• ច័ន្ទ ២៩ មេសា ២០២៤ ០៨:១២ ព្រឹក

មក​ដឹង​តម្លៃ​សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​ពានរង្វាន់ AFF U23 Championship 2022

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់ AFF U23 Championship 2022 ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ នឹង​ត្រូវ​ចាប់ផ្ដើម​ធ្វើ​ពី​ថ្ងៃ​ទី​១៤ កុម្ភៈ ឆ្នាំ​២០២២ ខាង​មុខ​នេះ​ហើយ​នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ។ ទោះបី​សំបុត្រ​ចូល​ទស្សនា​នៅ​មិន​ទាន់​ដាក់​លក់​ជា​ផ្លូវការ​ក្ដី ក៏​តម្លៃ​សំបុត្រ​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ដែរ​។

យោង​តាម​ផេ​ក​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ សំបុត្រ​ចូលទស្សនាការ​ប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​AFF U23 Championship នឹង​ត្រូវ​ដាក់​លក់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១០ កុម្ភៈ នេះ​ហើយ ។ តម្លៃ​សំបុត្រ​ត្រូវ​បាន​បែងចែក​ជា​៤​ប្រភេទ​រួម​មាន​៖ ប្រភេទ​ទី​១​តម្លៃ​៣០.០០០​រៀល​មាន​ចំនួន​៦.៧៨៩​កៅអី​, ប្រភេទ​ទី​២​មាន​តម្លៃ​២០.០០០​រៀល​មាន​ចំនួន​៣.០២៩​កៅអី​, ប្រភេទ​ទី​៣​មាន​តម្លៃ​១៤.០០០​រៀល​មាន​ចំនួន​៩.៧៧៣​កៅអី និង​ប្រភេទ​ទី​៤​មាន​តម្លៃ​៨.០០០​រៀល​មាន​ចំនួន​៦.៨៤៨​កៅអី ។

តាម​ការ​ឱ្យ​ដឹង​បន្ថែម ចំពោះ​ចំនួន​កៅអី​ដែល​សហព័ន្ធ​បាន​កំណត់​នេះ​គឺ​ត្រូវ​បាន​កាត់​ចេញ​អស់​ចំនួន​៥០% បាន​ន័យ​ថា ចំនួន​ទស្សនិកជន​ចូល​ទស្សនា អនុញ្ញាត​បាន​ត្រឹមតែ​៥០%​នៃ​ចំនួន​សរុប​ប៉ុណ្ណោះ​។ នៅ​មាន​លក្ខខណ្ឌ​ជា​ច្រើន​ទៀត​ដែល​សហព័ន្ធ​នឹង​ជម្រាប​ជូន​នៅ​ពេល​ក្រោយ​។

ទន្ទឹម​គ្នា​នេះ​ដែរ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ក៏​បាន​ចេញ​កម្មវិធី​ប្រកួត​រួច​ហើយ​សម្រាប់​ពូ​ល​Aដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ដូច​ខាងក្រោម​៖

-ថ្ងៃ​ទី​១៤ កុម្ភៈ ក្រុម​ជម្រើសជាតិ​កម្ពុជា​ត្រូវ​ជួប​ជាមួយ​ក្រុម​ជម្រើសជាតិ​ព្រុយ​ណេ នា​វេលា​ម៉ោង៧​យប់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។

-ថ្ងៃ​ទី​១៧ កុម្ភៈ ក្រុម​ជម្រើសជាតិ​កម្ពុជា​ជួប​ជាមួយ​ក្រុម​ជម្រើសជាតិ​ហ្វី​លី​ពី​ន​នា​វេលា​ម៉ោង​៧​យប់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ​និងថ្ងៃ​ទី​២០ កុម្ភៈ ក្រុម​ជម្រើសជាតិ​កម្ពុជា​ត្រូវ​ជួប​ជាមួយ​ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត​នា​វេលា​ម៉ោង​៧​យ​ប់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ដូច​គ្នា​។

គួរ​បញ្ជាក់​ថា AFF U23 Championship 2022 ត្រូវ​បាន​បែងចែក​ជា​៣​ពូ​ល​គឺ​៖
-ពូ​ល​A មាន​កម្ពុជា ព្រុយ​ណេ ហ្វ៊ី​លី​ពី​ន និង​ទី​ម័​រ​ខាងកើត
-ពូ​ល​B មាន​ឥណ្ឌូ​ណេ​ស៊ី ម៉ា​ឡេ​ស៊ី មី​យ៉ា​ន់​ម៉ា​និង​ឡាវ និង
-ពូ​ល​C មាន​ថៃ វៀតណាម និង​សិង្ហ​បូ​រី​៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ