• ច័ន្ទ ២៩ មេសា ២០២៤ ១២:០១ ល្ងាច

លោករដ្ឋមន្ត្រីប៉ានសូរស័ក្តិប្រកាសបើកការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ 2022

ខេត្តសៀមរាប÷តាមប្រភពព័ត៌មានពីក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា  នៅព្រឹកថ្ងៃទី 27 ខែធ្នូឆ្នាំ 2022 នេះការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ 2022 ត្រូវបានប្រកាសបើកការប្រកួតជាផ្លូវការក្រោមអធិបតីភាព  លោក  ប៉ានសូរស័ក្តិ  រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយានដោយមានការចូលរួមពី  លោក  យន់ លីនណេ  អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប,លោកស្រី  ឈុន  ណៃឈីវនាយិកា  ចាត់ការទូទៅនិងជាតំណាងក្រុមហ៊ុនHerbal Lifeព្រមទាំងលោក លោកស្រីដែលជាថ្នាក់ដឹកនាំនិងជាមន្ត្រីរាជការក្រសួងពាណិជ្ជកម្មមន្ត្រីរាជការអាជ្ញាធរខេត្តសៀមរាបក្រុមម៉ូតូ  BMW  កីឡាករ-កីឡាការិនីនិងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើនរូប។

ថ្លែងក្នុងឱកាសបើកការប្រកួតនេះ  លោកប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយានបានណែនាំកីឡាករ-កីឡាការិនីទាំងអស់ត្រូវឈរលើស្មារតីកីឡាដើម្បីសុខភាព,សន្តិភាពមិត្តភាព,សាមគ្គីភាពនិងបង្កើនគុណផលបច្ចេកទេសព្រមទាំងត្រូវមានការយោគយល់គ្នា គោរពឱ្យបានត្រឹមត្រូវតាមបទបញ្ជាបច្ចេកទេសនៃការប្រកួតដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់មិនគិតពីការយកឈ្នះចាញ់ឡើយ។

ជាមួយគ្នានេះ  លោកប្រធានសហព័ន្ធក៏បានស្នើដល់មន្ត្រីគណៈកម្មការបច្ចេកទេសសហព័ន្ធខ្មែរកីឡាទោចចក្រយាន  ត្រូវខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតជូនដល់កីឡាករ-កីឡាការិនីប្រកបដោយភាពយុត្តិធម៌មិនលម្អៀងនិងគោរពបានតាមបទបញ្ជាបច្ចេកទេសនៃការប្រកួតធ្វើការប្រកួតប្រព្រឹត្តទៅដោយរលូននិងទទួលបានជោគជ័យជាផ្លែផ្កា។

ឆ្លៀតក្នុងឱកាសនោះ  លោកប្រធានសហព័ន្ធបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ  ប្រតិភូដឹកនាំក្រុមកីឡាទោចចក្រយានទាំងអស់  ក្នុងកិច្ចរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទោចក្រយាននេះប្រកបដោយស្មារតីមិត្តភាព,សាមគ្គីភាពនិងគុណភាពជាពិសេសអាជ្ញាធរខេត្តសៀមរាបដែលបានសហការគ្នាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតខាងលើប្រកបដោយស្មារតីទទួលខុសត្រូវនិងយកចិត្តទុកដាក់ខ្ពស់ដែលញ៉ាំងឲ្យកម្មវិធីនេះទទួលបានកីឡាករ-កីឡាការិនីបានយ៉ាងច្រើនកុះករ។

លោកប្រធានបានបញ្ជាក់ថានេះជាការប្រកួតប្រចាំឆ្នាំចុងក្រោយហើយមុននឹងដល់ពេលដែលប្រទេសយើងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី32ឆ្នាំ2023 នាពេលខាងមុខនេះសម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ដល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ចំនួនព2ចំណុចគឺ÷

ទី 1 -ត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំឲ្យបានល្អទោះមិនបានឈ្នះមេដាយឬឈ្នះមេដាយតិចក្តី។

ទី2-ការឈ្នះមេដាយគឺត្រូវតែត្រឹមត្រូវនិងយុត្តិធម៌មិនត្រូវចងើឈ្នះមេដាយដោយរំលោភបំពានឬលក្ខន្តិកៈការប្រកួតឡើយ។

សូមជម្រាបជូនថាក្រោមគម្រោងថវិកាគាំទ្ររបស់ក្រសួងអប់រំយុវជននិងកីឡាដើម្បីអភិវឌ្ឍន៍សហព័ន្ធកីឡាជាតិឆ្ពោះទៅរកការប្រកួតកីឡាស៊ីហ្គេមលើកទី 32 ឆ្នាំ 2023 ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះសហព័ន្ធខ្មែរកីឡាទោចក្រយានសហការជាមួយរដ្ឋបាលខេត្តសៀមរាបរៀបចំការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ 2022 ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីឆ្នើមប្រចាំឆ្នាំសម្រាប់ហ្វឹកហាត់បំប៉នសមត្ថភាពត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី32 ឆ្នាំ 2023 និងការប្រកួតអន្តរជាតិនានាក្នុងពេលខាងមុខ៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ