• ច័ន្ទ ២៩ មេសា ២០២៤ ១០:៤៧ ព្រឹក

ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា នឹង​ត្រូវ​ជួប​ក្រុម​ជម្រើសជាតិ​ឡាវ

 

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា នឹង​ត្រូវ​ជួប​ក្រុម​ជម្រើសជាតិ​ឡាវ នា​វេលា​ម៉ោង​៤​និង​៣០​នាទី​​ថ្ងៃទី​​​១៥ ធ្នូ ស្អែក​​នេះ​(​ម៉ោង​នៅ​កម្ពុជា​)​ដែល​ជា​ជំនួប​លើក​ទី​៣​ក្នុង​ពូ​ល B នៃ​ពានរង្វាន់​បាល់ទាត់​ជើងឯក​អាស៊ី​អាគ្នេយ៍ AFF Suzuki Cup 2020 នៅ​ទឹកដី​ម្ចាស់ផ្ទះ​សិង្ហ​បុរី​។

លោក Ryu Hirose គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​កូនក្រុម​ខ្លួន​ដោយ​រំពឹង​ថា ពួក​គេ​នឹង​ធ្វើ​បាន​ល្អ​ក្នុង​ជំនួប​លើក​ទី​៣​នេះ ។ គ្រូបង្វឹក​ជនជាតិ​ជប៉ុន​រូប​នេះ និយាយ​ថា «​យើង​រំពឹង​ថា កីឡាករ​ទាំង​យុវជន និង​កីឡាករ​ដែល​មានបទពិសោធន៍​ច្រើន​ពី​ការ​ប្រកួត​អន្ដរជាតិ នឹង​បង្ហាញ​ការ​លេង​ល្អ និង​ភាព​ស៊ីចង្វាក់​គ្នា​បាន​ល្អ​សម្រាប់​ការ​ប្រកួត​នេះ​»​។
លោក V.Salvaraj គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ឡាវ បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ក្រុម​គោព្រៃ​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ​ក្រុម​លោក Keisuke Honda និង​គ្រូបង្វឹក​លោក Ryu Hirose ជាមួយ​ភាព​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ក្នុង​ការ​លេង​ជា​ក្រុម ។ ដូច្នេះ​លោក​ថា ជំនួប​លើក​នេះ មិន​ងាយស្រួល​សម្រាប់ឡាវ​នោះ​ទេ​។

កីឡាករ​ជម្រើសជាតិ​ឡាវ Phoutthasayក៏​បាន​មើលឃើញ​ពី​ការ​អភិវឌ្ឍ​នៃ​ទម្រង់​លេង​របស់​កម្ពុជា​ថា​ពិតជា​ខ្លាំង​មិនធម្មតា​ដែរ ។

Phoutthasay បាន​លើក​ឡើង​ថា​៖«​កម្ពុជា​មានការ​អភិវឌ្ឍ​ច្រើន មាន​ស្ទីល​លេង​ល្អ​ ។ របៀបនៃ​ការ​លេង​ពិត​ខុស​ប្លែក​ពី​មុន​ឆ្ងាយ​ណាស់ ។ ពួក​គេ​លេង​បាល់​ខ្លី​និង​លឿន​ជាង​មុន ។ យ៉ាងណា ពួក​យើង​នឹង​ព្យាយាម​ឲ្យ​អស់ពី​លទ្ធភាព​ដើម្បី​រក​គ្រាប់​បាល់​គ្រប់​ប្រកួត​»​។

គួរ​ឱ្យ​ដឹងផង​ដែរ​ថា មុន​ប៉ះ​ឡាវ​នៅ​ល្ងាច​នេះ ក្រុម​កម្ពុជា បាន​ចាញ់​ម៉ា​ឡេ​ស៊ី​១-៣​ក្នុង​ជំនួប​បើកឆាក និង​បន្ត​ចាញ់​ឥណ្ឌូ​ណេ​ស៊ី​២-៤​ក្នុង​ជំនួប​ទី​២របស់​ខ្លួន ។ ចំណែក​ឡាវ​មុន​ប៉ះ​កម្ពុជា បានចាញ់​វៀតណាម​២-០​ក្នុង​ជំនួប​បើក​ឆាក​ដំបូង ចាញ់​ម៉ា​ឡេ​ស៊ី​៤-០ និង​ចាញ់​ឥណ្ឌូ​ណេ​ស៊ី​៥-១ ។ តាម​រយៈ​លទ្ធផល​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា កម្ពុជានៅ​មាន​សង្ឃឹម​តិចតួច​ក្នុង​ការ​ឡើង​វគ្គ​បន្ត​ ចំណែក​ឡាវ​បាន​បាត់បង់​ឱកាស​អស់ហើយ​។

ដូច្នេះ​ចាំ​មើល​ជួប​ឡាវ​ល្ងាច​នេះ តើ​កម្ពុជាអាច​ស្ដារ​មុខមាត់​របស់​ខ្លួន​បាន​ដែរ​ឬទេ? ​ក្នុង​ពេល​ក្រុម​ទាំង​ពីរ​មាន​ប្រវត្តិ​ជួប​គ្នា​គ្រប់​ក្រប​ខណ្ឌចំនួន​១២​លើក​ក្នុង​នោះ​កម្ពុជា​ឈ្នះ​៥ ស្មើ​៣ និង​ចាញ់​៤ បែប​នេះនោះ ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ