• ច័ន្ទ ២៩ មេសា ២០២៤ ១៣:១៤ ល្ងាច

កម្ពុជាទទួលបានពានរង្វាន់ពិភពលោកចំនួន២ ជាប់ជាគោលដៅទេសចរណ៍វប្បធម៌ និងទេសចរណ៍យុវជនឈានមុខគេ ក្នុងទ្វីបអាស៊ីឆ្នាំ២០២២

ភ្នំពេញ)៖ យោងតាមកប្រភពព័ត៌មានពីក្រសួងទេសចរណ៍បានឲ្យដឹងថាកម្ពុជាទទួលបានពានរង្វាន់ពិភពលោកចំនួន២ពីស្ថាប័ន World Travel Awards ទីមួយគឺពានរង្វាន់គោលដៅវប្បធម៌ឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ២០២២ (Asia’s Leading Culture Destination 2022) និងទី២ពានរង្វាន់គោលដៅទេសចរណ៍យុវជនឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ២០២២ (Asia’s Leading Youth Travel Destination 2022)ក្រសួងបានជម្រាបថា មុនឈានដល់ការទទួលបានពានរង្វាន់ទាំងពីរនេះ ភ្ញៀវទេសចរប្រមាណ២លាននាក់ជុំវិញពិភពលោក បានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសប្រទេសកម្ពុជាជាគោលដៅទេសចរណ៍វប្បធម៌ និងជាគោលដៅទេសចរណ៍យុវជនឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ២០២២។ពិធីប្រគល់ពានរង្វាន់ទាំងនេះដែរត្រូវបានធ្វើឡើងនាព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE HCMC 2022 នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។ ឯកឧត្ដម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍ ជាអ្នកឡើងទទួលពានរង្វាន់ទាំងពីរនេះក្នុងនាមតំណាងរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា។លោក ថោង រដ្ឋសក្តិ បានឱ្យដឹងថា តាមរយៈការអនុវត្តនូវផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង, វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឆ្នាំ២០២១-២០២៣, ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២៥ ដំណាក់កាលទី២ (Recovery) និងឈរលើយុទ្ធសាស្ត្រចាក់ស្រោចវ៉ាក់សាំង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យកម្ពុជាមានសន្ទុះចំនួនភ្ញៀវទេសចរអន្តរជាតិកើនឡើង៥៨០ភាគរយក្នុងរយៈពេល៨ខែដើមឆ្នាំ២០២២ ដែលមានចំនួនជិត១លាននាក់។ កត្តាទាំងនេះធ្វើឱ្យកម្ពុជាត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតពីអ្នកទេសចរជាង២លាននាក់ ក្លាយជាម្ចាស់ពានរង្វាន់ចំនួន២ ក្រោមប្រធានបទ «គោលដៅសម្រាប់ទ្វីបអាស៊ី» ទីមួយគឺគោលដៅវប្បធម៌ឈានមុខគេក្នុងទ្វីបអាស៊ី២០២២ និងទីពីរគឺគោលដៅទេសចរណ៍យុវជនឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ២០២២។ ក្រៅពីកម្ពុជាក៏មានប្រទេសដទៃទៀតដែលទទួលបានពានរង្វាន់នេះដែរ ដូចជា ឥណ្ឌា ជប៉ុន ថៃ និង វៀតណាម និងប្រទេសដទៃទៀតសរុបចំនួន៣៥ប្រទេស។

លោក ថោង រដ្ឋសក្តិ បានបន្តថា អ្នកដំណើរអន្តរជាតិទាំងអស់មកទស្សនាកម្សាន្តនៅកម្ពុជា តាមរយៈការបើកឡើងវិញនូវ Visa-on-Arrival (Free Visa for ASEAN Travelers)។ ចំពោះភ្ញៀវទេសចរដែលចាក់វ៉ាក់សាំងពេញលេញអាចចូលមកតាមច្រកចេញ/ចូលប្រទេសគ្រាន់តែបង្ហាញកាត/វិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ១៩

រីឯភ្ញៀវទេសចរមិនបានចាក់វ៉ាក់សាំង គ្រាន់តែធ្វើតេស្តរហ័សតែប៉ុណ្ណោះ។ នេះសបញ្ជាក់ឱ្យឃើញថា «កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្តល់ភាពកក់ក្តៅ ស្អាត និងបៃតង»។

លោក ថោង រដ្ឋសក្តិ បានបង្ហាញការរំពឹងទុកថា តាមរយៈការដាក់ចេញនូវផែនទីចង្អុលផ្លូវស្តីពីផែនការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២៥, យុទ្ធនាការទស្សនាកម្ពុជាឆ្នាំ២០២៣ និងការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE HCMC 2022 នឹងជួយទាក់ទាញកំណើនវិនិយោគិន និងទេសចរវៀតណាមកាន់តែច្រើនថែមទៀត ព្រោះវៀតណាមជាទីផ្សារលំដាប់ទី២របស់កម្ពុជា ដែលមាន១៨៩,៧៨២នាក់ សម្រាប់រយៈពេល៧ខែដើមឆ្នាំ២០២២។សូមជម្រាបថា នេះគឺជាការប្រារព្ធខួបទី២៩ឆ្នាំរបស់ក្រុមហ៊ុនអន្តរជាតិ World Travel Awards ដែលបានប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ស្របពេលព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE HCMC 2022 ក្រោមប្រធានបទ «ការរីកចម្រើនឆ្ពោះទៅមុខទាំងអស់គ្នា - Growing Forward Together»៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ