• ច័ន្ទ ២៩ មេសា ២០២៤ ១២:០៨ ល្ងាច

ក្រសួងវប្បធម៌បញ្ជាក់ថា សម្បត្តិវប្បធម៌ គឺជាមូលដ្ឋានគ្រឹះនៃអតីតកាល បច្ចុប្បន្នកាល និងអនាគតរបស់ជាតិសាសន៍នីមួយៗ

សៀមរាប÷លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា សម្បត្តិវប្បធម៌ គឺជាមូលដ្ឋានគ្រឹះនៃអតីតកាល បច្ចុប្បន្នកាល និងអនាគតរបស់ជាតិសាសន៍នីមួយៗ ដែលតម្រូវឱ្យបណ្តាប្រទេសអ្នកពាក់ព័ន្ធទាំងអស់រួមគ្នាការពារ និងទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់ឱ្យមានប្រសិទ្ធភាព ។ថ្លែងក្នុងសន្និសីទអន្តរជាតិ ស្តីពីការការពារ និងទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់៖ទស្សនពីអាស៊ាន នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍ថា សម្បត្តិវប្បធម៌ ឆ្លុះបញ្ចាំងពីអត្តសញ្ញាណ វប្បធម៌ ប្រាជ្ញា ចំណេះដឹង និងមោទនភាពជាតិសាសន៍មួយ។ សម្បត្តិវប្បធម៌រួមចំណែកដល់ពិភពលោក និងធ្វើឱ្យជីវិតរបស់យើងកាន់តែសម្បូរបែប តាមរយៈចំណេះដឹងវិទ្យាសាស្ត្រដែលបញ្ជ្រាបចូល ហើយដោយសារតម្លៃជាប្រវត្តិសាស្ត្រនិងភាពងាយខូចខាតរបស់សម្បត្តិវប្បធម៌ វាអាចជាកម្លាំងបង្រួបបង្រួមសម្រាប់ប្រជាជាតិ។ ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ពិភពលោកបានឈានចូលដល់ដំណាក់កាលនៃភាពមិនច្បាស់លាស់ និងអស្ថិរភាព។លោកជំទាវបញ្ចាក់ថាការការពារសម្បត្តិវប្បធម៌ទាំងនោះ សហគមន៍នឹងទទួលបានអត្ថប្រយោជន៍ពីតម្លៃសេដ្ឋកិច្ចរបស់ខ្លួន ដោយសារវាផ្តល់នូវការចិញ្ចឹមជីវិត និងការបង្កើតប្រាក់ចំណូល។ មុនពេលជំងឺរាតត្បាត សិល្បៈ និងវប្បធម៌គឺជាសក្តានុពលសម្រាប់ការងាររាប់លាន និងជាប្រភពនៃកំណើនសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍។

ទេសចរណ៍បេតិកភណ្ឌវប្បធម៌មានសារសំខាន់ជាពិសេសសម្រាប់សេដ្ឋកិច្ចរបស់អាស៊ាន ហើយវាត្រូវបានព្យាករណ៍ថាជាកត្តាជំរុញដ៏សំខាន់ដល់ការកសាងឡើងវិញនូវសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតក្នុងតំបន់។លោក Sardar Umar Alam អ្នកតំណាងយូណេស្កូប្រចាំកម្ពុជា  បានវាយតម្លៃ និងគាំទ្រកម្ពុជា ដែលបានរៀបចំសន្និសីទអន្តរជាតិស្តីពីការការពារសម្បត្តិវប្បធម៌ ដើម្បីជំរុញកិច្ចសន្ទនារវាងបណ្តាប្រទេសអាស៊ាន ឱ្យមានការអំពាវនាវរួមគ្នាសម្រាប់កិច្ចការពារសម្បត្តិវប្បធម៌ក្នុងតំបន់។ លោកបន្តថា សម្បត្តិបេតិកភណ្ឌដ៏សម្បូរបែបរបស់កម្ពុជា ត្រូវបានទទួលរងនូវការជួញដូរដោយខុសច្បាប់នូវវត្ថុបុរាណវប្បធម៌តាំងពីរាប់រយឆ្នាំមកហើយ៖ សិល្បៈខ្មែរត្រូវបានកោតសរសើរយ៉ាងខ្លាំងនៅទូទាំងពិភពលោក ហើយវត្ថុវប្បធម៌រាប់មិនអស់ត្រូវបានលួច និងលក់ដោយខុសច្បាប់នៅលើទីផ្សារសិល្បៈអន្តរជាតិ។ កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ និងក្នុងការចរចាដើម្បីប្រគល់ស្នាដៃល្អឯកដែលបានលួចនោះមកវិញ ដែលប្រជាជនកម្ពុជាចាត់ទុកថាសម្បត្តិវប្បធម៌ទាំងនោះជាសម្បត្តិដែលមានតម្លៃសិល្បៈ វិទ្យាសាស្ត្រ និងស្មារតីដ៏អស្ចារ្យសម្រាប់ប្រជាជាតិ។ អង្គការយូណេស្កូជឿជាក់ថា ការការពារ និងឆ្មាំមើលបេតិកភណ្ឌវប្បធម៌ពិភពលោក គឺជាមូលដ្ឋានគ្រឹះក្នុងការសម្រេចបាននូវរបៀបវារៈឆ្នាំ ២០៣០។ ជាថ្មីម្ដងទៀត លោកបានថ្លែងអំណរគុណចំពោះកម្ពុជា និងសមាជិកអាស៊ានសម្រាប់ការប្តេជ្ញាចិត្ត ក្នុងការទទួលស្គាល់នៃសក្តានុពលពេញលេញ នូវអនុសញ្ញាឆ្នាំ 1970 ក្នុងការអភិរក្សបេតិកភណ្ឌរួមជាតិ និងតំបន់ និងទប់ស្កាត់វិនាសកម្មនៃការជួញដូរ និងការលួចប្លន់ខុសច្បាប់ ដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន អត្តសញ្ញាណវប្បធម៌ និង ប្រវត្តិសាស្ត្រ សម្រាប់មនុស្សជំនាន់ក្រោយ៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ