• ច័ន្ទ ២៩ មេសា ២០២៤ ០៨:១៥ ព្រឹក

គុនខ្មែរត្រូវបានដាក់ជាផ្លូវការក្នុងស៊ីហ្គេមឆ្នាំ២០២៣ ដោយប្រើអត្តសញ្ញាណខ្មែរ

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី ៣២(CAMSOC) បានឱ្យដឹងថា គុនខ្មែរត្រូវបានដាក់ជាផ្លូវការក្នុងស៊ីហ្គេមឆ្នាំ២០២៣ ដោយប្រើអត្ត សញ្ញាណខ្មែរ បន្ទាប់ពីកម្ពុជា តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានផ្ញើលិខិតប្រាប់ទៅបណ្ដា ប្រទេសសមាជិកទាំងអស់ និងក្រោយកិច្ចប្រជុំថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធគុនខ្មែរ អន្ដរជាតិ ដែលមានការចូលរួមពីភាគីវៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា និង ឡាវ កាលពីថ្មីៗនេះ។

ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំពិសេសថ្នាក់ដឹកនាំគុនខ្មែរអន្តរជាតិ កាលពីពេលថ្មីៗនេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (CAMSOC) បានមានប្រសាសន៍ថា ការដាក់កីឡាគុនខ្មែរ លើកដំបូងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទទួលបានការគាំទ្រពីប្រទេសចំនួន៨លើ១១ប្រទេស ក្នុងតំបន់ អាស៊ាន រួមមាន ឡាវ, វៀតណាម, ថៃ, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី និង កម្ពុជា ម្ចាស់ផ្ទះ។

ឯកឧត្តម បានបន្តថា អ្វីដែលទទួលបានផ្លែផ្កាធំបំផុតនៅក្នុងកិច្ចប្រជុំនេះ គឺប្រទេសទាំង៨ បានឯកភាព ទៅលើបទបញ្ជាការប្រកួតមួយមានលក្ខណៈពិសេស ដែលបទបញ្ជាការប្រកួតនេះអាចចាប់ផ្តើមអនុវត្ត ប្រើប្រាស់ពីកម្ពុជា និងប្រើប្រាស់បានគ្រប់ប្រទេសផងដែរ។ ឯកឧត្តម បានបន្តទៀត ក្រៅពីការគាំទ្រដាក់គុនខ្មែរ ក្នុងស៊ីហ្គេមឆ្នាំ២០២៣នេះ ប្រទេសទាំង៨ក៏បាន គាំទ្រដល់កម្ពុជា ក្នុងការបន្ថែមវិញ្ញាសាសម្តែងមួយទៀត ថ្វាយបង្គំគ្រូ ឬគុនគ្រូ ។

ឯកឧត្តម បានបញ្ជាក់ថា ការដាក់គុណខ្មែរនេះ គឺប្រើប្រាស់អត្តសញ្ញាណខ្មែរសុទ្ធសាធ ដោយមិនប៉ះពាល់ ដល់ក្បាច់ប្រទេសណាមួយឡើយ ដោយរបៀបតុបតែងលម្អកាយ ប្រើក្រមាខ្មែរចងក្បាល ប៉ាក់ទង់ជាតិខ្មែរ ចំណែកប្រទេសផ្សេងជាសមាជិកក៏អាចប្រើក្រមាបាននិងប៉ាក់ទង់ជាតិរបស់ខ្លួនបានផងដែរ។ បន្ថែមពីនោះទៀត គឺប្រើអំបោះឆៅ ពាក់មួកការពារក្បាល ពាក់អាវការពារទ្រូង បិទកែង និងពាក់អាវការពារ ខ្លួន។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា គណៈកម្មាធិការជាតិ CAMSOC សហព័ន្ធកីឡាគុនខ្មែរអន្តរជាតិ និងសហព័ន្ធគុនខ្មែរ រួមគ្នាធ្វើបទបញ្ជានៃការប្រកួត គោលការណ៍បែបបទរៀបចំខ្លួនរបស់អត្តពលិក នៅតាមសង្វៀនប្រដាល់នានា ឱ្យដូចគ្នាចេញជាអត្តសញ្ញាណគំរូតែមួយ ទាំងក្នុងនិងក្រៅប្រទេស ដើម្បីឱ្យមានការឯកភាពជាតិទាំងមូល ឆ្ពោះទៅរកការអភិវឌ្ឍមួយប្រកបដោយចីរភាព សម្រាប់ក្បាច់គុន អត្តសញ្ញាណជាតិនេះ។

សំឡេង « អ៊ីចឹងនៅក្នុងកម្រិតនេះយើងបានឯកភាពគ្នា ទាំងអស់គ្នាថា យើងនឹងប្រើប្រាស់បទបញ្ជា ការប្រកួតមួយ មានទម្រង់ល្អប្រសើរមួយ ហើយគណៈកម្មាធិការជាតិ CAMSOC ក៏ដូចជាសហព័ន្ធកីឡា គុនខ្មែរអន្តរជាតិ សហព័ន្ធកីឡាគុនខ្មែរជាតិនិងរួមគ្នា ធ្វើបទបញ្ជាមួយ ហើយធ្វើទម្រង់បែបបទតុបតែងមួយ ឱ្យទៅគ្រប់ក្លឹប គ្រប់អ្នកប្រកួតទាំងអស់ ឱ្យមានការបង្ហាញចេញនូវអត្តសញ្ញាណជាតិ សម្រាប់ទៅថ្ងៃអនាគត ទៀត »។

ឯកឧត្តម បានបន្ថែមថា ចាប់ពីពេលនេះទៅ គុនខ្មែរនឹងពង្រីកខ្លួន ស្វែងរកសមាជិកទៅកាន់អន្តរជាតិឱ្យកាន់ តែច្រើនបន្ថែមទៀត តាមរយៈសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ ខណៈបច្ចុប្បន្នសមាជិកក្នុងតំបន់ អាស៊ីអាគ្នេយ៍ រួមអាស៊ី អាមេរិក និងអឺរ៉ុប មានចំនួន២៩ប្រទេសហើយ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ កម្ពុជាសល់រយៈពេល៩៥ថ្ងៃទៀតប៉ុណ្ណោះ នឹងឈាន ដល់ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ និងជាលើកដំបូងរបស់ខ្លួន ក្នុងប្រវត្តិសាស្ត្រ៕

ប្រភព:RNK

អត្ថបទពេញនិយម

ពត៍មានថ្មីៗ