• ច័ន្ទ ២៩ មេសា ២០២៤ ០៥:២៤ ព្រឹក

ក្រសួងវប្បធម៌និងស្ថានទូតអាមេរិក ដាក់ឲ្យដំណើរការកាតាឡុករបស់សារមន្ទីរខេត្តចំនួន៦សារមន្ទីរ តាមប្រព័ន្ធអ៊ីនធើណេត

នៅថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ នាយកដ្ឋានសារមន្ទីរ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានរៀបចំពិធីសម្ពោធ «ការដាក់ឲ្យដំណើរការកាតាឡុករបស់សារមន្ទីរខេត្ត ចំនួន០៦សារមន្ទីរ តាមប្រព័ន្ធអ៉ីនធើណេត» ដែលពីធីនេះនឹងប្រព្រឹត្តទៅនៅសារមន្ទីរជាតិកម្ពុជា។សេចក្តីប្រកាសព័ត៌មានរួមគ្នា រវាងក្រសួងវប្បធម៌ និងស្ថានទូតអាមេរិក បានឲ្យដឹងថា កាតាឡុករបស់សារមន្ទីរខេត្ត ចំនួន០៦សារមន្ទីរ ដែលដាក់ឲ្យដំណើរការជាផ្លូវការនៅលើប្រព័ន្ធអ៉ីនធើណេតនេះ ជាលទ្ធផលនៃគម្រោងរយៈពេល មួយឆ្នាំ (កញ្ញា ២០២១- សីហា ២០២២) របស់នាយកដ្ឋានសារមន្ទីរក្រោមកិច្ចគាំទ្ររបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ស្ដីពី «ប្រព័ន្ធទិន្នន័យសមុច្ច័យនៃសារមន្ទីរខេត្ត-ក្រុង» ឧបត្ថម្ភថវិកាដោយ ស្ថានទូតអាមេរិក។ សារមនី្ទរទាំង០៦ ដែលបានចូលរួមអនុវត្តគម្រោងនេះមាន សារមន្ទីរខេត្តតាកែវ សារមន្ទីរស្រុកអង្គរបុរី សារមន្ទីរខេត្តព្រៃវែង សារមន្ទីរខេត្តពោធិ៍សាត់ សារមន្ទីរខេត្តកំពង់ធំ និងសារមន្ទីរខេត្តកំពង់ឆ្នាំង។គម្រោងនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ពីរគឺ៖

ទី១.ដើម្បីកែសម្រួល និងពង្រីកប្រព័ន្ធទិន្នន័យសមុច្ច័យដែលសារមនី្ទរជាតិកម្ពុជាតាំងពីច្រើនឆ្នាំកន្លងមក ដើម្បីបំពាក់ប្រព័ន្ធនោះទៅដល់សារមន្ទីរខេត្ត

ទី២.ដើម្បីដាក់បញ្ចូលទិន្នន័យសមុច្ច័យរបស់សារមន្ទីរខេត្តទាំង០៦សារមន្ទីរ ទៅក្នុងកាតាឡុកដែលនឹងបង្ហោះលើប្រព័ន្ធអ៉ីនធើណិតដូចសារមនី្ទរជាតិបានធ្វើរួចមកហើយ តាំងពីឆ្នាំ២០១៤។បន្ទាប់ពីពិធីសម្ពោធជាផ្លូវការនេះ សាធារណជន អាចស្វែងរក ទិន្នន័យសមុច្ច័យរបស់សារមនី្ទរទាំង០៦ នៅលើប្រព័ន្ធអ៉ីនធើណេត ដោយចូលតាមគេហទំព័ររបស់សារមនី្ទរជាតិ www.cambodiamuseum.info។ ការដាក់បង្ហោះទិន្នន័យសមុច្ច័យទាំង ០៦នេះ ជាការចូលរួមថែរក្សា លើកតម្លៃ និងផ្សព្វផ្សាយអំពីសម្បត្តិបេតិកភណ្ឌខ្មែរទៅដល់មហាជន ជាពិសេសគឺសម្រួលដល់អ្នកស្រាវជ្រាវ ដែលមានបំណងស្វែងយល់បន្ថែមពីសម្បត្តិវប្បធម៌ខ្មែរនៅតាមបណ្តាខេត្ត។

សូមបញ្ជាក់ផងដែរថា គម្រោងខាងលើជាគម្រោងសាកល្បងដំណាក់កាលទី១។

នាយកដ្ឋានសារមន្ទីរក៏មានបំណងនឹងពង្រីកគម្រោងដូចគ្នានេះ ទៅដល់សារមន្ទីរខេត្តដទៃផ្សេងទៀតនៅថ្ងៃអនាគត ក្នុងគោលបំណងឲ្យសារមនី្ទរទាំងអស់ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រព័ន្ធទិន្នន័យវត្ថុក្នុងឃ្លាំងថ្នាក់ជាតិរួមគ្នាមួយ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ