល្អិតឬធូលីតោងជាប់វត្ថុទាំងនោះអាចនាំឲ្យមានបញ្ហាសមុច្ច័យបាន។ត្រូវដាក់ថ្នាំសម្លាប់សត្វល្អិតនៅតាមជ្រុងនិងទ្វារនៃសាលពិព័រណ៍និងដាក់របាំងការពារសត្វកណ្តុរ។

ចំណុចយកចិត្តទុកដាក់មួយទៀតគឺនៅពេលដែលសមុ ច្ច័យខូចខាតគឺត្រូវជួសជុលភ្លាមៗទៅតាមបច្ចេកទេសដែលសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីធ្លាប់ទទួលបានការបង្ហាត់បង្រៀនពីអ្នកជំនាញឲ្យចេះពីវិធីជួសជុលនិងសង្គ្រោះផលិតផលទាំងនោះឲ្យរួចផុតពីហានិភ័យ។

លោកបានអាចដឹងទៀតថាទាក់ទងនឹងសាលសម្រាប់ដាក់តាំងពិព័រណ៍ទៀតសោតក៏ត្រូវគ្រប់គ្រងពន្លឺអំពូលភ្លើងឲ្យបានសមស្របចៀសវាងការហើរពណ៌របស់ផលិតផល។ម្យ៉ាងវិញទៀតការកំណត់សូតុណ្ហភាពរឹតតែសំខាន់ដោយនៅគ្រប់សារពិព័រណ៍គឺទាមទារឲ្យមានឧបករណ៍សម្រាប់វាស់សីតុណ្ហភាពជាប្រចាំសម្រាប់ពិនិត្យតាមដានកំណត់កម្ដៅត្រឹម30អង្សានិងសំណើម65%។មន្ត្រីនៃសារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ីឲ្យដឹងទៀតថាដើម្បីធ្វើសុវត្ថិភាពក្នុងការថែរក្សាផលិតផលទាំងនោះឲ្យបានយូរអង្វែងសារមន្ទីរក៏មានដាក់បម្រាមសម្រាប់ភ្ញៀវដែលចូលមកទស្សនាទាំងឡាយហាមយកចំណីអាហារនិងភេសជ្ជ:ចូលហាមប៉ះឬស្ទាបជាដើមដែលអាចនឹងនាំមកនូវហានិភ័យផ្សេងៗដល់សមុច្ច័យផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ