• ច័ន្ទ ២៩ មេសា ២០២៤ ០៣:១២ ព្រឹក

សម្ដេចពិជ័យសេនាផ្ដល់អនុសាសន៍ 6 ចំណុចដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ 2023

ភ្នំពេញ÷សម្តេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ 2023 បានណែនាំនិងផ្ដល់អនុសាសន៍ចំនួន 6 ចំណុចបន្ថែមដើម្បីធានាការអនុវត្តភារកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ ឲ្យមានប្រសិទ្ធភាពក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី32 និងអាស៊ានប៉ារ៉ាហ្គេមលើកទី12ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សម្ដេចសេនាទៀបាញ់បានណែនាំនិងផ្ដល់អនុសាសន៍ទាំង 6 ចំណុចនេះក្នុងឱកាសអញ្ជើញត្រួតពិនិត្យនិងសំណេះ សំណាលកងកម្លាំងនៃគណៈកម្មការសន្តិសុខនិងសណ្ដាប់ ធ្នាប់ចំនួន 4374 នាក់នៅព្រឹកថ្ងៃទី 19ខែមករាឆ្នាំ 2023 នេះក្នុងនោះរួមមាន÷

ទី1÷គណៈកម្មការសន្តិសុខសណ្ដាប់ធ្នាប់សហការជាមួយគណៈការពាក់ព័ន្ធនៃគណៈកម្មការជាតិCAMSOCធ្វើបច្ចុប្បន្នភាពផែនការការពារជាប្រចាំនិងត្រូវដាក់ចេញនូវវិធានការជាក់ស្ដែងដើម្បីពង្រឹងសុវត្ថិភាពសន្តិសុខនិងសណ្ដាប់ធ្នាប់ឲ្យមានប្រសិទ្ធភាពសម្រាប់ព្រឹត្តិការណ៍ SEA Games-ASEAN para Game23។ ជាមួយគ្នានេះខិតខំប្រមូលព័ត៌មាននិងធ្វើការវិភាគវាយតម្លៃស្ថានការណ៍សន្តិសុខរួមនៅកម្ពុជាសភាពការណ៍តំបន់និងសកលលោកដើម្បីកំណត់វិធានការគន្លឹះបម្រើឲ្យសកម្មភាពអនុវត្តន៍ជាក់ស្ដែងបានទាល់ពេលវេលា។

ទី2÷ធ្វើការហ្វឹកហ្វឺនបំប៉នជំនាញបន្ថែមដល់កម្លាំងសន្តិសុខនិងសណ្ដាប់ធ្នាប់ដែលមានសមត្ថភាពនិងបទពិសោធន៍ការពារព្រឹត្តិការណ៍ធំៗជាលក្ខណៈជាតិនិងអន្តរជាតិនាពេលកន្លងមកដើម្បីឲ្យស្របទៅនឹងស្ថានភាពជាក់ស្ដែង។ខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍន៍ដើម្បីកៀរគរស្វែងរកការគាំទ្រេជាមធ្យោបាយឧបករណ៍សម្ភារៈបច្ចេកទេសនិងផ្លាស់ប្ដូរបទពិសោធន៍,ពង្រឹងយន្តការទំនាក់ទំនងព័ត៌មានសន្តិសុខ,ធ្វើការវិភាគវាយតម្លៃនិងចាត់វិធានការបានទាន់ពេលវេលាសម្រាប់បម្រើឲ្យព្រឹត្តិការណ៍SEA Games -ASEAN para Games 2023។

ទី3÷ធ្វើការផ្សព្វផ្សាយដល់កងកម្លាំងជំនាញគ្រប់ប្រភេទសំដៅលើកកម្ពស់ស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការពង្រឹងនិងគ្រប់គ្រងស្ថានការណ៍សន្តិសុខសណ្ដាប់ធ្នាប់សាធា រណៈនៅទូទាំងប្រទេសឲ្យមានប្រសិទ្ធភាពធានាបរិយាកាសសន្តិសុខរួមនិងគាំទ្រដល់ព្រឹត្តិការណ៍នៃការប្រកួតកីឡាSEA Games-ASEAN para Games 23។

ទី4÷ផ្សព្វផ្សាយផែនការពាក់ព័ន្ធដល់គ្រប់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្តពិសេសរាជធានីខេត្តរៀបចំព្រឹត្តិការណ៍SEA Game-ASEAN Para Games 2023 សំដៅលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការដឹកនាំកម្លាំងធានាសន្តិសុខសណ្ដាប់ធ្នាប់សាធារណ:និងសុវត្ថិភាពសង្គមគាំទ្រសុវត្ថិភាពព្រឹត្តិការណ៍ប្រតិការប្រកួតកីឡាSEA Games-ASEAN para Games 2023តាមផែនរបស់គណៈកម្មការជាតិCAMSOCបានកំណត់។

ទី5÷កម្លាំងការពារទាំងអស់ត្រូវអនុវត្តន៍ភារកិច្ចប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ធ្វើជាគំរូល្អនៅគ្រប់ទិដ្ឋភាពគ្រប់កាយវិការគ្រប់ពេលវេលាគ្រប់ទីកន្លែងនិងផ្ដល់ស្នាមញញឹមរួសរាយរាក់ទាក់តាមអភិក្រម"សុវត្ថិភាពរបស់អ្នកគឺជាកាតព្វកិច្ចរបស់ខ្ញុំ"។ ជួយផ្សព្វផ្សាយលើកទឹកចិត្តដោយយុវជននិងប្រជាពលរដ្ឋចូលរួមគាំទ្រនិងស្នេហាវិស័យកីឡាក្រោមពាក្យស្លោក"កីឡារស់ក្នុងសន្តិភាព""ប្រជាជនម្នាក់លេងកីឡាមួយមុខ""កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍"និង"កម្ពុជាស្អាត"។

ទី6÷លោកបណ្ឌិតថោងខុនអនុប្រធានអចិន្ត្រៃយ៍, លោកវ៉ាត់ចំរើនអគ្គលេខាធិការនិងលោកបណ្ឌិតឈនសុភាពប្រធានគណៈកម្មការហិរញ្ញវត្ថុនិងផ្គត់ផ្គង់ផ្តល់កិច្ចសម្របសម្រួលនិងឧបត្ថម្ភគាំទ្រទាំងស្មារតីនិងសម្ភារៈជូនគណៈកម្មការសន្តិសុខសណ្ដាប់ធ្នាប់តាមសំណូមពរដែលបានលើកឡើងតាមផែនការគម្រោងថវិការបស់គណៈកម្មការជាតិCAMSOC។

សូមជម្រាបថាព្រឹត្តិការណ៍កីឡាដ៏ធំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបើតាមអ្វីដែលបានគ្រោងទុកនោះសម្រាប់កីឡាស៊ីហ្គេមនឹងបើកជាផ្លូវការនៅថ្ងៃទី 5 ខែឧសភាឆ្នាំ 2023 និងសម្រាប់កីឡាអាស៊ានប៉ារ៉ាហ្គេមនឹងធ្វើឡើងនៅថ្ងៃទី 1 ខែមិថុនា 2023៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ