• ច័ន្ទ ២៩ មេសា ២០២៤ ០៧:០៨ ព្រឹក

ថវិកាចំនួន ៨២,៧០៣ ដុល្លារអាមេរិក នៃការសម្ដែងសិល្បៈទស្សនីយភាព ក្នុងព្រឹត្តិការណ៍រាត្រីសមោសរសប្បុរសធម៌ ត្រូវបានប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា

ខេត្តសៀមរាប÷ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប នារាត្រីថ្ងៃសុក្រទី១៦ ខែធ្នូ ឆ្នាំ២០២២ បានប្រារព្ធរៀបចំ នូវព្រឹត្តិការណ៍ រាត្រីសមោសរសប្បុរសធម៌ ក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។   រាត្រីសមោសរសប្បុរសធម៌ ដែលបានប្រារព្ធរៀបចំនៅលើទឹកដីអង្គរដ៏ពិសិដ្ឋនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីចូលរួមអបអរសាទរខួប ៣០ ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ព្រឹត្តិការណ៍នេះ ក៏រៀបចំឡើងដើម្បីស្វែងរកថវិកាឧបត្ថម្ភគាំទ្រដល់មន្ទីរគន្ធបុប្ផា តាមរយៈការលក់សំបុត្រចូលទស្សនាការសម្ដែងសិល្បៈទស្សនីយភាពជាច្រើនទម្រង់ ជាមួយនឹងការទទួលទានអាហារពេលល្ងាច ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរបស់ក្រសួង-ស្ថាប័នក្នុងប្រទេស ក្រុមការងារអង្គការយូណេស្កូ អ្នកជំនាញការអន្តរជាតិ និងដៃគូអន្តរជាតិនៃគម្រោងផ្សេងៗនៅតំបន់រមណីយដ្ឋានអង្គរ និងបណ្ដាវិស័យក្រុមហ៊ុនឯកជន។សិល្បករសិល្បការិនី ក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធជាច្រើននាក់ ដែលអញ្ជើញមកពីសាលាមធ្យមវិចិត្រសិល្បៈ នាយកដ្ឋានសិល្បៈទស្សនីយភាព ក្លឹបសិល្បៈវប្បធម៌ ឱម យុវណ្ណឌី ក្រុមព្រះសូរិយា សហព័ន្ធយុទ្ធក្រមខម សាលាគុណល្បុក្កតោជ័យតេជៈ សមាគមលក្ខណ៍រ៉ៃយុងល្បុក្កតោ ក្រុមភ្លេងបុរាណទេពបុទុមវង្ស និងក្រុមល្បុក្កតោពេជ្រចរណៃ បានខិតខំរួមគ្នាបង្កើតបាននូវផ្ទាំងសិល្ប

ទស្សនីយភាពមួយដ៏អស្ចារ្យ បង្ហាញឱ្យឃើញនូវវប្បធម៌ អរិយធម៌ដ៏សម្បូរបែប និងវិសេសវិសាលបំផុតរបស់បុព្វបុរសខ្មែរយើង៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ