• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៤១ ព្រឹក

ក្រសួងវប្បធម៌សោកស្តាយការវាយកម្ទេចកុដិបុរាណ ចំនួន ៣ នៅវត្តឧណ្ណាលោម

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានសំដែងនូវការសោកស្តាយ ចំពោះការវាយកម្ទេចកុដិបុរាណចំនួន ៣ ស្ថិតនៅក្នុងបរិវេណ វត្តឧណ្ណាលោមដែលទង្វើនេះផ្ទុយទៅនឹងសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការទប់ស្កាត់ការវាយកម្ទេច និងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌ។នៅក្នុងលិខិតមួយទូលថ្វាយសម្តេចទេពវង្ស ដែលទើបទទួលបាននៅរសៀលថ្ងៃទី១១ធ្នូនេះ លោកស្រី ភឿង សកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឱ្យដឹងថា «កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២កន្លងមកនេះ ទូលព្រះបង្គំបាន ទទួលដំណឹងពីមន្ត្រីជំពេញ និងមហាជនរាយការណ៍មកស្ដីពីករណីវាយកម្ទេចកុដិបុរាណចំនួន៣ គឺកុដិលេខ៤៣, ៤៤ និង៤៥ដែលកសាងក្នុងកំឡុងឆ្នាំ១៩៣០ស្ថិតនៅក្នុងបរិវេណវត្តឧណ្ណាលោម ដើម្បីសាងសង់ព្រះចេតិយ។

ក្រោយដឹង ដំណឹងនេះ ក្រសួងមានការសោកស្តាយជាខ្លាំង ព្រោះកុដិទាំង៣នេះក្រសួងបានចាត់ទុកជាសម្បត្តិបេតិកភណ្ឌជាតិ ហើយបានចុះក្នុងបញ្ជីរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញកាលពីឆ្នាំ២០១៧។សកម្មភាពនេះ កំពុងរង ការរិះគន់យ៉ាងផុលផុសពីមហាជនតាមរយៈបណ្ដាញសង្គម»។

លោកជំទាវរដ្ឋមន្ត្រីបានបន្តថា ក្នុងនាមក្រសួងជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែល មានតួនាទីនិងភារកិច្ចក្នុងការគ្រប់គ្រង ថែរក្សា ការពារសម្បត្តិតិកភណ្ឌវប្បធម៌ជាតិ ក្រសួងសូមបញ្ជាក់ទូលថ្វាយថា សកម្មភាពរើរុះនិងកម្ទេចកុដិចាស់ពុំបានសិក្សាពិគ្រោះ និងការអនុញ្ញាតពីក្រសួងធម៌និងវិចិត្រសិល្បៈ ជាទង្វើដែលផ្ទុយនឹងច្បាប់ ព្រមទាំងសារាចររបស់រាជរដ្ឋាភិបាលដែលជាឯកសារគតិយុត្តិជាធរមានដោយក្នុងសារាចរនោះបានបញ្ជាក់ថា រាល់ការជួសជុលព្រះវិហារ ឬសំណង់អគារបេតិកភណ្ឌត្រូវស្នើសុំការអនុញ្ញាតពី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលជាក្រសួងជំនាញ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ