• ច័ន្ទ ២៩ មេសា ២០២៤ ០២:០៤ ព្រឹក

ការបង្កើតគម្រោងថ្មីដើម្បីបង្វែរជីវភាពអ្នកនេសាទធម្មតាឲ្យក្លាយទៅជាអ្នកជំនួញវារីវប្បកម្ម

ភ្នំពេញ÷លោកឌិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខា ប្រមាញ់និងនេសាទនិងថ្នាក់ដឹកនាំក្រសួងជួបពិភាក្សាការងារជាមួយលោកស្រីSadrine BOUCHERនាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំនៅកម្ពុជា(AFD)នាព្រឹកថ្ងៃព្រហស្បតិ៍ទី 19 ខែមករាឆ្នាំ 2023 ។

ក្នុងជំនួបនេះលោករដ្ឋមន្ត្រីក្រសួងកសិកម្មនិងលោកស្រីSandrine BOUCHERបានពិភាក្សាអំពីកម្មវិធីគម្រោងដែលកំពុងអនុវត្តនិងគម្រោងសម្រាប់ពេលអនាគតក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្មនិងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំនៅកម្ពុជា។

លោករដ្ឋមន្ត្រីបានលើកឡើងអំពីការបង្កើតគម្រោងថ្មីដើម្បីបង្វែរជីវភាពអ្នកនេសាទធម្មតាឲ្យក្លាយទៅជាអ្នកជំនួញវារីវប្បកម្ម។នៅក្នុងការអនុវត្តគម្រោងទៀតសោតលោកឌិតទីណាបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការគ្រប់គ្រងនិងការចំណាយថវិកាដែលទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់។

លោករដ្ឋមន្ត្រីក៏បានស្នើឲ្យមានការសិក្សាអំពីការដាក់ បញ្ចូលគ្នារវាងការទទួលបានកម្ចីនិងការធានារ៉ាប់រងដើម្បីជួយឲ្យកសិករមានលទ្ធភាពសងត្រឡប់។លោករដ្ឋមន្ត្រីក៏បានលើកឡើងផងដែរអំពីការកាត់បន្ថយនូវថ្លៃដើមនិងកម្លាំងពលកម្មដូចជាការប្រើប្រាស់ថាមពលសូឡានៅពេលថ្ងៃនិងការប្រើប្រាស់ថាមពលអគ្គិសនីនៅពេលយប់សម្រាប់បូមទឹកដែលមានតម្លៃទាបសម្រាប់វិស័យកសិកម្ម។

សូមបញ្ជាក់ថាពីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំនៅកម្ពុជាគឺជាដៃគូសហប្រតិបត្តិការមួយចាំបាច់ក្នុងការអភិវឌ្ឍវិស័យកសិកម្មដោយក្នុងនោះរួមមានការអភិវឌ្ឍសមត្ថភាពការស្រាវជ្រាវនិងការបង្កើតថ្មីក្នុងបរិបទនៃបម្រែបម្រួលអាកាសធាតុនិងទីផ្សារនាំចេញ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ