• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៤៥ ព្រឹក

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា សហការជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមរៀបចំពិព័រណ៍ក្រោមប្រធានបទ "កម្ពុជា៖ព្រះរាជាណាចក្រនៃវប្បធម៌" នៅសារមន្ទីរទីក្រុងហូជីមិញ

វៀតណាម៖ នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ គណៈប្រតិភូកម្ពុជា បានរៀបចំពិព័រណ៍ក្រោមប្រធានបទ "កម្ពុជា៖ព្រះរាជាណាចក្រនៃវប្បធម៌" នៅសារមន្ទីរទីក្រុងហូជីមិញ។ ក្រសួងបានបញ្ជាក់ផងដែរថាពិព័រណ៍ “កម្ពុជា៖ ព្រះរាជាណាចក្រនៃវប្បធម៌” គឺរៀបចំឡើងដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា សហការជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ក្នុងព្រឹត្តិការណ៍ “សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមឆ្នាំ២០២២” ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ ថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម និងអបអរសាទរឆ្នាំមិត្តភាពកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា ២០២២ (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២២)។ ព្រឹត្តិការណ៍ពិព័រណ៍នេះ ត្រូវបានរៀបចំចាប់ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ មានរូបថតសរុបចំនួន៤៦ផ្ទាំង ដែលគ្របដណ្ដប់លើទិដ្ឋភាពសំខាន់ៗរួមមាន៖ ការផ្លាស់ប្ដូរទស្សនកិច្ចថ្នាក់ដឹកនាំប្រទេសទាំងពីរលើវិស័យសិល្បៈវប្បធម៌, បេតិកភណ្ឌវប្បធម៌រូបីនិងអរូបីរបស់កម្ពុជា  ដែលបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ និងបេតិកភណ្ឌវប្បធម៌លេចធ្លោដទៃទៀតព្រមទាំងពិធីបុណ្យជាតិនិងសាសនាសំខាន់ៗ ល្បែងប្រជាប្រិយ សម្លៀកបំពាក់ប្រពៃណី ទេសភាពស្រុកស្រែចម្ការនិងបរិស្ថានធម្មជាតិដ៏ស្រស់ត្រកាល។ លើសពីនេះទៅទៀត គឺមានតាំងបង្ហាញសម្ភារៈប្រពៃណីនិងវត្ថុសិល្បៈដូចជា ហូលពិតាន សំពត់ ក្រមា និងវត្ថុអនុស្សាវរីយ៍ធ្វើពីសូត្រ មុខខ្មុកល្ខោនខោល ចម្លាក់ស្បែកនិងស្ពាន់ ព្រមទាំងគំនូរបុរាណផង។ រូបថត សម្ភារៈប្រើប្រាស់ និងវត្ថុសិល្បៈទាំងអស់នេះ គឺបានបង្ហាញពីភាពសម្បូរបែបនៃបេតិកភណ្ឌវប្បធម៌ទាំងរូបី និងអរូបី ព្រមទាំងទេសភាពធម្មជាតិដ៏ស្រស់បំព្រង និងភាពរស់រាយរាក់ទាក់របស់ប្រជាជនកម្ពុជា ដែលទាំងអស់នេះបានចូលរួមចំណែកលើកកេរ្តិ៍ឈ្មោះរបស់កម្ពុជាឱ្យល្បីសុះសាយនៅក្នុងពិភពលោក ស័ក្តិសមជា “ព្រះរាជាណាចក្រនៃវប្បធម៌” ហើយក៏ជាសក្តានុពលទេសចរណ៍វប្បធម៌យ៉ាងសំខាន់នៅក្នុងតំបន់និងពិភពលោកផងដែរ។ មិនតែប៉ុណ្ណោះ ពិព័រណ៍នេះពុំត្រឹមតែជាការចែករំលែកនូវចំណេះដឹងប៉ុណ្ណោះទេ តែបានបញ្ជាក់ពីសក្ខីភាពនៃការរឹតចំណងសាមគ្គីភាពរវាងប្រទេសនិងប្រទេស រវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង ព្រមទាំងរស់នៅប្រកបដោយសុខសន្តិភាព ការអភិវឌ្ឍ និងមិត្តភាពយូរអង្វែង៕

 

 

 

 

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ